រថយន្ត Roll-Royce យក​​នាវា​កម្សាន្ត​និង​ផ្ទះ​វិឡាជា​គូ​ប្រកួតប្រជែង​

រថយន្ត Roll-Royce យក​​នាវា​កម្សាន្ត​និង​ផ្ទះ​វិឡាជា​គូ​ប្រកួតប្រជែង​

ក្នុង​ដំណើរ​បំពេញ​ការងារ​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Sergio Landolt នាយក​ផលិតផល​ទូទាំង​សកលលោក​នៃ​រថយន្ត​ Rolls-Royce ម៉ូដែល Ghost បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី។ Sabay ជា​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មួយ ដែល​ទទួល​ការ​អនុញ្ញាត​ពិសេស​ដើម្បី​ធ្វើ​បទសម្ភាសន៍​​​ជាមួយ​នាយក​គ្រប់គ្រង​ជាន់​ខ្ពស់​រូប​នេះ ក្នុង​ឱកាស​ដែល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ការងារ​មក​តំបន់​អាស៊ី។

 

រថយន្ត Roll-Royce យក​​នាវា​កម្សាន្ត​និង​ផ្ទះ​វិឡាជា​គូ​ប្រកួតប្រជែង​

លោក Sergio Landolt នាយក​ផលិតផល​ទូទាំង​សកលលោក​នៃ​រថយន្ត​ Rolls-Royce ម៉ូដែល Ghost

 

Sabay បាន​ចំណាយ​ពេល​ជាង​១ ម៉ោង​ដើម្បី​ជជែក​និង​សាកសួរ​លោក Sergio Landolt ពី​ការអភិវឌ្ឍន៍​រថយន្ត Rolls-Royce ក៏​ដូចជា​ការ​វិនិយោគ​មក​ប្រទេស​កម្ពុជា។

 

Sabay៖ ប្រជាជន​កម្ពុជា​បាន​ចាប់ផ្ដើម​ស្គាល់​រថយន្ត Rolls-Royce កាន់​តែ​ច្រើន​ជាង​មុន​ក្នុង​រយៈ​ជិត​ពីរ​ឆ្នាំ​នេះ បន្ទាប់​ពី​ម៉ាក​យីហោ​រថយន្ត​ដ៏​ប្រណីត​របស់​ពិភពលោក​នេះ​បាន​ពង្រីក​ទីផ្សារ​មក​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​សង្ស័យ​ជាប់​ជានិច្ច​ការ​មក​ដល់​នៃ​យីហោ​រថយន្ត​ដ៏​សែន​ថ្លៃ​ដែល​ទីផ្សារ​គោលដៅ​សម្រាប់​តែ​អ្នក​មាន​ស្ដុកស្ដម្ភ។ តើ​លោក​មាន​យោបល់​យ៉ាង​ណា​ដែរ?

 

Sergio Landolt៖ អតិថិជន​របស់​យើង​ជា​សហគ្រិន​ដែល​មាន​ជោគជ័យ​ខ្លាំង ហើយ​ជា​អ្នក​ដែល​ចង់​បាន​របស់​ល្អ​បំផុត និង​ចង់​បាន​អ្វី​ដែល​ប្លែក​ពី​គេ។ បើ​និយាយ​ពី​ទីផ្សារ​កម្ពុជា យើង​សង្កេត​ឃើញ​ថា មានការ​លូត​លាស់​ទៅ​មុខ ហើយ​តម្រូវការ​រថយន្ត​របស់​យើង​បាន​ចាប់ផ្ដើម​តាំង​ពី​ ១០ ឆ្នាំ​មុ​ន​ម​ក​ម្ល៉េះ។ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា ទីផ្សារ​កម្ពុជា​ជា​ទីផ្សារ​មាន​សក្ដានុពល​ផង​ដែរ​សម្រាប់​រថយន្ត Rolls-Royce។ ទោះ​បី​ជា​កម្ពុជា​ជា​ទីផ្សារ​តូច​ចង្អៀត​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​យើង​គិត​ថា​វា​ជា​ទីផ្សារ​ដែល​មាន​សក្ដានុពល សម្រាប់​រថយន្ត​ដែល​ពិសេស​ប្លែក​ពី​គេ​នេះ។

 

Sabay៖ តើ​មាន​ការ​រីក​ចម្រើន​លូតលាស់​ប៉ុណ្ណា​ដែរ? តើ​លោក​អាច​ប្រាប់​ពី​ចំនួន​ដែល​លក់​បាន​នៅ​កម្ពុជា​គិត​មក​ទល់​ពេល​នេះ?

