មេ​រដ្ឋប្រហារ​នៅ​បួរ​គី​ណា​ហ្វា​សូ និង​អតីតរដ្ឋមន្ត្រី​ម្នាក់​ជាប់ចោទ​ពី​បទ​បំផ្លាញ​សន្តិសុខ​រដ្ឋ

ឧត្តមសេនីយ៍ GILBERT DIENDERE មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា នៅ​បួរ​គី​ណា​ហ្វា​សូ ព្រមទាំង​អតីតរដ្ឋមន្ត្រី​ការ​បរទេស លោក DJIBRILLBASSOLE កាលពី​យប់​ថ្ងៃ​ទី​៦ តុលា ទទួល​ការ​ចោទប្រកាន់​ពី​បទ​បំផ្លាញ​សន្តិសុខ​រដ្ឋ ។

ប្រភព​ព័ត៌មាន​ជិតដិត​នឹង​សំណុំរឿង​នោះ​រាយការណ៍​ថា មាន​បទចោទប្រកាន់​១១​ករណី​ក្នុង​នោះ​មាន​បទចោទប្រកាន់​ពី​ការ​បំផ្លាញ​សន្តិសុខ​រដ្ឋ ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​ដើម្បី​បង្ក​អ​ស្ថេ​រ​ភាព​ផ្ទៃក្នុង ការ​សម្លាប់​មនុស្ស ព្រមទាំង​ការ​បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដោយ​ចេតនា​ត្រូវ​បាន​ធ្វើ​ប្រឆាំង​មនុស្ស​ទាំង​២​នាក់​នោះ ។

មនុស្ស​១០​នាក់​ស្លាប់​ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​។ ឧត្តមសេនីយ៍ DIENDERE ដៃស្តាំ​របស់​អតីត​ប្រធានាធិបតី​លោក BLAISE COMPAORE កាលពី​ថ្ងៃ​ទី​១ តុលា បាន​ឡើង​ទៅ​តុលាការ​ដោយ​ខ្លួនឯង​បន្ទាប់​ពី​គេចខ្លួន​រយៈពេល​២​ថ្ងៃ ។

ចំណែក​លោក BASSOLE អតីត​មនុស្ស​ជំនិត​របស់​លោក COMPAORE ហើយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​នោះ បាន​បដិសេធ​រាល់​ការ​រួម​ដៃ​ធ្វើ​រដ្ឋប្រហារ ៕