បទ​វិភាគ៖ តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្ដល់​ឱកាស​និង​បញ្ហា​ប្រឈម​អ្វី​ខ្លះ​ដល់​កម្ពុជា?

ទាញ​យក​កម្មវីធី

គំនិត​ផ្ដួចផ្ដើម​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥ ត្រូវ​បាន​គ្រោង​ទុក​តាំង​ពី​ឆ្នាំ​២០០២ មក​ម្ល៉េះ។ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន បាន​ព្រមព្រៀង​គ្នា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​បាន​មុន​ឆ្នាំ​២០២០។ លុះ​ក្រោយ​មក គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​រំកិល​មក​ក្នុង​ដំណាច់​ឆ្នាំ​២០១៥ វិញ។ កម្ពុជា ដែល​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​តាំង​ពី​ឆ្នាំ​១៩៩៩ ក៏​នឹង​ត្រូវ​សម្រប​ខ្លួន​នៅ​ក្នុង​ចរន្ត​នៃ​សមាហរណកម្ម​ទីផ្សារ​តំបន់​សេរី​នេះ​ដែរ។

តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ អាច​សម្រេច​ឡើង​ដោយ​ជោគជ័យ​នៅ​ក្នុង​ដំណាច់​ឆ្នាំ​២០១៥ នេះ​ដែរ​ឬ​ទេ? តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ផ្ដល់​ឱកាស និង​បញ្ហា​ប្រឈម​អ្វី​ខ្លះ ដល់​ប្រទេស​កម្ពុជា?

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ជា​សហគមន៍​តំបន់​ដែល​បង្កើត​ឡើង​ដោយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ក្នុង​គោល​បំណង​ប្រែ​ក្លាយ​អាស៊ី​អាគ្នេយ៍ ឲ្យ​ទៅ​ជា​តំបន់​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ដ៏​សកម្ម​នៅ​ក្នុង​ពិភពលោក តាម​រយៈ​ការ​បង្កើត​ទីផ្សារ​រួម និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ តាម​លំនាំ​សហភាព​អឺរ៉ុប។ ប្រសិន​បើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ដូច​ការ​គ្រោង​ទុក​នៅ​ដំណាច់​ឆ្នាំ​២០១៥ នេះ អាស៊ាន​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៧ នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង និង អង់គ្លេស ដែល​មាន​ប្រជាជន​សរុប​ប្រហែល ៦២៥​លាន​នាក់ និង​ផលិតផល​សរុប​ប្រចាំ​ឆ្នាំ​ចំនួន ២,៦​ទ្រី​លាន​ដុល្លារ​អាមេរិក។

យ៉ាង​ណា​មិញ គេ​ពិបាក​ជឿ​ថា អាស៊ាន​នឹង​អាច​សម្រេច​នូវ​មហិច្ឆតា​បង្កើត​សហគមន៍​សេដ្ឋកិច្ច​រួម​ដោយ​ជោគជ័យ​នៅ​ដំណាច់​ចុង​ឆ្នាំ​២០១៥ នេះ​ណាស់។ មាន​ទឡ្ហីករណ៍​ជាច្រើន អាច​លើក​យក​មក​បញ្ជាក់​អំណះអំណាង​ខាង​លើ។ កត្តា​សំខាន់​ទី​មួយ គឺ​គម្លាត​សេដ្ឋកិច្ច​រវាង​បណ្ដា​ប្រទេស​អាស៊ាន​ចាស់ គឺ​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ប្រ៊ុយណេ និង​ប្រទេស​អាស៊ាន​ថ្មី គឺ​ឡាវ កម្ពុជា វៀតណាម និង​មីយ៉ាន់ម៉ា។

កត្តា​ផ្នត់​គំនិត និង​បញ្ហា​ជាតិ​និយម​នៃ​បណ្ដា​មេ​ដឹក​នាំ និង​ប្រជាជន​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក៏​ជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​ផង​ដែរ ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​ដោយ​ជោគជ័យ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​រួម ជា​ឧទាហរណ៍ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម នៅ​តាម​ព្រំដែន​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ជម្លោះ​ទឹក​ដី​រវាង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ការ​ខ្វែង​គំនិត​គ្នា​រវាង​សមាជិក​អាស៊ាន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​មហា​អំណាច​ចិន ដែល​ប្រទេស​សមាជិក​នីមួយៗ​ខិតខំ​ការពារ​ប្រយោជន៍​ប្រទេស​ខ្លួន ជាង​ប្រយោជន៍​រួម​អាស៊ាន ជាដើម។