 

Sergio Landolt៖ ជាទូទៅ​យើង​មិន​អាច​បង្ហាញ​ពី​តួលេខ​នៃ​ការ​លក់​ក្នុង​ប្រទេស​ណាមួយ ឬ​នៅ​ក្នុង​តំបន់​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​បាន​ថា ទីផ្សារ​នៅ​កម្ពុជា​មានការ​លូតលាស់​សម្រាប់​ម៉ាក​យីហោ​រថយន្ត Rolls-Royce។ ជា​ទូទៅ​ការ​លក់​រថយន្ត Rolls-Royce បាន​កើន​ឡើង​ប្រាំ​ឆ្នាំ​ជាប់គ្នា ហើយ​ទីផ្សារ​កម្ពុជា​រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​ទទួល​បាន​ជោគជ័យ ។

 

Sabay៖ និយាយ​ពី​រថយន្ត​ Rolls-Royce តើ​ការ​រចនា​​រថយន្ត Rolls-Royce ​ផ្ដោត​​លើ​ចំណុច​​សំខាន់​​អ្វី​ខ្លះ?

 

Sergio Landolt៖ ដូច​លោក​ដឹង​ស្រាប់​ហើយ Rolls-Royce គឺ​ជា​យីហោ​រថយន្ត​ដ៏​ទំនើប​នៅ​លើ​លោក ។ ដូច្នេះ​គេ​ត្រូវ​ផ្ដោត​លើ​លក្ខណៈ​ពិសេស​នៃ​ការ​រចនា​មួយ​ចំនួន​សម្រាប់​គ្រប់​រថយន្ត Rolls-Royce។ ដំបូង​គេ​ត្រូវ​ផ្ដោត​លើ​គំនិត​មួយ​ថា​តើ​រថយន្ត​នោះ​ជា​រថយន្ត​ដូចម្ដេច ហើយ​បន្ទាប់​មក​ត្រូវ​ផ្ដោត​លើ​ភាព​ឥត​ខ្ចោះ​លើ​គ្រប់​ផ្នែក​ទាំង​អស់ ។ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ នៅ​ពេល​យើង​ចាប់ផ្ដើម​ផលិត​រថយន្ត​ម៉ូដែល Ghost យើង​បាន​និយាយ​ថា យើង​ចង់​បាន​រថយន្ត ដែល​ត្រូវ​សម្រាប់​គ្រប់​ឱកាស​ទាំង​អស់។

 

ម៉ូដែល Phantom ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ឱកាស​ពិសេសៗ ប៉ុន្តែ​យើង​ចង់​បាន​ម៉ូដែល Ghost ឲ្យ​មាន​ការ​រចនា​បែប​សង្គម ដោយ​ផ្ដោត​លើ​ការងារ​ជំនួញ​ថែមទៀត​ផង។ ដូច្នេះ​គេ​នឹង​ឃើញ​ថា​ម៉ូដែល Phantom មាន​លក្ខណៈ​ពិសេស​ផ្សេង Ghost មាន​លក្ខណៈ​ផ្សេង ។ ប៉ុន្តែ​គ្រប់​រថយន្ត Rolls-Royce គឺ​មាន​លក្ខណៈ​ពិសេស​រួម​មួយ​ចំនួន។ ក្នុង​នោះ សម្រាប់​គ្រប់​រថយន្ត Rolls-Royce ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ពី​ខាង​មុខ ខាង​ក្រោយ ឬ​ពី​ចំហៀង អ្នក​ច្បាស់​ជា​ស្គាល់​ថា​ជា​រថយន្ត Rolls-Royce ភ្លាម។ ចំណុច​នេះ​ហើយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មែនទែន ។

 

Sabay៖ តើ​ការ​ផលិត​រថយន្ត Rolls-Royce មួយ​គ្រឿង​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ដែរ?

