លោក សម រង្ស៊ី បញ្ជាក់ថា​រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​កសិករ​ខ្មែរ​

​ក្នុងឱកាស​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង កាលពីពេល​ថ្មីៗ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​រិះគន់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ថា គ្មាន​សមត្ថភាព​ដឹកនាំ​នយោបាយ​សេដ្ឋកិច្ច​ឲ្យ​បានល្អ​នោះទេ ទើប​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អត់​ការងារ​ធ្វើ ពិសេស​កសិករ​ខ្មែរ​នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន ហើយ​បញ្ហា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​ខ្មែរ​នៅតែ​ទន់ខ្សោយ​ជាង​ប្រទេសជិតខាង និង​ក្នុង​តំបន់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​កសិករ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បាន​រិះគន់ថា​អ្នកដឹកនាំ​បច្ចុប្បន្ន​អត់​បានគិត​គូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ​ដែល​ខុសពី​អ្នកដឹកនាំ​ប្រទេស​ផ្សេងៗ​ដែល​គេ​បារម្ភ គេ​មាន​សមត្ថភាព គេ​ស្រឡាញ់​យុត្តិធម៌ គេ​មិន​បណ្តែតបណ្តោយ និង​គេ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​របស់គេ​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា រដ្ឋអំណាច​ខ្មែរ​បច្ចុប្បន្ន​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​វេទនា កសិករ​ដាំ​អី​ដាំ​ទៅ ដាំ​ដុះ​មិន​ដុះ​ហី​ទៅ ប្រមូល​ផល​បាន​ច្រើន ឬ​តិច​អត់​រវល់ លក់បាន​ថ្លៃ ឬ​ថោក​អត់​រវល់ លក់​ចំណេញ ឬ​ខាត​ក៏​អត់​រវល់ ងាប់​អ្នកណា​ងាប់​ទៅ​គេ​អត់​រវល់​ទេ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​បញ្ជាក់ថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ឡើងទៅ​ដឹកនាំ​ប្រទេស គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កែទម្រង់ និង​រៀបចំ​ប្រទេស​ឲ្យ​ប្រសើរ​ឡើងវិញ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ផ្លាស់ប្ដូរ​គោលនយោបាយ និង​រៀបចំ​ប្រទេស​ឡើងវិញ តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធានា​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ​ជា​ធ្លុង​មួយ និង​មានការ​អភិវឌ្ឍ​ពិតប្រាកដ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា លោក សម រង្ស៊ី បញ្ជាក់ថា ប្រជាពលរដ្ឋ​ត្រូវតែ​ផ្តល់​ក្តីសង្ឃឹម​មកដល់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​សង្គម​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​បាន​។ លោក សម រង្ស៊ី បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ បងប្អូន​ខ្មែរ​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​ទឹកដី អាណិត​ប្រជារាស្ត្រ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​តិ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ព្រះអាទិត្យ​រះ​ហើយ មេឃ​ភ្លឺ​ហើយ បងប្អូន​ខ្មែរ​ភ្ញាក់​ហើយ ក្រោក​ហើយ​ដើរ​ទៅរក​ពន្លឺព្រះអាទិត្យ ដើរ​ទៅរក​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

12108841_975530539170346_6796137499940725592_n 12079500_975530339170366_3083909530776281794_n