អ្នក​​លក់​បុកល្ហុង ​ត្រូវ​ក្មេង​ទំនើង​៣​នាក់​ស្ទាក់​កាប់​ប្រហារ​ស្ទើរ​ស្លាប់

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ក្មេង​ទំនើង​​មាន​គ្នា​​៣​នាក់ ​បាន​ព្រួត​គ្នា​​វាយ​ទាត់​ធាក់ ​និងកាប់​ទៅ​លើអ្នកលក់​បុកល្ហុង​ម្នាក់​ឈ្មោះ ធី ស៊ី​រ៉ាត់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ​កាល​ពី​​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៦ តុលា ២០១៥ ​នៅ​​លើ​កំណាត់​ផ្លូវលំ​មួយ ស្ថិត​នៅ​​ក្នុងភូមិឈូកស​ណ្ត​ល់ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ​បុរស​​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្តកំពង់ចាម​ទាំង​យប់ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​បាន​​ឲ្យ​ដឹង​ថា ក្រោយ​ពី​​​ជិះ​ម៉ូតូកង់​បី​ដើរ​លក់​​ល្ហុង​បុក​តាម​ភូមិ​នានា​រួច​មក ​អ្នក​រង​គ្រោះ​​បាន​ធ្វើ​ដំណើរ​​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ភូមិប្រផាត់ ឃុំ​រកា​ព​ប្រាំ ​ស្រុក​ត្បូងឃ្មុំ មិន​ទាន់​នឹង​ដល់​​ផ្ទះ​ផង​ ​​ស្រាប់​តែ​​​​ក្មេង​ទំនើង​៣​នាក់​មិនស្គា​ត់​អត្តសញ្ញាណ​មក​ស្ទាក់​វាយ​យ៉ាង​ចាស់ដៃ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ។

លោក​​អធិការរង​នគរបាល​ស្រុក​ បាន​បន្ត​ថា ​ក្រោយ​ពី​បាន​វាយ​និង​កាប់លើ​​​បុរស​រង​គ្រោះ​រួច​​ហើយ ​ក្រុម​បង្ក​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ​បន្ទាប់​មក​អ្នក​ភូមិ​ក្បែរ​នោះ​ចេញ​មក​ឃើញ​ហេតុ​ការ​ណ៍​​នេះ ​ក៏​ប្រញាប់​រាយ​ការ​ណ៍ទៅលោកនាយ​​នគរ​បាល​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ  ។​ ដោយ​បាន​ដឹកនាំ​កម្លាំង​​​ចុះ​មក​កាន់​កន្លែង​កើតហេតុ ​​ហើយ​​បាន​ហៅ​រថយន្ត​មក​ដឹក​អ្នក​រង​គ្រោះ​​​របួស​​​ធ្ងន់​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ ។ 

ជុំវិញ​ករណី​នេះ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌស្រុក​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដោយ​បាន​សួរនាំ​សាក្សី​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ តុលា ទើប​ស្គាល់​អត្ត​សញ្ញាណ​ក្រុម​ជន​ដៃដល់  ដែល​​​កាប់​ប្រហារ​លើ​​​បុរស​អ្នក​លក់​បុកល្ហុង​​ ត្រូវ​ចំ​២​កាំបិត ​គឺ​ដៃ​និង​ក្បាល ​របួស​ធ្ងន់​​​ឈាមហូរ​ស្រោច​ពេញ​ខ្លួន​​តែ​ម្តង ​។ ​​

លោក​វរ​សេនី​យ៏​ត្រី ​បាន​បញ្ជាក់​ថា ​ជាមួយនឹង​ហេតុ​ការ​ណ៏ខាងលើ​នេះ​ ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៏​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ ​ចាត់​ឲ្យ​កម្លាំងជំនាញ​ស្រុក​តាម​ប្រមាញ់​ចាប់ខ្លួន​​ជន​​ដៃ​ដល់​​ទាំង​៣​នាក់​នោះ ​។ ទោះ​​បីជា​​​យ៉ាង​​ណា​ក្តី​ សមត្ថកិច្ច​​បាន​​រៀបចំ​អន្ទាក់​បណ្តាក់​ដូច​ខ្យង​ ដើម្បី​តាម​ប្រមាញ់​ក្រុម​ជន​ទាំងនោះឲ្យ​ទាល់តែ​បាន  ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕                                                                                                            ​