ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​ងាក​មក​ប្រើប្រាស់​ទំនិញ​មានគុណ​ភាព

រាជធានី​ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា បើ​ទោះបីជា​ឆ្នាំ​នេះ ត្រូវ​បាន​ធនាគារពិភពលោក​ព្យាករ​មានការ​ធ្លាក់​ចុះ​បន្ដិច​ក្តី ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ​ដដែល ។ ទន្ទឹម​នឹង​នេះ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​កត់​សម្គាល់ថា ពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​រស់នៅ​ទីប្រជុំជន និង​ក្នុង​រាជធានី ហាក់ដូចជា​ផ្លាស់​ប្ដូរ​បរិបទ​នៃ​ការ​រស់នៅ​ច្រើន ដែល​អាច​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ប្រើប្រាស់​ផលិតផល​ម៉ាក​ល្បី​ៗ ទំនើប​ៗ​ដែល​នាំ​ចូល​ពី​បរទេស ពិសេស​នៅ​ពេល​មានកម្ម​វិធី​ពិព័រណ៍​អន្តរជាតិ និង​កម្មវិធី​ប្រ​មូ​សិន​បញ្ចុះតម្លៃ​ម្ដង​ៗ ។ ជាក់ស្តែង​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ម៉ាក​ល្បី​ៗ​ដែល​មាន​បញ្ចុះតម្លៃ​ពិសេស ចាប់ពី​៥០%​ទៅ​៨០% ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​១​ម៉ឺន​នាក់ ពិសេស​យុវវ័យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដែល​បាន​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពរ​ណ៍​កោះ​ពេជ្រ ។

ទំនិញ​បញ្ចុះតម្លៃ​ម៉ាក​ល្បី​ៗ​ទាំងនេះ ដូច​ជា Adidas, Pedro, Charles & Keith, Lily, U.R.S & inc ត្រូវ​បាន​ដាក់​បង្ហាញ និង​លក់​យ៉ាងច្រើន​ពាល​ពេញ​ក្នុង​សាល​ពិព័រណ៍ និង​មាន​មនុស្ស​ម្នា​ដើរ​ចេញចូល​ឥត​ឈប់​ឈរ ចាប់តាំងពី​ថ្ងៃ​ទី​២​រហូត​ដល់​ថ្ងៃ​ទី​៤ ខែតុលា ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ម៉ី​ង​វួ​យ គ្រុប ខូ​អិ​ល​ធី​ឌី ។

ការ​តាំងពិព័រណ៍​នេះ ចាប់ផ្តើម​បើក​ស្វាគមន៍​អតិថិជន​ចាប់ពី​ម៉ោង​៩​ព្រឹក រហូត​ដល់​ម៉ោង​៩​យប់​ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​បី​ថ្ងៃ ។ ទន្ទឹម​នឹង​នេះ ដោយសារ​តែ​ប្រជាជន​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ពិព័រណ៍​នេះ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​មាន​អ្នក​គ្រាំ​ទ្រ​ផលិតផល​ម៉ាក​ដែល​នាំ​ចូល​ពី​បរទេស មានការ​ផុលផុស​ចូលរួម​យ៉ាងច្រើន ជា​ហេតុ​ធ្វើ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ឈប់​មុន​ម៉ោង​កំណត់ នៅ​ថ្ងៃ​ទី​១​នៃ​ការ​តាំងពិព័រណ៍​នេះ ។

ការ​គាំទ្រ និង​ទិញ​យ៉ាង​គំហុក​របស់​អ្នក​អតិ ថិ​ជន បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​សម្រេចចិត្ត​ពន្យារ​ដំណើរការ​កម្មវិធី​ចំនួន​ពីរ​ថ្ងៃ ថែម​ទៀត គឺ​នៅ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែ តុលា ។