 

Sergio Landolt៖ និយាយ​ឲ្យ​ស្មោះ​ទៅ ពេលវេលា​នៃ​ការ​ផលិត​រថយន្ត​មួយ​គឺ​អាស្រ័យ​លើ​ធាតុផ្សំ​ខុសៗ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​។ ដូច​លោក​ដឹង​ស្រាប់​ហើយ រថយន្ត Rolls-Royce មួយៗ​គឺ​ខុសគ្នា ពីព្រោះ​រថយន្ត Rolls-Royce ត្រូវ​បាន​ច្នៃ​ទៅ​តាម​ការ​កំណត់​របស់​អតិថិជន។ យើង​អាច​និយាយ​បាន​ថា តិច​បំផុត​ក៏​ត្រូវ​ប្រើ​ពេល ៣៦០ ម៉ោង​ដែរ​ដើម្បី​ផលិត​រថយន្ត​មួយ​គ្រឿង ប៉ុន្តែ​ពេលវេលា​អាច​ប្រែ​ប្រួល​ផ្អែក​លើ​ធាតុផ្សំ​បន្ថែម​ដែល​អតិថិជន​ចង់​បាន ។ ជាក់​ស្ដែង សម្រាប់​រថយន្ត ម៉ូដែល Ghost ឃើញ​ថា ជាង ៨០ ភាគរយ​នៃ​រថយន្ត​នេះ គឺ​ត្រូវ​បាន​ផលិត​ឡើង​តាម​ការ​ច្នៃ​កុម្ម៉ង់ (Bespoke) ។ ដូច្នេះ បើ​និយាយ​ពី​ពេលវេលា ៣៦០ ម៉ោង​ហ្នឹង គឺ​គ្រាន់​តែ​ជា​ពេលវេលា​មូលដ្ឋាន​នៃ​ការ​ផលិត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជា​ធម្មតា គឺ​វា​ចំណាយ​ពេល​យូរ​ជាង​នេះ ដោយសារ​តែ​ការ​ច្នៃ​កុម្ម៉ង់​បន្ថែម។

 

Sabay៖ តើ​លោក​អាច​ជម្រាប​ជូន​បន្តិច​បាន​ទេ​ថា​តើ​ផ្នែក​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​រថយន្ត Rolls-Royce ខុស​ប្លែក​ពី​រថយន្ត​​ផ្សេងទៀត?

 

Sergio Landolt៖ ពិត​ណាស់ យើង​មាន​លក្ខណៈ​ពិសេស​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​​ជាច្រើន។ នៅ​លើ​ថាស​កង់​រថយន្ត គម្រប​ដែល​មាន​ស្លាក​សញ្ញា Rolls-Royce គឺ​មិន​វិល​តាម​កង់​រថយន្ត​ដែល​កំពុង​មាន​ចលនា​ឡើយ​។ វា​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេងទៀត​ផង​ដែរ​ដូចជា ឆត្រ ដែល​ជា​លក្ខណៈ​ពិសេស​មានតែ​សម្រាប់​រថយន្ត Rolls-Royce ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ គឺទ្វារបើកទៅក្រោយ សូម្បីតែ​ម៉ូដែល Wraith (ម៉ូដែលទ្វារពីរ) ក៏​ប្រើទ្វារ​ប្រភេទ នេះ​ដែរ ។ ដូច្នេះ វា​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត​មានភាព ងាយស្រួលខ្លាំង ។ ទន្ទឹម​នឹង​នេះ គឺ​ការ​ប៉ាក់ឌិន​ផ្កាយ​នៅ​លើប៉ុង​ដំបូល ។ ក្រៅពីនេះ រថយន្ត RR នៅមានលក្ខណៈពិសេស​ផ្សេងជា​ច្រើនទៀតដូចជា​ប៉ាណាខាង​មុខ និងទេវរូប Spirit of Ecstasy ។ ទាំង​អស់នេះហើយ​ដែលធ្វើ​ឲ្យ​រថយន្ត RR ពិសេស​ប្លែកពីគេ ។

