អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់ និង​ថ្នាំ​ជិត​២០០០​គ្រាប់​

បាត់ដំបង: កម្លាំង​អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ចែកចាយសារធាតុ​ញៀន ដ៍​សកម្ម​ម្នាក់ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​បេង​ទ្រេត ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូនខេត្តបាត់ដំបង បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​ប្រុង​គេចខ្លួន​ពេល​ឃើញ​សមត្ថកិច្ច​នៅ​ពីមុខ​។

​ជនសង្ស័យ​រូបនេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នាពេល​កន្លងមកហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​មានឈ្មោះ សុខ ធា ភេទ​ប្រុស អាយុ៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​នៅមុន​ការឃាត់ខ្លួន​គឺ​កម្លាំង​កំពុង​ចេញ​ប្រតិបត្តិការ​ល្បាត​តាម​ដងផ្លូវ ក៏បានប្រទះឃើញ​ជនសង្ស័យ​រូបនេះ​កំពុងធ្វើដំណើរ​ជាធម្មតា​។ ក្រោយពី​បានឃើញកម្លាំង​ភ្លាម ជននេះ​ហាក់​មាន​ភាព​រអើល ដោយ​គេ​ប្រុង​គេចខ្លួន​ចេញ​ឲ្យ​ផុតពីមុខ​សមត្ថកិច្ច​។

​ដោយ​ជននេះ​គឺជា​មុខសញ្ញា​ដែល​ត្រូវ​តាម​ប្រមាញ់​ផង និង​ដោយមាន​ការសង្ស័យ​ផងទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ដើម្បី ឆែកឆេរ​លើ​ខ្លួន​ក៏បាន​ប្រទះឃើញថ្នាំញៀន​ចំនួន​១​សុង​ដែល​ជននេះ​បាន​លាក់ទុក​នៅក្នុង​ខោ លី​អូ​របស់គេទើប​កម្លាំង​បាន​នាំយក​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​។

​ជាក់ស្ដែង នៅក្នុង​សុង​នៃ​ថ្នាំញៀន​នោះ​គឺមាន​ចំនួន​១០​កញ្ចប់ ដោយមាន​គ្រឿងញៀនប្រភេទ​យ៉ាម៉ា​ចំនួន​១៩៩៣​គ្រាប់ ដែល​គេ​បាន​នាំយក​មកពី​ស្រុក​ម៉ាឡៃចូលមក​កាន់​ទឹកដី​ខេត្តបាត់ដំបង​ដើម្បី​ចែកចាយ​បន្ត ប៉ុន្តែ​ក៏ត្រូវ​កម្លាំង​ឃាត់ខ្លួនតែម្ដង​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ថ្នាំញៀន​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត​ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី​៕N​

អាវុធហត្ថ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់ និង​ថ្នាំ​ជិត​២០០០​គ្រាប់​