អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​1​ពិភពលោក​រីករាយ​ដែល​ភរិយា​សម្រាល​បានកូន​ប្រុស​នៅ​រដ្ឋ​តិច​សាស់

លោក អេ​ន​ឌី រ៉ុ​ត​ឌិ​ក អតីត​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១ ពិភពលោក ជនជាតិ​អា​មេ​រិ​ក រីករាយ​យ៉ាង​ខ្លាំង​ដោយសារ​នាង ប្រ៊ូ​គ្លី​ន ដេក​ហ្គ័​រ តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់​ស្អាត​ជា​ភរិយា​សម្រាល​បានកូន​ប្រុស​ដោយ​សុវត្ថិភាព​កាលពី​ស​ប្តា​ហ៍​មុន ។

កាលពី​ថ្ងៃ​ទី​៣០ កញ្ញា កន្លង​មក ទីភ្នាក់ងារ «​អីុ​ញូ​វ​» របស់​អា​មេ​រិ​ក​ផ្សាយ​ថា នាង​ប្រ៊ូ​គ្លី​ន ដេក​ហ្គ័​រ កំពូល​តារា​ម៉ូត​អាយុ​២៨​ឆ្នាំ សម្រាល​បានកូន​ប្រុស​នៅ​ក្រុង​អូ​ស្ទី​ន រដ្ឋ​តិច​សាស់ ជា​ស្រុក​កំណើត ក្រោយ​ពី​ស៊ូទ្រាំ​ពពោះ​អស់​រយៈពេល​៩​ខែ បុ​៉​ន្តែ​រហូត​មក​ដល់​ពេល​នេះ​ពួក​គេ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​ស្តី​ពី​ឈ្មោះ​កូនប្រុស​នៅឡើយ​ទេ ។

មុន​នេះ​ពួក​គេ​ក៏​ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​បង្ហាញ​ពី​អារម្មណ៍​ត្រេ​ត​អរ​នៅ​ក្នុង​ការ​ក្លាយជា​ឪពុក​-​ម្តាយ​របស់​កូនប្រុស​ដែរ និង​ចាប់ពី​ពេល​នេះ​តទៅ នាង​ប្រ៊ូ​គ្លី​ន ដេក​ហ្គ័​រ នឹង​ចាប់ផ្តើម​បង្ហាញ​ម៉ូត​បន្ត​ទៀត ព្រោះ​បាន​ឈប់​សម្រាក​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។ ចំណែក​លោក អេ​ន​ឌី រ៉ុ​ត​ឌិ​ក បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ពី​ការ​វាយ​កូន​បាល់ និង​បាន​បម្រើ​ការងារ​ជា​អ្នក​អត្ថាធិប្បាយ​នៅ​ប៉ុ​ស្តិ៍​ទូរទស្សន៍ ESPN ៕