បុក​គ្នា​លិច​នាវា​កា​ហ្គោ​ដឹក​ប្រេងកាត និង​ម៉ា​ស៊ូ​ត​មួយ​ក្នុង​ដែនទឹក​បែ​ល​ហ្ស៊ិ​ក

មានការ​បុក​គ្នា​នៅ​សមុទ្រ​ខាងជើង កាលពី​យប់​ថ្ងៃ​ទី​៥ មក​ទី​៦ តុលា រវាង​នាវា​មួយ​គ្រឿង​ដឹក​មេតាន​មាន​បណ្តោយ​៣១៥​ម៉ែត្រ​ដោត​ទង់ជាតិ​ប្រជុំ​កោះ​ម៉ា​សាល់ និង​នាវា​កា​ហ្គោ​ហូ​ឡង់​១​គ្រឿង ។

ការ​បុក​គ្នា​នេះ​កើត​មាន​នា​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ​នៅ​កន្លែង​មួយ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ​ក្នុង​ដែនទឹក ZOEBRUGES ប្រទេស​បែ​ល​ហ្ស៊ិក ។ យោង​តាម​ម្ចាស់​នាវា​ថា នាវា​កា​ហ្គោ​ឈ្មោះ FLINTERSTAR ពុំ​បាន​លិច​ទាំងស្រុង​ទេ ក៏​ប៉ុន្តែ​បាន​ផ្អៀង​លិច​ទើរ​ជាប់​នឹង​ខ្សាច់ ។ សមាជិក​ក្រុម​នាវិក​១២​នាក់​នៃ​នាវា​នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​នា​ពេល​យប់ ។

នាវា​ជួយ​សង្គ្រោះ​បែ​ល​ហ្ស៊ិ​ក និង​ហូ​ឡង់​ជា​ច្រើន​គ្រឿង ព្រមទាំង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក ។ យោង​តាម​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ហូ​ឡង់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​បញ្ចប់​នា​វេលា​ម៉ោង​៧​ព្រឹក​ម៉ោង​ក្នុងស្រុក​។ ភ្នាក់ងារ​សន្តិសុខ​តំបន់​របស់​ហូ​ឡង់​អះអាង​ថា នាវា​កា​ហ្គោ​ចំណុះ​៩.០០០​តោន​ពុំ​បាន​ដឹក​ទំនិញ​ដែល​មាន​គ្រោះថ្នាក់​ឡើយ ក៏​ប៉ុ​ន្តែ​មាន​ប្រេង​ធ្លាយ​ចេញ ហើយ​រសាត់​ឆ្ពោះទៅ​ហូ​ឡង់ ៕