លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម សាងសង់​ផ្ទះ​ជូន​យាយ​ទុរគត និង​ចែក​អំណោយ​កុមារ​កំព្រា

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៩​នៅ​វត្ត​ហ​ង្សា​បីតិ ហៅ​វត្ត​ព្រែក​ស្ដី កាលពី​រសៀល​ថ្ងៃ​ទី​៦ តុលា ២០១៥ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការ​សាង​សង់​ផ្ទះ​ជូន​លោកយាយ ភី ចាប អាយុ​៨៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ចក ឃុំ​ស្យា ស្រុក​កណ្ដៀង ដែល​លោកយាយ​ជា​ទុរគត​ជន​រស់នៅ​ឯកោ​ម្នាក់ឯង​គ្មាន​ទីពឹង ។ ដោយ​ឃើញ​លោកយាយ​រស់នៅ​ក្នុង​ខ្ទម​លិច​ធ្លុះធ្លាយ​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​ជំទាវ មានការ​ខ្លោចចិត្ត​អាណិត​យ៉ាង​ខ្លាំង ក៏​បាន​សាងសង់​ផ្ទះ​ជូន​ និង​ឧបត្ថម្ភ​អង្ករ​៥០​គីឡូក្រាម ទឹកប្រាក់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៥​មក រហូត​ដល់​ជីវិត​ចុង​ក្រោយ​របស់​លោកយាយ ។

ជាង​សាងសង់​ផ្ទះ​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ធ្វើ​អំពី​ឥដ្ឋ មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ចែក​ចេញ​ជា​បន្ទប់ដេក​មួយ បន្ទប់ទឹក​មួយ ផ្ទះបាយ កន្លែង​ទទួលភ្ញៀវ និង​រានហាល​ពីមុខ​មួយ​សម្រាប់​លោកយាយ​អង្គុយ​លេង ។ ផ្ទះ​នេះ​ក្រាល​ការ៉ូ ប្រក់​ក្បឿង ចាប់​សាងសង់​ពី​ដើមខែ​កញ្ញា ២០១៥​មក ដែល​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​៦០%​ហើយ ហើយនឹង​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ២០១៥ ខាង​មុខ ។

លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម បាន​ជំរុញ​ឲ្យ​ជាង​ជួយ​សាងសង់​ផ្ទះ​ឲ្យ​បាន​លឿន​ប្រកបដោយ​គុណភាព និង​សោភ័ណ​ភាព ដើម្បី​ឲ្យ​លោកយាយ​ឆាប់​បាន​ស្នាក់​នៅ ។ ទាក់ទិន​នឹង​ការ​ជួយ​ចិញ្ចឹម​និង​សង់ផ្ទះ​ជូន​លោកយាយ​ ភី ចាប នៅ​ភូមិ​បឹង​ចក ឃុំ​ស្យា ស្រុក​កណ្ដៀង នេះ លោក​ជំទាវ​ឲ្យ​ដឹង​ថា កាលពី​ខែមិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​ជំទាវ​ និង​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​រៀបចំ​អាហារ​ជូន​បងប្អូន​ប្រជាពលរដ្ឋជាង១០០០​នាក់ហូប​ដោយ​ក្ដី​ស្រឡាញ់​រាប់អាន ក្នុង​នាម​ជា​អ្នកស្រុក​កំណើត​ជាមួយ​គ្នា ។ ខណៈនោះ​លោក​មេ​ភូមិ និង​អ្នក​ជិតខាង​ចង្អុល​ប្រាប់​ថា លោកយាយ​ ភី ចាប មាន​អាយុ​៨៩​ឆ្នាំ រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​ទុរគត ។ ពី​មុន​គាត់​ដើរ​បោក​ខោអាវ​ និង​កោសខ្យល់​ឲ្យ​គេ ដើម្បី​បាន​លុយ​យក​មក​ទិញ​អង្ករ​ហូប ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​នេះ​លោកយាយ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង មិន​អាច​បន្ត​មុខរបរ​នេះ​បាន​ទៀត​ទេ គឺរ​ស់បាន​ដោយសារ​អ្នក​ជិតខាង​ជួយ​ផ្ដល់​បាយ​សម្ល​ឲ្យ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​ជំទាវ​ និង​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ទៅ​មើលឃើញ​ជាក់ស្ដែង មានការ​អាណិតអាសូរ​ប្រៀប​ដូច​ជា​ម្ដាយ​ហើយ​នោះ ក៏​ធ្វើ​ផ្ទះ​ជូន និង​ជួយ​ចិញ្ចឹម​អស់​មួយ​ជីវិត​តែ​ម្ដង ។ ក្រៅពី​នាំ​យក​អង្ករ​៥០​គីឡូក្រាម និង​ប្រាក់​១០​ម៉ឺន​រៀល​ជូន​លោកយាយ ភី ចាប សម្រាប់​ខែតុលា​នេះ​ លោក​ជំទាវ ជា ខេ​ង បាន​ជូន​យាយ​ៗ​ចំនួន​៥​នាក់​ដែល​នៅ​ក្បែរ​ៗ​នោះ ក្នុង​ម្នាក់​ៗ២០.០០០​រៀល សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ ។

នៅ​ថ្ងៃ​ដដែល​នោះ លោក​ជំទាវ ជា ខេ​ង ស៊ុ​យ សែ​ម បាន​បន្តដំណើរ​ទៅ​សួរសុខទុក្ខ​ក្មួយ​ៗ ដែល​រស់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ពោធិ៍សាត់​ចំនួន​៣៥​នាក់ និង​អ្នក​មើលថែ​១២​នាក់​ទៀត ដោយ​បាន​ជូន​នំ​សែន​ព្រះ​ខែ​ចំនួន​២​ ទឹកក្រូច​មួយ​កំប៉ុង និង​ប្រាក់​២០.០០០​រៀល​ក្នុង​ម្នាក់​ៗ ។

គួរ​រំលឹក​ថា កាលពី​២​ស​ប្ដា​ហ៍​មុន​នេះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ក៏​បាន​ធ្វើ​ម្ហូបអាហារ​យក​មក​ជូន​កុមារ​កំព្រា​ក្នុង​មណ្ឌល​ហូប​ផង​ដែរ ៕