លោក អេង ឆៃអ៊ាង រិះគន់​សកម្មភាព​រប​ស់​មន្ត្រី​គណបក្ស​ប្រជាជន​ថា​ធ្វើ​ឲ្យ​គណបក្ស​ខ្លួន​ខាត​

លោក អេង  ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល នៅថ្ងៃនេះ បានចាត់ទុក​សកម្មភាព​មួយចំនួន​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​មិន​ផ្តល់​ផលចំណេញ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ តែ​ផ្ទុយទៅវិញ​សកម្មភាព​ទាំងនោះ របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ខាតបង់​ផលប្រយោជន៍ និង​ប្រជាប្រិយភាព​ពី​សំណាក់​ប្រជាពលរដ្ឋ ព្រោះ​សកម្មភាព​ទាំងនោះ​វា​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ស្អប់ខ្ពើម​ថែមទៀត​។​

​ការលើកឡើង​របស់លោក អេង  ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល​យ៉ាង​ដូច្នេះ​ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្រោយពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​មន្ត្រី​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​តែងតែ​បង្ក​ការរំខាន​ដល់​សកម្មភាព​បញ្ចេញមតិ និង​បំពាន​លើ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ  និង​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​នៅថ្ងៃនេះ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ឈឹម តឿ ដែល​គេ​ដឹងថា​មាន​និន្នាការ​នយោបាយ​ទៅរក​គណបក្ស​ប្រជាជន​កម្ពុជា បាន​យក​រថយន្ត និង​គោយន្ត​មួយចំនួនទៀត បិទផ្លូវ​មិន​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​សហការី ចូល​ដាក់​បិណ្ឌ​នៅ ក្នុង​វត្ត​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានចាត់ទុក​សកម្មភាព​បង្កហេតុ​ខាងលើ​ថា​ជាការ​រំខាន​ដែលមាន​ការរៀបចំ​ទុកជាមុន ឬ​គ្រាន់​ជា​ឆាកល្ខោន​ដែល​រៀបចំឡើង​ដោយ​គូបដិបក្ខ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ថ្លែងថា​សកម្មភាព​រំខាន​ខា​ង​លើ​នេះ​មិនមែន​ទើបតែ​កើតឡើង​នៅពេលនេះ​ទេ គឺ​វា​បានកើត​ឡើង​ច្រើនលើក​មកហើយ តែ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​មិនបាន​ទទួលផល​ចំណេញ​អ្វី​ទេ គឺ​មានតែ​ការខាតបង់ ហើយ​ប្រឈម​នឹង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​៕

12088455_1613280212268522_8027640614414059638_n 12112164_1613280265601850_4440249122828913549_n