អំពើពុករលួយ​របស់​លោក មឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្តតាកែវ ត្រូវបាន​លាតត្រដាង

មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា លោក មឹង វី​រិ​យ៉ា ដែលជា​ប្រធាន​មន្ទីរ ប្រព្រឹត្ត​អំពើពុករលួយ​បក្ខ​និយម​យ៉ាង​ក្រាស់ឃ្មឹក និង​ប្រើ​អំណាច​ហួសហេតុ​ទៀតផង​។ ដោយសារ​អត់ធ្មត់​តទៅទៀត​លែង​បាន​ទើប​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ការងារ​ខេត្តតាកែវ ជាង​២០​នាក់​ក្នុងចំណោម​ជាង​៣០​នាក់​បាននាំគ្នា​ផ្ដិតមេដៃ​ប្ដឹងទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដកហូត​លោក មឹង វី​រិ​យ៉ា ចេញពី​តំណែង​។ មជ្ឈដ្ឋាន​នានា​រង់​ចាំ​មើលថា លោក អ៊ិត សំហេង ចាត់វិធានការ​បែបណា​ទៅលើ​លោក មឹង វី​រិ​យ៉ា ព្រោះ​អំពើអាក្រក់​របស់​មន្ត្រី​រូបនេះ ត្រូវបាន​គេ​លាតត្រដាង​រួចទៅហើយ​។

​អំពើអាក្រក់​របស់លោក មឹង វី​រិ​យ៉ា មានដូចជា ញុះ​ញូ​ង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​ឈ្លោះ​គ្នា​មិន​ទុកចិត្ត​គ្នា បែកបាក់​សាមគ្គី រហូត​មន្ត្រី​ខ្លះ​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ ដោយ​លោក មឹង វី​រិ​យ៉ា ចេញមុខ​ធ្វើ​សាក្សី​ឲ្យ​ដើមបណ្ដឹង​យ៉ាង​ក្រអឺតក្រទម​។ ជាងនេះទៅទៀត​លោក មឹង វី​រិ​យ៉ា បាន​គំរាម​មន្ត្រីក្រោមឱវាទ​នៅក្នុង​អង្គប្រជុំ​ថា គាត់​មាន​លុយ​៥០០០​ដុល្លារ​អាមេរិក សម្រាប់​ប្ដឹង​មន្ត្រី​ណា​ម្នាក់​ដែល​ហ៊ាន​និយាយ​រឿង​ប៉ះពាល់​ដល់​កិត្តិយស​របស់គាត់​។ អ្វីដែល​អាក្រក់​បំផុត​នោះ​លោក មឹង វី​រិ​យ៉ា បាន​អួតអាង​ក្ដែ​ងៗ​ថា គាត់​ប្ដឹង​ឲ្យ​ជាប់គុក​រយៈ​២​ខែ​ទៅ​៣​ខែ​សម្រាប់​មន្ត្រី​ដែល​ហ៊ាន​និយាយ​ប៉ះពាល់​អំពើអាក្រក់​របស់គាត់ ព្រោះ​គាត់​មាន​បងប្អូន​ធ្វើការ​ធំ​និង​ជា​មន្ត្រី​តុលាការ​ចាំ​ជួយ​ថែមទៀត​។ លោក មឹង វី​រិ​យ៉ា ប្រព្រឹត្ត​អំពើ​បក្ខពួកនិយម​យ៉ាង​គឃ្លើន ហើយ​បែងចែក​ផលប្រយោជន៍​សម្រាប់តែ​អ្នក​ដែល​ស្និទ្ធ​ជាមួយ​ខ្លួន រីឯ​អ្នកណា​មិន​គាំទ្រ​អំពើអាក្រក់​របស់គាត់ ត្រូវ​គាត់​គំរាមកំហែង​សព្វបែបយ៉ាង​។

​មន្ត្រីរាជការ​មន្ទីរ​កា​រងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាន​លាតត្រដាង​អំពើអាក្រក់​របស់លោក មឹង វី​រិ​យ៉ា ទៀតថា លោក មឹង វី​រិ​យ៉ា បុគ្គល​នេះ​តែងតែ​គំរាម​លើ​មន្ត្រីក្រោមឱវាទ​គ្រប់ពេលវេលា ហើយ​អ្នកណា​ហ៊ាន​ប៉ះពាល់​មនុស្ស​របស់គាត់ គឺ​គាត់​មិន​ទុក​ឲ្យ​មាន​សេចក្ដីសុខ​ឡើយ​។ លើស​នេះ​ទៅទៀត​លោក មឹង វី​រិ​យ៉ា ក្នុងនាម​ជា​ប្រធាន​មន្ទីរ បាន​ប្រើ​អំណាច​ហួសហេតុ​ដូចជា អះអាងថា​គាត់​នឹង​យក​មនុស្ស​ពី​ក្រៅ​ឬ​ពី​ក្រសួង​មក​ធ្វើជា​អនុប្រធាន​មន្ទីរ ឬ​ប្រធានការិយាល័យ​ជាដើម​។ ដោយសារតែ​អំពើអាក្រក់​ហួសហេតុ​របស់លោក មឹង វី​រិ​យ៉ា ទើប​មន្ត្រីរាជការ​មន្ទី​រកា​រងារ​ខេត្តតាកែវ បាន​ប្ដឹង​ឲ្យ​លោក អ៊ិត សំហេង ដកហូត​លោក មឹង វី​រិ​យ៉ា ចេញពី​តំណែង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

art11.1​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ seee