សហជីពចាប់ផ្តើម យុទ្ធនាការ ទាមទារប្រាក់ឈ្នួល កម្មករ១៦០ដុល្លារ នៅមុខរោងចក្រ ជាង៦០

ភ្នំពេញ ៖ ក្រុមសហជីពចំនួន៦ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ បាននឹងកំពុងចាប់ផ្តើមធ្វើយុទ្ធនាការទាមទារប្រាក់ខែ គោលកម្មករ១៦០ដុល្លារ នៅតាមបណ្តារោងចក្រទូទាំងប្រទេស ក្រោយកម្មករឈប់ សម្រាក់បាយថ្ងៃត្រង់។

ការធ្វើយុទ្ធនាការថ្ងៃ ដំបូងរបស់ក្រុមសហជីពនេះ ស្របពេលទិវាការងារ សមរម្យក្នុងពិភពលោកថ្ងៃទី៧តុលា។ ក្រុមសហជីពបានធ្វើឡើងនៅតាមគោលដៅផ្សេងៗគ្នាដែលបានកំណត់។ យុទ្ធនាការទាមទារប្រាក់ ឈ្នួល១៦០សម្រាប់ឆ្នាំ២០១៦នេះ ក៏បានធ្វើឡើងក្រោយពេលដែលនិយោជកយល់ព្រមត្រឹមតែ១៣៣ដុល្លារ ក្នុងមួយខែ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃទី ៧តុលា ថា គោលដៅរបស់ក្រុមលោកនេះ បានធ្វើឡើងនៅម្តុំរោងចក្រ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ។

លោកបញ្ជាក់ថា “សហជីពរបស់យើងបានសម្រេចគ្នាថា នឹងជួបជុំគ្នាមួយភ្លែតពេលម៉ោងសម្រាក់បាយ នៅតាមរោងចក្រនីមួយៗ ដើម្បីបង្ហាញសារអំពីលក្ខខណ្ឌការងារសមរម្យ ការងារល្អ មិនរើសអើង មិនបង្ខំ ធ្វើការថែមម៉ោង និងប្រាក់ខែសមរម្យតែប៉ុណ្នឹងទេ”។

សូមបញ្ជាក់ថា ការចរចាត្រីភាគីដែលធ្វើឡើងដោយមានសហជីព កម្មករ និយោជក និងក្រសួងការងារ ដើម្បីពិភាក្សាលើប្រាក់ឈ្នួលកម្មករឆ្នាំ២០១៦រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦តុលា នៅក្រសួងការងារ មិនទាន់មានការឯកភាពគ្នាទេ ដោយនិយោកជកព្រមតម្លើង៤ភាគរយលើប្រាក់ខែចាស់១២៨ដុល្លារ៕