បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ឡើងតុលាការ ចោទពីបទ «រំលោភលើទំនុកចិត្ត និងករណី ប្រើប្រាស់គ្រឿងញៀន»

កំពត៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តកំពត កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥នេះ ពាក់ព័ន្ធនឹងករណី «រំលោភលើទំនុកចិត្ត និងប្រើប្រាស់គ្រឿងញៀន» ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា ប្រធានមន្ទីរយុត្តិធម៌ (អ.ហ) ខេត្ត បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា៖ ជនសង្ស័យ ឈ្មោះប៉ាន់ រ៉េម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន «ប៊ុនណា ចាន់ធឿន» លក់ត្រាក់ទ័រ គោយន្ត រស់នៅក្នុងភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

លោកហែម ចាន់ដារ៉ា បន្តថា៖ កម្លាំង(អ.ហ) នៃមន្ទីររបស់លោក ដោយមានការណែនាំនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ឈានទៅធ្វើការឃាត់ខ្លួននូវជនសង្ស័យខាងលើបាន កាលពីវេលាម៉ោង១១និង២៧នាទី កណ្តាលអធ្រាត្រ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ចំណុចហាងខារ៉ាអូខេ «ម៉ូរិកត់» ស្ថិតក្នុងស្រុកឈូក ខេត្តកំពត បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរនៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។

លោក ហែម ចាន់ដារ៉ា ឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ខណៈឃាត់ខ្លួននាំយកមកដល់ទីបញ្ជាការដ្ឋាន អ.ហ ខេត្តភ្លាមនោះ ក៏ធ្វើតេស្តលើទឹកនោម រកឃើញថា ជនសង្ស័យមានការប្រើប្រាស់ នូវសារធាតុញៀនផងដែរ៕

បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ឡើងតុលាការ ចោទពីបទ «រំលោភលើទំនុកចិត្ត និងករណី ប្រើប្រាស់គ្រឿងញៀន»