ក្លិប​បាល់ទាត់​អា​មេ​រិ​ក​ចង់បាន​អីុ​ប្រា​ហ៊ី​ម៉ូ​វិច​ចូល​លេង​ឱ្យ​ខ្លួន

ក្លិប​បាល់ទាត់​អា​មេ​រិ​ក Orlando City ចង់បាន​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប​Paris SG អីុ​ប្រា​ហ៊ី​ម៉ូ​វិច ចូល​លេង​ឱ្យ​ក្លិប​ខ្លួន ខណៈ​កុងត្រា​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​នឹង
ត្រូវ​បញ្ចប់​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ។ ក្នុង​ពេលបច្ចុប្បន្ន​នេះ​ពុំ​មាន​ព័ត៌មាន​បង្ហាញ​ពី​តម្លៃ​ខ្លួនកីឡាករ​រូប​នេះ​ទេ តែ​កាលពី​ឆ្នាំ​២០១៤ មាន​ជាង​១៦​លាន​ដុល្លារ នេះ​បើ​យោង​តាម​គេហទំព័រ​បរទេស​វី​គី​ផ្សព្វផ្សាយ ។

សូម​បញ្ជាប់​ថា ក្លិប Orlando City ទើបតែ​បង្កើត​កាលពី​ឆ្នាំ​២០១០ ហើយ​បាន​ចូល​លេង​ក្នុង​រដូវ​កាល​ដំបូង​ក្នុង​លី​ក MLS ។ ក្លិប​នេះ សង្ឃឹមថា អាច​នឹង​បញ្ចុះបញ្ចូល​អ្នកគ្រប់គ្រងក្លិប Paris SG និង​កីឡាករ​សញ្ជាតិ​ស៊ុ​យ​អែ​តរូប​នេះ​ឱ្យ​យល់ព្រម​ចូល​លេង​ឱ្យ​ក្លិប​របស់​ខ្លួនដោយ​សហការ​ជាមួយ​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ី​ល​គឺ​កីឡាករ​កា​កា ស្រប​ពេល​បច្ចុប្បន្ន​រូបគេកំពុង​លេចធ្លោ​ក្នុង​ការ​ប្រកួត ។

គេហទំព័រ​អីុ​តា​លី Tutto Mercado Web  រាយការណ៍​ថា ក្លិប​ទើប​បង្កើត​ឡើង​ថ្មីថ្មោង​នេះ​ក៏​មាន​មហិច្ឆតា​ចង់បាន​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូរ​បស់​ក្លិប​Real Mardrid​ឱ្យ​ចូល​លេង​ក្នុង​ក្លិប​ខ្លួន​ដែរ ៕