​​កូ​រ៉ូ​ឡា​បោះពួយ​​បុក​ពីក្រោយ​ម៉ូតូបណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ធំ

រាជ​ធានីភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ទៅ​បុក​ពីក្រោយ​ម៉ូតូ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​​​ដួល​រង​របួស​ធ្ងន់​​ កាលពី​វេលា​ម៉ោង​១០និង​៣០នាទីយប់ ​ថ្ងៃ​ទី០៦ ​តុលា ២០១៥ នៅចំណុច​កើតហេតុ​​​ក្បែរ​​​ស្ពាន​អាកាស៧​មក​រា  ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញបុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH-1911 ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មានរថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ទិស​ដៅស្របគ្នា​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រេចង្កូត ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យបុរស​ម្នាក់​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ថ្នល់​សន្លប់​ប្រមាណ​ជា៣០​នាទី​ទើប​ដឹងខ្លួន​ឡើង​វិញ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក រង់ចាំ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មក​ទទួលយក​៕​​