 

Sabay៖ បើ​និយាយ​អំពី​ទេវរូប Spirit of Ecstasy តើ​លោក​អាច​ជម្រាប​ពី​ប្រវត្តិ​ទេវរូបដែល​ជា​និមិត្ត​សញ្ញា​នៃ​​រថយន្ត Rolls-Royce?

 

Sergio Landolt៖ ការ​រចនា​នូវ​ទេវរូប​ស្ត្រី​នេះ​ឡើង គឺ​ផ្អែក​លើ​រឿង​ដំណាល ដែល​និយាយ​ពី​ស្ត្រី​ម្នាក់​ដែល​មាន​ទំនាក់​ទំនង​នឹង​អ្នក​ដែល​មាន​ចំណែក​ក្នុង​ការ​បង្កើត​រថយន្ត Rolls-Royce ដំបូង។ រូប​នេះ​តំណាង​ឲ្យ​សម្រស់ និង​ភាព​ឥត​ខ្ចោះ ។ គ្រប់គ្នា​ប្រហែលជា​សង្កេតឃើញ​ម៉ូដែល​ផ្សេងៗ​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Rolls-Royce ដែល​ម៉ូដែល​ទាំងនោះ​មាន​ទេវរូប Spirit of Ecstasy ដែល​មាន​ទំហំ និង​រូប​រាង​ខុសៗគ្នា ។ ទោះ​ជា​យ៉ាងណា ក្នុង​ប្រវត្តិសាស្ត្រ​ ១១១ ឆ្នាំ​របស់​ក្រុមហ៊ុន ភាព​ស្រស់​ស្អាត​ឆើត​ឆាយ និង​ភាព​ឥត​ខ្ចោះ​នៅតែ​រក្សា​បាន​ដដែល​សម្រាប់​រថយន្ត Rolls-Royce។

 

Sabay៖ ខ្ញុំ​ឮ​ថា​ទេវរូប Spirit of Ecstasy ហ្នឹង គឺ​ជា​រូប​ស្ត្រី​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហ​ស្ថាបនិក​របស់​រថយន្ត RR ។ តើ​នេះ​ជា​ការ​ពិត ឬ​គ្រាន់​តែ​ពាក្យចចាមអារ៉ាម?

 

Sergio Landolt៖ វា​គ្រាន់​តែ​ជា​រឿង​តំណាល ឬ​ជា​រឿង​ព្រេង​ប៉ុណ្ណោះ ។ វា​ជា​ផ្នែក​មួយ​នៃ​រឿង​ព្រេង ហើយ​ខ្ញុំ​ក៏​មិន​អាច​បញ្ជាក់​ថា​វា​ជា​រឿង​ពិត​ ឬ​ជា​រឿង​ប្រឌិត​នោះ​ដែរ ។ រឿង​បែបនេះ​ក៏​កើត​មាន​ចំពោះ​ការ​ដាក់​ឈ្មោះ​រថយន្ត​ម៉ូដែល Ghost (ប្រែ​ថា​ខ្មោច) ផង​ដែរ ។ ជួន​កាល​ មាន​គេ​មក​សួរ​ខ្ញុំ​ថា ហេតុអ្វីបានជា​ដាក់​ឈ្មោះ​រថយន្ត​នេះ​ថា Ghost ដូច្នេះ? ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា ខ្ញុំ​ក៏​មិន​អាច​បញ្ជាក់​ពី​មូលហេតុ​ថា​យ៉ាង​ម៉េច​នោះ​ដែរ ។ ប៉ុន្តែ​តាម​រឿង​ដំណាល​មក​ថា នៅក្នុង​ឆ្នាំ ១៩០៦ នៅ​ពេល​ដែល​យើង​ដាក់​ឈ្មោះ​រថយន្ត​ថា Ghost នោះ ក៏​ព្រោះ​ថា​នៅពេល​នោះ រថយន្ត​នោះ​មាន​សំឡេង​ស្ងាត់​មែនទែន ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​គិត​ថា វា​ជា​ខ្មោច ។ និយាយ​រួម​​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​រថយន្ត Rolls-Royce ។

