តុលាការ សម្រេច​ចាត់​របៀប ដោយ​បង្វិលសំណុំរឿង ទៅចៅក្រមស៊ើបអង្កេត រកភស្តុតាងថ្មីឡើងវិញ ក្នុងករណីលោកហុងសុខហួរ

ភ្នំពេញ: នៅក្នុង​សវនាការ នា​រសៀល​ថ្ងៃទី​៧​តុលា​នេះ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចាត់​របៀប ដោយ​បង្វិលសំណុំរឿង ទៅកាន់ចៅក្រមស៊ើបអង្កេត​ ស្វែងរកភស្តុតាងឡើងវិញ។​ ក្នុងនោះ ចៅក្រម បានតម្រូវ​ឲ្យ​អ្នកជំនាញ ស្រាវជ្រាវ​ឯកសារ ក្នុងករណី​សំណុំរឿង លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​។ សវនាការ​ជាថ្មីទៀត មិនត្រូវ​បាន​​កំណត់​ថ្ងៃ​​ធ្វើ​ពេលណា​នោះទេ​។

​ក្នុង​សវនាការ ដែលមាន​វត្តមាន​រប​ស់លោក​ហុង​សុខ​ហួរ ព្រមទាំង​មេធាវី នា​រសៀល​ថ្ងៃទី​៧​តុលា​នេះ លោកចៅក្រម​ រស់ ពិសិទ្ធិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ​បានសម្រេច​ចាត់​របៀប ដោយ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិនិត្យ​ស្រាវជ្រាវ​ឯកសារ​តាម​អ៊ី​ន​ថឺ​ណេ​ត ដោយ​រៀបចំ​ឧ​ប​ករណី និង​កំណត់​រូបមន្ត ដើម្បី​ទាញយក​ឯកសារ​បង្ហោះ​ក្នុង​អ៊ិន​ថឺ​ណេ​ត កន្លងមក​។ ចៅក្រម​ក៏បាន​កំនត់​ឲ្យ​ដាក់​ឯកសារ​ទាំងនោះ កាន់​អង្គ​សវនាការ ដោយ​គ្មាន​កំណត់​ថ្ងៃខែ​ឡើយ​។​

​ការសម្រេច​របស់​ចៅក្រម ដោយ​ចាត់​របៀប​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់បី​មេធាវី​ការពារ​លោក​ហុង​សុខ​ហួរ បានបង្ហាញ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន ដែល​លោក​ហុង​សុខ​ហួរ បង្ហោះ​នោះ គឺ​ដូច​អ្វីដែល​លោក​ហុង​សុខ​ហួរ បាន​ប្រាប់​តុលាការ ក្នុង​សវនាការ​កាលពី​ថ្ងៃទី​២​តុលា ថា​លោក​បានមកពី​ក្នុង​អ៊ិន​ថឺ​ណេ​ត​។​

​លោក អំ សំអាត សកម្មជន​សិទ្ធិមនុស្ស លីកាដូ ដែល​បាន​តាមដាន​សវនាការ​លើ​ករណី​លោក​ហុង​សុខ​ហួរ បាន​ចាត់ទុកជា​នីតិវិធី​ល្អ តែ​លោ​កអំ​សំអាត អះអាងថា ចៅក្រម គួរតែ​កំណត់ពេល​ច្បាស់លាស់ ដើម្បី​បើកសវនាការ​ឡើងវិញ​លើ​ករណីនេះ ព្រោះ​ការស្រាវជ្រាវ និង​ទាញយក​ឯកសារ​ពី​អ៊ី​ន​ថឺ​ណេ​ត មិន​ចំណាយពេល​យូរ​នោះទេ​។​

​សូម​រម្លឹកថា ខណៈពេលដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ នា​រសៀល​ថ្ងៃទី​៧​តុលា​នេះ មាន​ក្រុម​អ្នកគាំទ្រ​លោក​ហុង សុខ​ហួរ បាននាំគ្នា​ប្រមូលផ្តុំ​នៅក្រៅ​តុលាការ បាននាំគ្នា​កាន់​បដា និង​រូបភាព​លោក​ហុង សុខ​ហួរ ដោយបាន​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​ហុង សុខ​ហួរ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​

​លោក​ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ ហើយ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក​ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។​

​តុលាការ​បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ ចំនួន​៣​បទល្មើស​៖ ទី​១.​បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣​បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

​ក្នុងពេល​តុលាការ កំពុងតែបន្ត​នីតិវិធី​ក្នុង​សំណុំរឿង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម គឺ​ជំនួយការ​លោក ហុង សុខ​ហួរ និង​អ្នកបច្ចេកទេស​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានគេច​ខ្លួន ចេញទៅ​ក្រៅប្រទេស​។​

​ការបន្ត​នីតិវិធី​របស់​ក្នុង​តុលាការ​ក្នុ​ងំ​ណុំ​រឿងនេះ តុលាការ​គ្រោង​នឹង​កោះអញ្ជើញ​ជំនួយការ​លោក ហុង សុខ​ហួរ រួមទាំង​ក្រុម​អ្នកបច្ចេកទេស​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន ដើម្បី​ធ្វើការ​សាកសួរ និង​បំភ្លឺ​អំពី​ដំណើរ​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់លោក ហុង សុខ​ហួរ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​របស់លោក​សមរង្ស៊ី​។

​ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក​ហុង​សុខ​ហួរ បានធ្វើការ​បកស្រាយ អះអាង​អំពី​ខ្លឹមសារ​ប្រការ​៤ នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ ថា សម្តេច ហេង សំរិន ដែលជា​ប្រមុខរដ្ឋ បាន​ចុះហត្ថលេខា ជាមួយ​ប្រមុខរដ្ឋ​របស់​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៩ ថា ប្រទេស​ទាំងពីរ​ឯកភាព​គ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំងពីរ ព្រមទាំង​បាន​លើកយក​អត្ថបទ នៃ​សន្ធិសញ្ញា​នេះ ដាក់បញ្ចូល​ក្នុង​វីដេអូ​ឃ្លី​ប​នេះ​ទៀត​។​

​អ្វីដែល​ជាដើម​ចមនាំ​ឲ្យ​មានការ​ចាប់ខ្លួន គឺ​បន្ទាប់ពី​លោក ហុង សុខ​ហួរ បាន​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក របស់លោក​សម រង្ស៊ី កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥ នូវ​វីដេអូ​ឃី្ល​ប​ក្លែងក្លាយ​ឯកសារ​សាធារណៈ ភូតកុហក បោកប្រាស់ និង​បំពុល​សាធារណមតិ ខុសពី​ខ្លឹមសារ​ដើម​ពិតប្រាកដ នៃ​សន្ធិសញ្ញា សន្តិភាព មិត្តភាព និង​សហ ប្រតិ ប​ត្តិ​ការ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ការចាប់ខ្លួន​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​ម្នាក់​របស់​គណបក្ស សម រង្ស៊ី គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន ន​យក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​រូបនោះ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥​។​

​ទាក់ទង​ករណីនេះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ការបដិសេធ និង​ថ្កោលទោស ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ក្បត់ជាតិ​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​បាន​ក្លែង​ឯកសារ​សាធារណៈ ដើម្បី​បម្រើ​ឲ្យ​នយោបាយ​ប្រជា​ភិ​ថុ​ត បោកប្រាស់​សាធារណមតិ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​