​តំណាង UNICEF ថ្មី សន្យា​បន្ត​គាំទ្រ​រដ្ឋាភិបាល លើ​ការងារ​អភិវឌ្ឍន៍

ភ្នំពេញ: តំណាង UNICEF ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​អំពី​គោលជំហរ​របស់ ខ្លួន នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​អភិវឌ្ឍន៍ ជាពិសេស​បន្ត​កិច្ចសហការ​ល្អ ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដើម្បី​លើកកម្ពស់​សុខភាព និង​កាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​ជនបទ​។​

​ក្រសួង​អភិវឌ្ឍន៍ជនបទ បានប្រកាសថា នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ​លោកស្រី Debora Comini តំណាង UNICEF ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​នៅក្នុង​ជំនួប​នេះ លោក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​លោកស្រី ដែល​បាន​អញ្ជើញ មក​បំពេញបេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​ទស្សនៈវិស័យ និង​បេសកកម្ម​របស់ ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅតាម​ជនបទ​។

​លោក ជា សុផារ៉ា បាន​បញ្ជាក់ថា ក្រសួង​មាន​តួនាទី​សំខាន់ ក្នុងការ​អភិវឌ្ឍ ផ្លូវ​ជនបទ ការ​ផ្ត​ត់​ផ្គង់​ទឹកស្អាត និង​អនាម័យ ការអភិវឌ្ឍ​សហគមន៍​ចម្រុះ និង​ការផ្តល់​ឥណទាន​ជនបទ ដោយ​កៀរគរ​ឲ្យ​មានការ​ចូលរួម​គាំទ្រ ពី​ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ផងដែរ​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​បុគ្គលិក Unicef ទាំងអស់ ដែល​តែងតែ​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​អភិវឌ្ឍ​ប្រទេស ជាពិសេស​បាន​ជួយ​ឲ្យ​កម្ពុជា សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍ សហស្ស​វត្សរ៍ ឆ្នាំ​២០១៥ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដែលជា​វិស័យ​សំខាន់​មួយ សម្រាប់​ការលើកកម្ពស់ សុខភាព​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី Debora Comini បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​លោក​រដ្ឋមន្ត្រី រួមទាំង​មន្ត្រីរាជការ​ក្រសួង ដែល​បានផ្តល់​ការសហការ​ល្អជា​មួយ Unicef នាពេល​កន្លងមក​។ ជាមួយគ្នានេះ លោកស្រី បាន​បញ្ជាក់ថា Unicef នឹង​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​អភិវឌ្ឍន៍ ជាពិសេស​បន្ត​កិច្ចសហការ​ល្អ ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដើម្បី​លើកកម្ពស់​សុខភាព និង​កាត់បន្ថយ​កង្វះ​អាហារូបត្ថម្ភ របស់​ប្រជាពលរដ្ឋ នៅតាម​ជនបទ ។

​លោកស្រី ក៏បាន​ស្នើសុំ​ឲ្យ​ក្រសួង ជួយ​គាំទ្រ​ដល់​ការរៀបចំ ទិន្នន័យ​ទឹកស្អាត និង​អនាម័យ​ឲ្យ​កាន់តែ មាន​ភាពល្អប្រសើរ និង​ការបង្កើត​ឲ្យ​មាន​ជន​បង្គោល​សម្រាប់​ត្រៀម​បង្ការ និង​ឆ្លើយតប លើក​បញ្ហា​ទឹកស្អាត និង​អនាម័យ នៅពេល​មាន​គ្រោះមហន្តរាយ កើតមានឡើង​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តី​រីករាយ ចំពោះ​ការគាំទ្រ​របស់ UNICEF ចំពោះ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល និង​បានបង្ហាញ​ការគាំទ្រ ចំពោះ​ការលើកឡើង​របស់ UNICEF ។ ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ និង​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស ដើម្បី​ធានា​ឲ្យ​ការអនុវត្ត​ការងារ​នេះ មានការ​រីកចម្រើន ប្រកបដោយ​និរន្ត​ភាព និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។

​លោក​បាន​បន្តថា ក្រសួង​នឹង​ខិតខំ កៀរគរ​ការគាំទ្រ ពី​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ដាក់បញ្ចូល ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ទៅក្នុង​គម្រោង​ផ្សេងៗ ដើម្បី​ឲ្យ​អនុវត្ត​ព្រម​គ្នា គឺ​កសាង​ផ្លូវ ផ្គត់ផ្គង់​ទឹក អប់រំ​អនាម័យ និង​ការងារ​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ នៅតាម​ជនបទ ឲ្យ​កាន់តែ​ប្រសើរឡើង​៕V​/S

​តំណាង UNICEF ថ្មី សន្យា​បន្ត​គាំទ្រ​រដ្ឋាភិបាល លើ​ការងារ​អភិវឌ្ឍន៍

​តំណាង UNICEF ថ្មី សន្យា​បន្ត​គាំទ្រ​រដ្ឋាភិបាល លើ​ការងារ​អភិវឌ្ឍន៍