លើស​ពី​នេះ​ទៅ​ទៀត កត្តា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ពី​ប្រទេស​សមាជិក​មួយ​ទៅ​ប្រទេស​សមាជិក​មួយ​ទៀត និង​បញ្ហា​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​បណ្ដា​ប្រទេស​សមាជិក​មួយ​ចំនួន ក៏​ជា​កត្តា​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ធ្វើ​សមាហរណកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា គេ​រំពឹង​ថា បន្ទាប់​ពី​សហគមន៍​សេដ្ឋកិច្ច​ត្រូវ​បាន​បង្កើត នៅ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នឹង​មាន​លំហូរ​ដោយ​គំហុក​នូវ​ទំនិញ សេវាកម្ម និង​ការ​វិនិយោគ​បរទេស មូលធន​ហិរញ្ញវត្ថុ​រវាង​ប្រទេស​សមាជិក នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សេរី​ដោយ​មិន​មាន​ការ​បង់​ពន្ធ​គយ និង​ជាពិសេស ចរាចរ​ពលករ អ្នក​ជំនាញ អ្នក​វិនិយោគទុន​ពី​ប្រទេស​សមាជិក​នីមួយៗ​ក្នុង​តំបន់ នឹង​មាន​កំណើន​កាន់​តែ​ខ្លាំង។

សម្រាប់​ប្រទេស​កម្ពុជា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​នាំ​មក​នូវ​ឱកាស​ទីផ្សារ​ដ៏​ធំ ដើម្បី​នាំ​ចេញ​នូវ​ផលិតផល​ក្នុង​ស្រុក​ទៅ​លក់​ក្នុង​ទីផ្សារ​អាស៊ាន​ជាមួយ​តម្លៃ​ខ្ពស់ និង​រាល់​ទំនិញ​នាំ​ចូល នឹង​មាន​តម្លៃ​ថោក ដោយសារ​មិន​មាន​ការ​បង់​ពន្ធ។ លើស​ពី​នេះ ពលករ អ្នក​ជំនាញ និង​អ្នក​វិនិយោគទុន​កម្ពុជា នឹង​មាន​លទ្ធភាព​ពង្រីក​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដោយ​ពុំ​មាន​របាំង​ព្រំដែន។ ទន្ទឹម​នឹង​នេះ​ដែរ កម្ពុជា នឹង​អាច​ជួប​ប្រទះ​នូវ​ឧបសគ្គ​ក្នុង​បណ្ដា​ឆ្នាំ​ដំបូង ដោយ​ហេតុ​ថា កម្ពុជា នៅ​មាន​កង្វះ​ខាត​ធនធាន​មនុស្ស បរិមាណ​ផលិតផល​សម្រាប់​នាំ​ចេញ​នៅ​មាន​កម្រិត ការ​ពុំ​ទាន់​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ពេញលេញ​ដល់​អ្នក​វិនិយោគទុន​បរទេស កង្វះ​ភាព​ជឿជាក់​នៅ​ក្នុង​ប្រព័ន្ធ​បទដ្ឋាន​គតិយុត្តិ និង​បញ្ហា​អំពើ​ពុក​រលួយ ជាដើម។

ដើម្បី​ទាញ​ប្រយោជន៍​នានា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឲ្យ​បាន​ជា​អតិបរមា​នៅ​ពេល​ខាង​មុខ ការ​បើក​ចំហ​បេះដូង​ដើម្បី​ការ​រៀន​សូត្រ​ពី​ចំណុច​ខ្លាំង​នៃ​ប្រទេស​អាស៊ាន​ដទៃ អាច​ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​ដែរ ការ​វិនិយោគ​លើ​វិស័យ​អប់រំ​បន្ថែម​ទៀត ក៏​ជា​កត្តា​ចាំបាច់​មួយ ដើម្បី​លើក​កម្ពស់​សមត្ថភាព​យុវជន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​សម្រេច​ឲ្យ​បាន​នូវ​កំណែ​ទម្រង់​ស៊ី​ជម្រៅ។ កត្តា​ទាំង​នេះ អាច​ជួយ​ឲ្យ​មាន​ភាព​ជឿជាក់​ពី​សំណាក់​អ្នក​វិនិយោគទុន​លើ​ប្រព័ន្ធ​បទដ្ឋាន​គតិយុត្តិ និង​តម្លាភាព គ្មាន​អំពើ​ពុក​រលួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។