លោកស្រី ឃួ​ន ដា​វី អ្នកគ្រប់គ្រង​ទីផ្សារ នៃ​ក្រុមហ៊ុន​ម៉ី​ង​វួ​យ គ្រុប ខូ​អិ​ល​ធី​ឌី បាន​មាន​ប្រសាសន៍​ថា ៖ «​គម្រោង​របស់​យើង​តាម​ការ​ពិត​ទៅ ធ្វើ​ឡើង​តែ​៣​ថ្ងៃ​ទេ ប៉ុន្តែ​ដោយសារ​មានការ​គាំទ្រ​ពី​អតិថិជន​ច្រើន អី​ុ​ចឹ​ង​យើង​ក៏​មានការ​ពន្យារពេល​បន្ថែម​ពីរ​ថ្ងៃ​ទៀត ព្រោះ​មាន​អតិថិជន​ខ្លះ គាត់​អត់​ទាន់​បាន​ទិញ​ទេ នៅ​៣​ថ្ងៃ​ដំបូង » ។

លោកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​បិទ​ការ​តាំងពិព័រណ៍​នៅ​ថ្ងៃ​ដំបូង ដោយហេតុ​ថា​មាន​អតិថិ​ន​ជា​ច្រើន​ដែល​លើស​ពី​ចំនួន​កំណត់ និង​លើស​ពី​ការ​រំពឹង​ទុក ធ្វើ​ឲ្យ​មានការ​ផ្អាក​ការ​តាំងពិព័រណ៍​ជា​បណ្តោះអាសន្ន​សិន និង​បាន​បន្ត​នៅ​ថ្ងៃ​បន្ទាប់ ។

លោកស្រី​បាន​បន្ថែម​ថា ៖ « ក្នុង​មួយ​ថ្ងៃ​ៗ​យើង​ទទួល​បាន​អតិថិជន​ប្រហាក់ប្រហែល​ជាង​២០០០​នាក់ ដូច្នេះ​យើង​អាច​រាប់​ឃើញ​ថា មាន​ភ្ញៀ​ង​អញ្ជើញ​មក​សរុប​ប្រមាណ​ជា​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ » ។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស៊ី​វិ​ល័យ ព្រមទាំង​ទឹកមុខ​ស្រស់ស្រាយ ក្នុង​ដៃ​មាន​កាន់​អីវ៉ាន់​ពេញ​មួយ​ថង់​ធំ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់​មក​ទី​នេះ​ជា​លើក​ដំបូង និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កម្មវិធី​ពិព័រណ៍ ហើយ​បាន​ទិញ​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​ស្ថិត​ក្នុង​តម្លៃ​ពិសេស ដោយសារ​ទើបតែ​ទទួល​បាន​ដំណឹង​លើ​ការ​បញ្ចុះតម្លៃ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ។

អ្នកស្រី រស់ សុរិយា ជា​មេផ្ទះ បាន​មាន​ប្រសាសន៍​ថា ៖ « ថ្ងៃនេះ​ខ្ញុំ​ទិញ​សុទ្ធតែ​ស្បែកជើង​កីឡា Adidas ចំនួន​បួន​គូរ​សម្រាប់​កូន​ៗ​ខ្ញុំ​ពាក់​ទៅ​សាលា តែ​នៅ​មិន​ទាន់​រក​ឃើញ​របស់​សម្រាប់​ខ្លួន​នៅឡើយ ។ ស្បែកជើង​ទាំងអស់​ហ្នឹង ចំណាយ​អស់​សរុប​ប្រហែល​២៤០​ដុល្លារ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​ថ្លៃ​ទេ ព្រោះ​វា​ត្រូវ​បាន​បញ្ចុះតម្លៃ​ច្រើន​រួច​ហើយ ។ បើ​យើង​គិត​ពី​តម្លៃ​ពេញ​វិញ ស្បែកជើង​បួន​គូរ​នេះ សឹង​មិន​ស្មើនឹង​តម្លៃ​ដើម​១​គូ​ផង » ។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ តុលា កន្លង​មក​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ថយ​ចុះ​បន្តិច​នៅ​ត្រឹម​៦,៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ពី​៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៤​។ ទោះបី​យ៉ាងណា កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំងក្លា និង​រឹង​មាំ ដែល​ជា​ហេតុផល​បង្ហាញ​ពី​ជីវភាព​កាន់តែ​ប្រសើរ​របស់​ប្រជាជន​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ។

