​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម អំពាវនាវ​ឱ្យមាន​ការចូលរួម​បរិច្ចាគ​ឈាម ក្នុងពេល​បុណ្យ​ភ្ជុំ​

ភ្នំពេញ​: ក្នុងអំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានប្រកាស​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​ជួយ​រំលែក​ទុក្ខ ទៅដល់​ជនរងគ្រោះ និង​សេចក្ដីត្រូវការ​ឈាម នៅតាម​មន្ទីរពេទ្យ ដោយ​មជ្ឈមណ្ឌល​កំពុង​មានការ​ព្រួយបារម្ភ​ថា នឹងមាន​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរ និង​គ្រោះថ្នាក់​ផ្សេងៗ​។​

​លោក ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​មានប្រសាសន៍ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​អំពាវនាវ ទៅកាន់​សប្បុរសជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យចូល​រួម​ធ្វើ​កុសលផល​បុណ្យ​តាមរយៈ​ការផ្តល់​អំណោយ​ឈាម សម្រាប់​ជួយសង្គ្រោះ ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់ ដែលមាន​មិត្តភក្តិ បងប្អូន សាច់ញាតិ ក្រុមគ្រួសារ និង​ជនរងគ្រោះ​ថ្នាក់ ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ អំណោយ​ឈាម ប្រមាណ​៣៥​ភាគរយ បានមកពី​សប្បុរសជន និង​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ដ ហើយ​ប្រមាណ​ជាង ៦០ ភាគរយ​ទៀត បានមកពី​ប្រភព​ក្រុមគ្រួសារ​អ្នកជំងឺ ដែល​បានរួម​ចំណែក ជួយ​បំពេញ​បង្គ្រប់ ទៅតាម​តម្រូវការ​របស់​អ្នកជំងឺ ដែល​កំពុង​ត្រូវការ និង​តាម​ការអំពាវនាវ​រប​ស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។​

​លោក​បាន​ពន្យល់ថា ជាធម្មតា កម្មវិធី​វះកាត់​ជំងឺ​ផ្សេងៗ នៅតាម​មន្ទីរពេទ្យ ហាក់ដូចជា​មានការ​ថយចុះ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្ដែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរ ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ត្រៀម​បម្រុង​ឈាម​ទុក សម្រាប់​ជួយសង្គ្រោះ អាយុជីវិត​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា​។​

​លោក ហុក គឹម​ចេង បាន​អះអាងថា សម្រាប់​ឆ្នាំ​២០១៥​នេះ តម្រូវការ​ឈាម មានការ​កើនឡើង ជាង​ឆ្នាំ​២០១៤ កន្លងមក ក្នុងនោះ​តម្រូវការ​ឈាម ក្នុង​មួយថ្ងៃៗ មាន​ប្រមាណ​ជាង ១០០ ប្លោក ហើយ​បើ​គិត​ជា​មធ្យម ក្នុង​មួយខែៗ តម្រូវការ​ឈាម សម្រាប់​ជួយសង្គ្រោះ ដល់​ជនរងគ្រោះ គឺមាន​ប្រមាណ​ជាង បី​ពាន់​ប្លោក សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​ប្រៀបធៀប​ជាមួយ​ថ្ងៃ​ធម្មតា ទៅនឹង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​តម្រូវការ​ឈាម គឺមាន​ការថយចុះ ប៉ុន្ដែ​អ្វីដែល​មជ្ឈមណ្ឌល មានការ​ព្រួយបារម្ភ គឺ​ការត្រៀម​ឈាម សម្រាប់​ជួយ សង្គ្រោះបន្ទាន់ ខណៈពេល​ដែលមាន​គ្រោះថ្នាក់​ចរាចរ ឬ​គ្រោះថ្នាក់​ផ្សេង ក្នុងអំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ជាមួយគ្នានេះ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុងឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​ត្រៀម ស្វែងរក​អំណោយ​ឈាម ឱ្យបាន​ច្រើន​រាប់រយ​ប្លោក ដើម្បី​ទុក​ជួយសង្គ្រោះ ដល់​អ្នក​ដែល​រងគ្រោះ និង​អ្នកជំងឺ អ្នក​ដែល​ទទួលរង​គ្រោះថ្នាក់​ផ្សេងៗ ដែល​ត្រូវការ​ឈាម​ចាំបាច់​៕V​