សង្គម​ស៊ីវិល​កំណត់​ពង្រឹង​គណនេយ្យ​ភាព​ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព

ទាញ​យក​កម្មវីធី

ក្រោយ​ពេល​ដែល​អង្គការ​សហប្រជាជាតិ ប្រកាស​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ឆ្នាំ​២០១៦-២០៣០ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជួប​ជុំ​គ្នា​រក​យុទ្ធសាស្ត្រ​រួម ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​គោលដៅ​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល កំណត់​យក​ការ​ពង្រឹង​ការ​អនុវត្ត​គណនេយ្យ​ភាព​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រាកដ​ថា រាល់​កិច្ចការ​ដែល​អនុវត្ត​ទៅ ស្រប​ទៅ​នឹង​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ជា​និរន្តរភាព។

អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ៧៤ ជជែក​គ្នា​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា នេះ រក​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹង​គណនេយ្យ​ភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ពិភាក្សា​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​រយៈពេល ១៥​ឆ្នាំ ដែល​មេ​ដឹក​នាំ​កំពូល​នៅ​លើ​ពិភពលោក បាន​អនុម័ត​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា (CCC) បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ការ​អភិវឌ្ឍ និង​គណនេយ្យ​ភាព។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន ពន្យល់​ថា ការ​ខ្វះខាត​គណនេយ្យ​ភាព​ក្នុង​អភិបាល​កិច្ច ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មិន​មាន​ប្រសិទ្ធភាព និង​បង្ក​ជា​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ។ គ្រោះថ្នាក់​នេះ​ត្រូវ លោក សារឿន លើក​ជា​ឧទាហរណ៍​ថា ការ​គ្រប់គ្រង​ព្រៃ​ឈើ​មិន​មាន​គណនេយ្យ​ភាព ធ្វើ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​អនាធិបតេយ្យ ជាដើម៖ «ចឹង​ហើយ​បាន​ជា​យើង​យក​ប្រព័ន្ធ​គណនេយ្យ​ភាព និង​អភិបាល​កិច្ច​ល្អ​ហ្នឹង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់។ យើង​ចាត់​ថា ប្រព័ន្ធ​គណនេយ្យ​ភាព និង​អភិបាល​កិច្ច​ល្អ ជា​គ្រឹះ​ដ៏​រឹងមាំ ដូចជា​ការ​សង់​ផ្ទះ​ថ្ម​មួយ​ចឹង»

កន្លង​មក ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​គេ​ផ្តល់​ពិន្ទុ​ផ្នែក​គណនេយ្យ​ភាព​ខ្ពស់​ជាង​គេ បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថាប័ន​ផ្សេង​ទៀត។ នេះ បើ​តាម​ការ​លើក​ឡើង​របស់ លោក សឿង សារឿន។

លោក ឈៀត ស្រ៊ាង ជា​ទីប្រឹក្សា​ឯករាជ្យ បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្ដីពី «មូលដ្ឋានីយកម្ម និង​ហិរញ្ញប្បទាន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព»។ ការ​សិក្សា​នេះ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា ជួប​ប្រទះ​នឹង​ឧបសគ្គ​មួយ​ចំនួន​ដែល​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ។ លោក​ថា ឧបសគ្គ​នោះ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ខ្វះ​ចន្លោះ​របស់​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​គ្រប់គ្រង​ដំណើរ​ការ​អភិវឌ្ឍ ភាព​ក្រីក្រ និង​ការ​ធ្វើ​ការ​មិន​សូវ​ចុះ​សម្រុង​គ្នា​រវាង​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល។

លោកស្រី ជូ លីសាង ជា​មន្ត្រី​នៃ​អង្គការ​ឡូវ៉ង់ ខមភើរេស្យុង (Louvain Coopération) ដែល​ជា​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​ប្រទេស​បារាំង ដល់​អង្គការ​ក្នុង​ស្រុក​ដែល​ធ្វើ​ការ​ផ្នែក​សុខភាព និង​សន្តិសុខ​ស្បៀង។ លោកស្រី លីសាង បង្ហាញ​ថា អង្គការ​របស់​លោកស្រី​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល និង​អង្គការ​ជា​ដៃគូ។ ក្នុង​នាម​ជា​ទីភ្នាក់ងារ​ផ្តល់​ជំនួយ លោកស្រី ជូ លីសាង និយាយ​ថា អង្គការ​របស់​លោកស្រី​ធ្វើ​ការ​សហការ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយ​សម្លឹង​មើល​របាយការណ៍​គណនេយ្យ​ភាព ពេល​ជ្រើស​រើស​អង្គការ​ក្នុង​ស្រុក ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន៖ «ព្រោះ Donor (ម្ចាស់​ជំនួយ) ចង់​បាន​អង្គការ​ណា​មាន​តម្លាភាព ភាព​ស្មោះ​ត្រង់ មិន​លម្អៀង មិន​កេង​ប្រវ័ញ្ច ព្រោះ​គេ​ផ្ដល់​ជំនួយ​មក​គេ​ទុក​ចិត្ត»

ទោះ​បី​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ពង្រឹង​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ក្នុង​រយៈពេល ១៥​ឆ្នាំ​ទៅ​មុខ​ឲ្យ​មាន​ភាព​ជោគជ័យ​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​បរិបទ​កម្ពុជា បច្ចុប្បន្ន អាច​មាន​ឧបសគ្គ​ខ្លះ​ដល់​អង្គការ​សង្គម​ស៊ីវិល។ ពួក​គាត់​ព្រួយ​បារម្ភ​ពី​ច្បាប់​ស្ដីពី​អង្គការ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥ ថា​មាន​ចំណុច​ខ្លះ​នឹង​រឹតត្បិត​ដល់​ការ​អនុវត្ត​ការងារ​របស់​អង្គការ​សមាគម។

ទោះ​បី​ជា​យ៉ាង​ណា លោក សឿង សារឿន កត់​សម្គាល់​ថា មុន​ពេល​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ឡើង សង្គម​ស៊ីវិល​បាន​ជួយ​ដើរ​តួនាទី​ជំនួយ​រដ្ឋាភិបាល ដើម្បី​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា បន្ទាប់​ពី​មាន​ច្បាប់​ស្ដីពី​អង្គការ​សមាគម សង្គម​ស៊ីវិល​ដើរ​តួនាទី​ជា​អ្នក​អប់រំ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ដឹង​ពី​តម្រូវ​ការ​របស់​ខ្លួន និង​ងាយ​ស្រួយ​ជំរុញ​ដល់​រដ្ឋាភិបាល​បំពេញ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា កំពុង​អនុវត្ត​គម្រោង​ស្តង់ដារ​ជា​សកល ពង្រឹង​គណនេយ្យ​ភាព​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រយៈពេល ៣​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។