ចោរ​ចូល​ប្លន់​ផ្ទះ​កីឡាករ​ក្លេ​វ​វើ​លី ខ្សែបម្រើ​ក្លិប Everton

កីឡាករ ថុ​ម ក្លេ​វ​វើ​លី ខ្សែបម្រើ​ក្លិប Everton និង​ក្រុម​គ្រួសារ​ជួប​រឿង​អកុសល​ត្រូវ​ចោរ​ចូល​ប្លន់​នៅ​ក្នុងភូមិ​គ្រឹះ​មាន​តម្លៃ​៣,៥​លោ​ន​ផោន ឬ​ប្រហែល​៥,៤​លាន​ដុល្លារ ក្នុង​ទីក្រុង​មេន​ឆេ​ស្ទ័​រ កាលពី​យប់​ថ្ងៃ​ទី​៧ តុលា កន្លង​មក ។ ពួក​ចោរ​ប្រមូល​បានទ្រព្យ​សម្បត្តិ​មាន​តម្លៃ​គិត​ជា​ប្រាក់​សរុប​ជាង​១៧៥.០០០​ផោន​ឬ​២,៧​សែន​ដុល្លារ ប៉ុន្តែ​សំណាងល្អ​ដែល​កីឡាករ​ក្លេ​វ​វើ​លី និង​ក្រុម​គ្រួសារ​គ្មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់ ។

របាយការណ៍​បញ្ជាក់​ថា ក្រុម​ចោរ​បាន​ប្រើ​ដំបង​វាយ​បាល់​ធ្វើ​ជា​អាវុធ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា មាន​គ្នា​ប៉ុន្មាន​នាក់​ទេ ។ ដោយ​ការ​ប្លន់​ទាំង​យប់​អធ្រាត្រ​ខាងលើ ក្រុម​ចោរ​បាន​យក​នាឡិកា កាបូប​តម្លៃ​ថ្លៃ រួម​ទាំង​រថយន្ត​ម៉ាក Range Rovers ចំនួន​២​គ្រឿង​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​មួយ​បាន​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​ក្លេ​វ​វើ​លី និង​នាង​ជ័រ​ជី​ណា ឌ័​រ​សេត ជា​ប្រពន្ធ រួម​ទាំង​កូនស្រី​អាយុ​២​ឆ្នាំ មិន​បាន​រង​របួស​ទេ ប៉ុន្តែ​នាង​ជ័រ​ជី​ណា មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។

បច្ចុប្បន្ន​ហេតុការណ៍​នេះ​កំពុង​ស្ថិត​ក្រោម​ការ​សើ​ុ​ប​អង្កេត​របស់​ប៉ូលិស និង​តាម​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