សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការ លើសំណុំរឿងលោក ហុង សុខហួរ នៅរសៀលនេះ

ភ្នំពេញ៖ លោក ជួង ជូងី មេធាវីការពារក្តីឲ្យសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានថ្លែងថា សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តបើកសវនាការលើសំណុំរឿងរបស់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ។

កាលពីថ្ងៃទី០២ ខែតុលា កន្លងទៅ សាលាដំបូងបានបើកសវនាការលើសំណុំរឿងរបស់លោក ហុង សុខហួរ ម្តងរួចទៅហើយ ប៉ុន្តែកាលណោះ មិនបានពិភាក្សាទៅលើអង្គសេចក្តីទេ គ្រាន់តែពិចារណាទៅលើសំណើសុំនៅក្រៅឃុំ ដែលស្នើដោយលោកមេធាវី ជួង ជូងី។

គួររម្លឹកថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពី លោកធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែខៃខ្លឹមសារដើម នៃសន្ធិសញ្ញា នេះ ហើយបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី។

លោក ហុង សុខហួរ ត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកានចំនួន ៣ករណីរួមមាន៖ បទ ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ ទងនឹងផែនទី និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម៕

សាលាដំបូងរាជធានីភ្នំពេញ បន្តបើកសវនាការ លើសំណុំរឿងលោក ហុង សុខហួរ នៅរសៀលនេះ