ការប្រកួត​ការពារ​ខ្សែក្រវាត់​រវាង ឡុង សុ​ភី និង Rareung ត្រូវបាន​លុបចោល​

​កីឡា៖បន្ទាប់ពី​មាន​ជម្លោះ​គ្នាបែកផ្សែង​ជាមួយ​អ្នករៀបចំ​កីឡា​ប្រដាប់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​រឿង​ទាមទារ​តម្លៃ​ខ្លួន​ពី​សំណាក់​កីឡាករ​ជំនាញ​ជង្គង់ ឡុង ភី ក្នុង​ការឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​លើក​ទី​១​ជាមួយ​កីឡាករ​ថៃ Rareung Lukchampachai ត្រូវបាន​លុបចោល​។​

​ប្រធាន​កម្មវិធី​ប្រកួត​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​លោក នាង ស៊ី​វុត្ថា បាន​ឲ្យ​ដឹងថា ការប្រកួត​ការពារ​ខ្សែក្រវាត់​រវាង ឡុង សុ​ភី និង Rareung Lukchampachai ត្រូវបាន​លុបចោល​វិញ ពីព្រោះ​ការទាមទារ​ប្រាក់​តម្លៃ​ខ្លួន​របស់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​ខ្ពស់ជាង​ការប្រកួត​ការពារ​ខ្សែក្រវាត់​នាពេល​កន្លងទៅ ដែល​ក្រុមហ៊ុន​អ្នក​ឧបត្ថម្ភ​មិនអាច​ផ្ដល់ជូនបាន​។ លោក​បញ្ជាក់ថា សម្រាប់​ស្ថានីយ​វិញ​ការរៀបចំ​កម្មវិធី​ប្រកួត​ម្ដងៗ​មិនបាន​លក់​សំបុត្រ​ដល់​អ្នក​ចូល​ទស្សនា​ទេ ហេតុនេះ​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​បែបនេះ​មិនទាន់​អាចទៅរួច​ឡើយ​។​

​ចំណែក​អ្នក​ប្រដាល់ ឡុង សុ​ភី វិញ​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​បានដាក់​លិខិតស្នើ​ទាមទារ​តម្លៃ​ខ្លួន​នេះ​ដល់​សហព័ន្ធ​កីឡា ប្រដាល់​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ប៉ុន្តែ​មិនទាន់​បានទទួល​ចម្លើយ​វិញ​ឡើយ​។ ម្ចាស់​ខ្សែក្រវាត់​៦​ស្ថាប័ន​រូបនេះ​បាន​អះអាងថា រូបគេ​នឹងមិន​ព្រម​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​ថៃ  Rareung Lukchampachai ឡើយ ប្រសិនបើ​ខាង​ស្ថានីយទូរទស្សន៍​ផ្ដល់ប្រាក់​តម្លៃ​ខ្លួន​ត្រឹមតែ​១ ពាន់​ដុល្លារ​នោះ​។​

​គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ​អ្នក​ប្រដាល់​ជំនាញ​ជង្គង់ ឡុង សុ​ភី បានទាមទារ​ប្រាក់​តម្លៃ​ខ្លួន​ចន្លោះ​ពី​៥​ពាន់​ដុល្លារ​ទៅ​១​ម៉ឺន​ដុល្លារ​សម្រាប់​ការប្រកួត​ការពារ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​១ ជាមួយ​អ្នក​ប្រដាល់​ថៃ Rareung Lukchampachai ។​

 

 

 

 ៕

ការប្រកួត​ការពារ​ខ្សែក្រវាត់​រវាង ឡុង សុ​ភី និង Rareung ត្រូវបាន​លុបចោល​