 

Sabay៖ Roll-Royce មាន​ប្រវត្តិ​លើ​ទីផ្សារ​ជាង ១០០ ឆ្នាំ​មក​ហើយ ។ តើ​រាល់​លើក​នៅ​ពេល​​ដែល​រចនា​រថយន្ត RR ឡើង តើ​មានការ​រចនា​រថយន្ត​គំរូ (concept cars) ដែរ​ឬទេ?

 

Sergio Landolt៖ យើង​ទើបតែ​បញ្ចប់​គម្រោង​រថយន្ត​គំរូ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ដែល​យើង​បាន​យក​ទៅ​ដាក់​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្ត​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​កាល​ពី​ពីរ​បី​សប្ដាហ៍​មុន​នោះ​គឺ​ម៉ូដែល Dawn ។ ទន្ទឹម​នឹង​នេះ​ យើង​ក៏​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​អនុវត្ត​គម្រោង​ថ្មី​មួយ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​គឺ​គម្រោង Project Cullinan (រថយន្ត​តួ​ខ្ពស់)​ ដែល​យើង​កំពុង​តែ​ធ្វើតេស្ត​បង្កើត​រថយន្ត​ដែល​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំង​អស់ ។

 

Sabay៖ សំណួរ​មួយ​ទៀត។ បើ​និយាយ​អំពី​រថយន្ត​ទូទៅ Rolls-Royce តើ​មាន​ភាព​ខុសគ្នា​ដែរ​ឬទេ​សម្រាប់​រថយន្ត​លក់​នៅ​ទីផ្សារ​កម្ពុជា និង​ទីផ្សារ​ផ្សេងទៀត?

 

Sergio Landolt៖ ទីផ្សារ​កម្ពុជា​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ទីផ្សារ​ផ្សេង​ទៀត​របស់​ Rolls-Royce ទូទាំង​សកលលោក ដែល​បង្ហាញ​ពី​ការ​និយម​ចូលចិត្ត​ខុសៗគ្នា​សម្រាប់​ទីផ្សារ​ផ្សេងៗ។ ក្រុមហ៊ុន​បាន​ផ្ដល់​ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ច្នៃ​កុម្ម៉ង់​រថយន្ត​របស់​ខ្លួន។ យើង​សង្កេត​ឃើញ​ថា និន្នាការ​ចូលចិត្ត​ច្នៃ​កុម្ម៉ង់​នេះ គឺ​កើត​មាន​ទូទាំង​ទ្វីប​អាស៊ី ហើយ​អតិថិជន​ចូលចិត្ត​បែបនេះ​ណាស់។ មិនថា​គាត់​ចង់​ទិញ​ម៉ូដែល Ghost ឬ​ម៉ូដែល Wraith នោះ​ទេ គឺ​គាត់​ចង់​បាន​រថយន្ត​ដែល​ច្នៃ​កុម្ម៉ង់​សម្រាប់​ខ្លួនឯង​ផ្ទាល់។

 

Sabay៖ និយាយ​ពី​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​យីហោ​រថយន្ត​ប្រណិត​កាន់​តែ​ច្រើន​ តើ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ការ​ប្រកួត​ប្រជែង​ដែរ​ឬទេ?

