Chelsea ត្រូវចំ​ណោ​យ​ប្រាក់​ឲ្យ Jose Mourinho ៣៧.៥ លាន​ផោន​បើ​បណ្ដេញ​ចេញពី​ក្លិប​មុន​បញ្ចប់​កុងត្រា

កីឡា​៖​ម្ចាស់​ក្លិប​តោ​ខៀវ Chelsea លោក Roman Abramovich បាន​និយាយថា លោក​នឹង​ប្រឈមមុខ​នូវ​ការបង់ប្រាក់​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ប្រមាណ​ជា​៣៧.៥​លាន​ផោន​ទៅ​ឲ្យ​លោក Jose Mourinho ប្រសិនបើ​លោក​បណ្ដេញ​អ្នកចាត់ការ​រូបនេះ​ចេញពី​ក្លិប​នៅមុន​បញ្ចប់​កិច្ចសន្យា​។ 

​    ​គ្រូបង្វឹក របស់​ក្លិប​តោ​ខៀវ Chelsea សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ​៥២​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល ៣​ទៀត​ក្នុង​ការដឹកនាំ​ក្លិប​ជើងឯក​កាលពី​រដូវ​មុន​មួយ​នេះ ប៉ុន្តែ​អាច​នឹង​រង្គោះរង្គើ​តំណែង​បន្ទាប់ពី​ដឹកនាំ​មិនបាន​ល្អ​ទាល់តែសោះ​នៅ​ប៉ុន្មាន​ប្រកួត​ដើមរដូវ​កាល​ថ្មី​នេះ ។​

​    ​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Daily Star បាន​ឲ្យ​ដឹងថា ក្លិប​តោ​ខៀវ Chelsea បាន​ចំណាយ​ទឹកប្រាក់​បណ្ដេញ​អ្នកដឹកនាំ​ចេញពី​ក្លិប​មុន​បញ្ចប់​កិច្ចសន្យា​ជាច្រើនរូប​មកហើយ​ផងដែរ​ក្នុងនោះ​រួមមាន​លោក Luiz Felipe Scolari (​ចំណាយ​ទឹកប្រាក់ ១២.៦​លាន​ផោន​) លោក Carlo Ancelotti (​ចំណាយ​ទឹកប្រាក់​៦​លាន​ផោន​) និង​លោក Andre Villas-Boas (​ចំណាយ​ទឹកប្រាក់​១២​លាន​ផោន​)​។​

​    ​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្លិប​តោ​ខៀវ Chelsea កំពុង​ស្ថិតនៅ​លំដាប់​ទី​១៦​នៃ​តារាង​ក្នុង​ក្របខ័ណ្ឌ English Premier League៕

Chelsea ត្រូវចំ​ណោ​យ​ប្រាក់​ឲ្យ Jose Mourinho ៣៧.៥ លាន​ផោន​បើ​បណ្ដេញ​ចេញពី​ក្លិប​មុន​បញ្ចប់​កុងត្រា