សភា​វៀតណាម​ត្រូវគេ​រំពឹងថា​នឹង​ផ្តល់​សច្ចានុម័ត​​លើ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម TPP យ៉ាង​ងាយ​ស្រួល

សភា​វៀតណាម​ត្រូវគេ​រំពឹងថា​នឹង​ផ្តល់​សច្ចានុម័ត​​លើ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម TPP យ៉ាង​ងាយ​ស្រួល

រូប​ភាព​ឯកសារ​ ៖ រដ្ឋ​មន្រ្តី​តំណាង​ប្រទេស​ទាំង​១២​នៅ​ក្នុងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP នៅ​ក្នុង​សនិ្នសីទ​កាសែត​នា​ពេល​កន្លង​មក​ នៅ​កោះ​ហាវ៉ៃ​ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០១៥។​

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ TPP ឬ TPP (Trans Pacific Partnership)ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​អនុម័ត​យ៉ាង​ងាយ​ស្រួល​ពី​សំណាក់​សភា​វៀត​ណាម ទោះ​ជា​កិច្ច​ព្រម​ព្រៀង​ដដែល​នេះ ប្រឈម​នឹង​ការប្រឆាំង​ពី​សំណាក់​អ្នក​នៅ​មាន​ការ​មន្ទិល​សង្ស័យក្នុង​សភា​ស.រ.អា.​ក៏​ដោយ។

កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ មាន​គោល​បំណង​កាត់​បន្ថយទំនិញ​ក្នុង​តារាង​ពន្ធ​គយ​ ព្រម​ទាំង​ដាក់​ឲ្យ​មាន​ស្ថង់​ដា​ទូទៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ពាក់​ព័ន្ធ​ ​រួម​មាន​ប្រទេស​វៀតណាម និងស.រ.អា.។

ពេល​នេះ​ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ការ​ការ​ផ្តល់​សច្ចានុម័ត​ពី​សំណាក់សភា​ក្នុង​ប្រទេស​នីមួយៗ។​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ក្រុម​មន្ត្រី​និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទទួល​ស្វាគមន៍​យ៉ាង​ខ្លាំង ​នោះ​ ទំនង​ជា​នឹង​ទទួល​បាន​ការ​ផ្តល់​សច្ចានុម័ត​យ៉ាង​ងាយ​ស្រួល។

លោក Dinh Suan Thao ប្រធាន​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​នៃ​សភា​បាន​ថ្លែង​ថា ​លោក​រំពឹង​ថា​វៀតណាម​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​ ដើម្បី​ទទួល​យក​កិច្ច​ព្រម​ព្រៀង​ TPP។ លោក​ថា​វៀតណាម​ទទួល​ការ​លំបាក​សម្រាប់​រយៈ​ពេល​ខ្លី ដើម្បី​យក​ផល​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រយៈ​ពេល​វែង​ឆ្ងាយ។

លោក​ថ្លែង​ថា​ នៅ​មាន​ការ​ខ្វែង​គំនិត​គ្នាស្តីពី​រឿង​សិទ្ធិ​របស់​សហជីព​កម្មករ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ ដែល​ជាបញ្ហា​រកាំ​រកូស​មួយ​ ដែល​លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​បាន​លើក​ឡើង​ក្នុង​អំឡុង​យុទ្ធនាការ​របស់​លោក ដើម្បី​ជម្រុញ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​នោះ៕​