 

Sergio Landolt៖ និយាយ​ឲ្យ​ត្រង់​ទៅ បើ​និយាយ​ពី​រឿង​រថយន្ត​មិន​មាន​គូ​ប្រជែង​ពិត​ប្រាកដ​ឡើយ​សម្រាប់​រថយន្ត RR។ ជួន​កាល មាន​គេ​សួរ​ខ្ញុំ​ថា តើ​រថយន្ត​ណា​ជា​គូប្រជែង​ជាមួយ​នឹង​រថយន្ត Roll-Royce របស់​យើង ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​គេ​វិញ​ថា​គូប្រជែង​របស់​យើង​មាន​ដូចជា នាវា​កម្សាន្ត ផ្ទះ វីឡា ជាដើម។ ប៉ុន្តែ បើនិយាយ​ពី​រថយន្ត​វិញ គឺ​យើង​គ្មាន​គូប្រជែង​ឡើយ ។ និយាយរួម គូប្រជែង​របស់​យើង​ពិត​ប្រាកដ គឺ​របស់​ប្រើប្រាស់​សម្រាប់​ការ​រស់នៅ​ផ្សេងទៀត​ក្រៅ​ពី​រថយន្ត។ ជា​ធម្មតា អតិថិជន​របស់​យើង​មិន​មែន​មាន​រថយន្ត​តែ​មួយ​គ្រឿង​នោះ​ទេ ។ ពួកគាត់​មាន​រថយន្ត បួន ប្រាំ ឬ​ប្រាំ​បី​គ្រឿង​ឯ​ណោះ ។ ដូច្នេះ យើង​គ្មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​រថយន្ត​ផ្សេង​ឡើយ ។ យើង​គិត​ថា​រថយន្ត​ផ្សេងទៀត មិន​មែន​ជា​គូប្រជែង​របស់​យើង​នោះ​ទេ។

 

Sabay៖ តើ​ក្រុមហ៊ុន​នឹង​មាន​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​ជំរុញ​ការ​លក់​រថយន្ត Roll-Royce នៅ​ក្នុង​ទីផ្សារ​កម្ពុជា​?
Sergio Landolt៖ យើង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូចៗ​គ្នា​ក្នុង​គ្រប់​ទីផ្សារ ។ យើង​គិត​ថា កម្ពុជា​នឹង​ក្លាយ​ជា​ទីផ្សារ​ល្អ​សម្រាប់​រថយន្ត Cullinan (រថយន្ត​តួ​ខ្ពស់) ។ ជា​ថ្មី​ម្ដង​ទៀត ក្រុមហ៊ុន​រថយន្ត RR មិន​ផ្ដោត​លើ​បរិមាណ​នោះ​ទេ ប៉ុន្តែ​យើង​ផ្ដោត​លើ​ភាព​ពិសេស​ប្លែក​គេ ។

 

Sabay៖ តើ​លោក​មាន​មតិ​ចុង​ក្រោយ​ដូចម្ដេច​ដែរ​មុន​ពេល​បញ្ចប់​ការ​សាកសួរ​ថ្ងៃ​នេះ?

 

Sergio Landolt៖ បើ​និយាយ​ដោយ​សង្ខេប ខ្ញុំ​សូម​ផ្ដោត​លើ​ម៉ូដែល Ghost Series II ។ ម៉ូដែល Ghost Series II នេះ គឺ​ជា​ការ​ផ្សំ​គ្នា​រវាង​ភាព​ពិសេស​ប្លែក​គេ គឺ​ត្រង់​ការ​រចនា​ទំនើប ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ បច្ចេកវិទ្យា​ខ្ពស់​​ក្នុង​ការ​បើក​បរ ។ ទន្ទឹម​នឹង​នេះ វា​ជា​ការ​ផ្សំ​គ្នា​រវាង​ការ​ធ្វើដំណើរ និង​ការ​ធ្វើអាជីវកម្ម ។ អតិថិជន​របស់​យើង​ជា​ច្រើន​ប្រើ​ប្រាស់​ម៉ូដែល Ghost សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​អាជីវកម្ម ។ ទន្ទឹម​នឹង​នេះ ជា​រថយន្ត​ដែល​អតិថិជន​ចូលចិត្ត​បើក​ខ្លួនឯង​ផង​ដែរ ដូច្នេះ​វា​ជា​ការ​ផ្សំ​គ្នា​រវាង​រថយន្ត​សម្រាប់​ការ​បើកបរ​ដោយ​ខ្លួនឯង និង​ការ​មាន​តៃកុង​បើកបរ​ជូន។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា