ប្រភេទកីឡាជាង១០ នឹងត្រូវដាក់ឲ្យប្រកួតនិងសម្តែង នៅបុណ្យសមុទ្រ

ពិធី​បុណ្យ​សមុទ្រ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ទី​រួម​ខេត្ត​កំពត នា​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ចុង​​ឆ្នាំ​២០១៥​នេះ ​គ្រោង​ដាក់​ប្រភេទ​កីឡា​ចំនួន​១១​​ឲ្យ​ចូល​រួម​ប្រកួត​ និង​សម្តែង បន្ថែម​ទៅ​លើ​ការ​ប្រគុំ​តន្រ្តីសម័យ សិល្បៈ និង​កម្លែក ខណៈ​មន្រ្តី​ជំនាញ​បាន​រំពឹង​ថា បុណ្យ​សមុទ្រឆ្នាំ​​នេះ អាច​នឹង​មាន​ភាព​ផុស​ផុល ជា​មុន​សមុទ្រ នៅ​ខេត្ត​កោះកុង កាល​ពី​ឆ្នាំ​មុន។

បើ​តាម​កម្ម​វិធី​បុណ្យ​សមុទ្រ ដែល​យើង​ទើប​ទទួល​បាន កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ គឺ​មាន​ប្រភេទ​កីឡា​ត្រឹម​១០​ប៉ុណ្ណោះ ត្រូវ​​បាន​ដាក់​ឲ្យ​ប្រកួត និង​សម្តែង ដោយក្នុង​នោះ​មាន​​ការ​រត់​ប្រណាំង​បែប​កម្សាន្ត Fun Run ចម្ងាយ​៣​ទៅ​៥​គីឡូម៉ែត្រ ប្រកួត​ចំបាប់​បុរាណ​ខ្មែរ ប្រណាំង​ទូក​ប្រពៃណី​ចំណុះ​ពី​១៥​នាក់​ទៅ​២០នាក់ សម្តែង​កីឡាល្បុក្កតោ ប្រណាំង​ទូក​ក្តោង ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ​ប្រកួត​បាល់​ទះ​លើ​ឆ្នេរ​ខ្សាច់ ប្រណាំង​ទូក​កានូ​ កាយ៉ាក កីឡា​ឆត្រយោង និង​ប្រកួត​កីឡា​អេឡិចត្រូ​និច(E-Sport)។
1
ប៉ុន្តែ​បើ​តាម​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​ប្រធាន​រៀបចំ​ការ​ប្រកួត​បុណ្យ​សមុទ្រ​នេះ​ បាន​ថ្លែង​ប្រាប់ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ និង​មានបន្ថែម​ការ​ប្រកួត​អុក​មួយ​ទៀត ដោយ​ម្ចាស់​ជ័យ​លាភី​លេង​អុក កាល​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះ​កុង កាល​ពី​ឆ្នាំ​មុន មក​​ប្រកួត​ជាមួយ​អ្នក​លេង​អុក​ជើង​ខ្លាំង​ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​នៅ​ខេត្ត​កំពត នា​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ។ រីឯ​ការ​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ ត្រូវ​​ប្តូរ​ដាក់​ឲ្យ​​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​របស់​ល្បុក្កតោ វិញ។
2
លោក វ៉ាត់ ចំរើន បាន​បង្ហើប​ឲ្យ​​ដឹង​ថា៖​«បុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត ឆ្នាំ​នេះ ខ្ញុំ​គិត​ថា នឹង​មាន​ភាព​ផុស​ផុល​ជាង​ឆ្នាំ​មុន ព្រោះ​អភិបាល​ខេត្ត​កំពត លោក​ឧស្សា​ព្យាយាម​​ណាស់ គឺ​នៅ​ពេលនេះ​លោក​កំពុង​តែ​រៀបចំ​តាំង​ពី​ផ្លូវធ្វើ​ដំណើរ កន្លែង​កម្សាន្ត កន្លែង​ប្រកួត​កីឡា​ផ្សេង រៀបចំ​ឲ្យ​មាន​ទូកសម្រាប់​ជិះ​កម្សាន្ត-ល-»។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ការ​ប្រកួត និង​សម្តែង​កីឡា​ទាំង​១១​ប្រភេទ​កីឡា ក៏​មាន​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួតសម្តែង​នៅ​ប្រភេទ​កីឡា​ចម្រុះ​ដូច​ជា​តេក្វាន់ដូ វ៉ូវីណាម ការ៉ាតេដូ និង​កីឡា​មួយ​ចំនួន​ទៀត​ផង​ដែរ ៕