ដោយឡែក យុវជន​ម្នាក់​ក្នុង​ចំណោម​អតិថិជន​រាប់រយ​នាក់​ដែល​កំពុង​ដើរ​ទិញ​ទំនិញ​បញ្ចុះតម្លៃ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​ដែល​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​គួរ​ប្រើប្រាស់​ផលិតផល​ម៉ាក​ល្បី​នៅឡើយ​ទេ ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​អតិផរណា​ពី ៣%​ទៅ​៤% កើត​ឡើងជា​រៀង​រាល់​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​អ​និ​ភ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ ។

លោក ញ៉ៅ អេ​ង​គៀ​ម ជា​និស្សិត​ឆ្នាំ​ទី​៥ ផ្នែក​សំណង់​ស៊ី​វិល នៃ​សាក​វិទ្យាល័យ​ន័​រ​តុ​ន បាន​និយាយ​ថា ៖ « កាលណា​មាន​អតិផរណា ធ្វើ​ឲ្យ​ទំនិញ​លើ​ទីផ្សារ​មានការ​កើនឡើង តែ​ប្រាក់​ចំណូល​របស់​ប្រជាជន​នៅ​មាន​កម្រិត​ទាប ព្រោះ​យើង​មើលឃើញ​ថា ប្រាក់​ចំណូល​ជា​ធ​ម្យ​ម​របស់​គាត់​ចំនួន​ប្រហែលជា​១៥០​ដុល្លារ​សោះ ។ អី​ុ​ចឹ​ង បើ​យើង​ចំណាយ​លើ​របស់​ម៉ាក​ល្បី​ៗ​នោះ វា​ត្រូវ​ចំណាយ​ច្រើន ដូច្នេះ​ប្រាក់​ដែល​នៅ​សល់​នោះ នឹង​មិន​អាច​ទប់ទល់​នឹង​ជីវភាព​រស់នៅ​បាន​ទេ ហើយ​នេះ​នៅ​មិន​ទាន់​គិតដល់​កត្តា​សុខភាព​ផង​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ ឬ​អ្នក​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ចាប់ពី​១៥០០ ទៅ​២០០០​ដុល្លារ​នោះ គាត់​អាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ម៉ាក​បាន » ។

បើ​តាម​សម្តី​អ្នកគ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន ម៉ី​ង​វួ​យ គ្រុប ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ថា មាន​អតិថិជន​ក្នុង​លំដាប់​កណ្តាល​ប្រមាណ​៦០​ភាគរយ ដែល​ក្នុង​នោះ​ភាគច្រើន​ជា​បុគ្គលិក​ការិយាល័យ និង​ថ្នាក់ខ្ពស់ និង​ថ្នាក់ទាប ប្រមាណ​៤០​ភាគរយ បាន​អញ្ជើញ​មក​មើល និង​ទិញ​ផលិតផល​ក្នុង​ពិព័រណ៍​រយៈពេល​៥​ថ្ងៃនេះ ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ មាន​ប្រសាសន៍​ថា ៖ « នៅ​ពេល​ដែល​យើង​ព្យាយាម​ប្រមើល​ទុកជា​មុន​នូវ​ស្ថានភាព​នា​ពេល​អនាគត នោះ​យើង​នឹង​ដើរទៅ​កាន់​ភាព​មិន​ប្រកដប្រជា ។ ប៉ុន្តែ​យើង​រំពឹង​ទុក​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​រីក​ចម្រើន​ឡើង​ខ្លាំង​(​ពី​៦,០​ភាគរយ ទៅ​៧,០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​) ហើយ​វា​នឹង​រាប់​ទុក​ថា ប្រជាជន​ខ្មែរ​នឹង​មាន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ប្រសើរ​ជាង​មុន ហើយ​ភាព​ក្រីក្រ​នឹង​ត្រូវ​បាន​កាត់​បន្ថយ » ៕