សែលកាត​និង​ក្រុមហ៊ុន​ទូរសព្ទ InFocus ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​ចែកចាយ​ផលិតផល


សែលកាត​និង​ក្រុមហ៊ុន​ទូរសព្ទ InFocus ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​ចែកចាយ​ផលិតផល

ស្រប​តាម​គោល​គំនិត​ផ្ដួចផ្ដើម​ក្នុង​ហាង (SIS) សែល​កាត បាន​បន្ត​ចុះ​ហត្ថលេខា​ជា​ដៃគូ​ចែកចាយ​ទូរសព្ទ​ទំនើប​ជាមួយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ផលិតផល​ឧបករណ៍​បញ្ចាំង LCD របស់​ខ្លួន ហើយ​បច្ចុប្បន្ន​មាន​ការ​នាំ​ចូល​ផលិតផល​ថ្មី​ទៅ​កាន់​ទីផ្សារ​ទូរសព្ទ​ទំនើប​ទៀត​នោះ​គឺ​ក្រុមហ៊ុន InFocus។

 

សែលកាត​និង​ក្រុមហ៊ុន​ទូរសព្ទ InFocus ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​ចែកចាយ​ផលិតផល

 

កិច្ច​ព្រមព្រៀង​នេះ នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Cellcard មាន​សិទ្ធិ​ក្នុង​ការ​លក់​ទូរសព្ទ​គ្រប់​ម៉ូដែល​របស់ InFocus នៅ​តាម​បណ្តា​ហាង​របស់​ខ្លួន ដោយ​ផ្តើម​ចេញ​ពី ការិយាល័យ​កណ្ដាល​របស់​ខ្លួន ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ សម្រាប់​ជា​ដំណាក់កាល​សាកល្បង ដែល​នឹង​ចាប់​អនុវត្ត​នៅ​គ្រប់​សាខា​ផ្សេងៗ​ទៀត​ក្នុង​ទីតាំង​សំខាន់ៗ។

 

លោក ជា មុនី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Polaris Mobile និង​អ្នក​ចែកចាយ InFocus Mobile ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា “ពួក​យើង​រីករាយ​បំផុត​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​ជា​ទី​ទុក​ចិត្ត និង​ឈាន​មុន​គេ​នៅ​កម្តុជា។ យើង​ជឿជាក់​ថា តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​នេះ នឹង​នាំ​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ InFocus និង Cellcard កែ​លម្អ​សេវាកម្ម​កាន់​តែ​ប្រសើរ​ដើម្បី​បំពេញ​តម្រូវ​ការ​ទំនាក់ទំនង និង​តម្រូវការ​បច្ចេកវិទ្យា​ថ្មីៗ​របស់​អតិថិជន​ខ្មែរ។

 

សែលកាត​និង​ក្រុមហ៊ុន​ទូរសព្ទ InFocus ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ដៃគូ​ចែកចាយ​ផលិតផល

 

យើង​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ណែនាំ និង​ដាក់​បង្ហាញ​នូវ​ប្រភេទ​ផលិតផល​ទូរសព្ទ​បច្ចេកវិទ្យា​ទំនើប​ថ្មី​បំផុត​របស់​យើង​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​យើង​មើល​ឃើញ​ថា​កិច្ចសហការ​ជា​ដៃគូ​នេះ​ជា​មូលដ្ឋាន​ ដើម្បី​ឱ្យ​ឥទ្ធិពល​ទីផ្សារ InFocus រីក​ចម្រើន​កាន់​តែ​ធំ​ទូលាយ។ ពួក​យើង​មាន​សុទិដ្ឋិនិយម​ថា ភាព​ជា​ដៃគូ​នេះ​ក្លាយ​ផ្ដល់​ផ្លែផ្កា​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ចំណង​រឹងមាំ​យូរ​អង្វែង ហើយ​យើង​ក៏​សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​រវាង InFocus និង Cellcard កាន់​តែ​ជិតស្និទ្ធ និង​ឈាន​ឆ្ពោះ​ទៅ​មុខ​ជា​លំដាប់”។

 

គំនិត​ផ្ដួច​ផ្ដើម​របស់​សែលកាត​ក្នុង​ការ​បង្កើត​កន្លែង​លក់​ក្នុង​ហាង​តែមួយ​សម្រាប់​បំពេញ​តម្រូវការ​ផ្នែក​ទំនាក់ទំនង​របស់​អតិថិជន​របស់​ខ្លួន បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​លក់​និង​ចែកចាយ​ជាមួយ​ក្រុមហ៊ុន​ដូចជា Samsung និង LG ជាដើម​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ថ្មីៗ​នេះ។

 

ការ​ចូល​រួម​បន្ថែម​ពី InFocus អាច​ឱ្យ​សែលកាត អាច​បង្កើន​លទ្ធភាព​ផ្គត់ផ្គង់​ម៉ាក​ទូរសព្ទ​ទំនើប​ច្រើន​ប្រភេទ​បាន​កាន់​តែ​ច្រើន លក្ខណ​ពិសេសៗ និង តម្លៃ​សមរម្យ​ដល់​អតិថិជន​របស់​ខ្លួន។

 

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បាន​បញ្ជាក់​ថា “ពួក​យើង​ជឿជាក់​ក្នុង​ការ​ផ្តល់​ជូន​ជម្រើស​កាន់​តែ​ច្រើន​ដល់​អតិថិជន​របស់​យើង ហើយ​តាម​រយៈ​នេះ​យើង​បាន​ផ្ដល់​ជូន​ទាំង​គម្រោង​ផ្សេងៗ សេវាកម្ម​បន្ថែម​និង​វិធី​ជំរុញ​ឱ្យ​ផលិតផល​ទូរសព្ទ​ផ្សេងៗ​មាន​លក់​នៅ​ហាង​របស់​យើង​ផង​ដែរ។ ជម្រើស​នេះ​មិន​ត្រឹមតែ​អាច​ឱ្យ​អតិថិជន​អាច​ទិញ​ទូរសព្ទ​ដ៏​ពេញ​និយម និង​ទំនើប​ថ្មី បំផុត​ក្នុង​ទីផ្សារ​ពី​ហាង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ឱ្យ​ពួកគេ​ស្វែង​រក​បាន​នូវ​ជម្រើស​ថ្មីៗ ដែល​សមស្រប នឹង​តម្រូវការ​ស្រប​តាម​ថវិកា​ដើម្បី​ទទួល​យក​បទពិសោធន៍​ថ្មីៗ”។

 

ដោយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​រវាង ក្រុមហ៊ុន Cellcard និង InFocus កញ្ចប់​គម្រោង​ពិសេស និង​តម្លៃ​ពិសេស​សម្រាប់​ទូរសព្ទ​ស្មាតហ្វូន​គ្រប់​ម៉ូដែល នឹង​មាន​លក់​ជូន​សម្រាប់​តែ​អតិថិជន​សែលកាត​នៅ​តាម​ហាង​សែលកាត​ដែល​មាន​ការ​បញ្ចុះ​តម្លៃ កាដូ​ឥត​គិត​ថ្លៃ និង​គម្រោង​ទូរសព្ទ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ផង​ដែរ។

 

អតិថិជន​ដែល​បាន​ទៅ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​សែលកាត អាច​ទទួល​បាន ការ​ផ្ដល់​ជូន​ជាពិសេស​នេះ​ចាប់​ពី​ថ្ងៃ​ទី ៧ខែ​តុលា​នេះ​ត​ទៅ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម