លោក​ញឹក ប៊ុនឆៃ​៖ ការបង្រួបបង្រួម​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មិនទាន់​មានដំណើរ​ការល្អ​

ភ្នំពេញ: គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ការស្រុះស្រួល​គ្នា​នៅឡើយ​ទេ រវាង​ក្រុម​លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​ក្រុមមន្ត្រី​មួយចំនួន ដែល​ហែរ​ហម​តាម​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​ការប្រកាន់​បក្ខពួក ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​។​

​លោក​ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​នៅក្នុង​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​សម័យ​តស៊ូ នៅតាម​ជាយដែន និង​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​៥-៦ ខែកក្កដា កាលពី​ព្រឹក​ថ្ងៃទី​៧​តុលា​នេះ​ថា សូម​ឲ្យ​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើយ៉ាងណា​ឲ្យ​មានការ​បង្រួបបង្រួម ពីព្រោះ​តាំងតែ​ពី​បង្រួបបង្រួម​គ្នា​តាំងពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ រហូត​ម​មកដល់ពេលនេះ​ជិត​មួយឆ្នាំ​ហើយ ប៉ុន្តែ​ការបង្រួបបង្រួម​នេះ ហាក់ដូចជា​មិន​ដំណើរការ​បានល្អ​ទេ ដោយសារតែ​នៅមាន​ការប្រកាន់​បក្ខ​ប្រកាន់ពួក​។​

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា “​ការប្រកាន់​បក្ខពួក​នេះ ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ហ្វ៊ុនស៊ិនប៉ិច ចុះខ្សោយ​។ អីចឹង​ទាំងអស់គ្នា ត្រូវ​នាំគ្នា​បំបាត់​ការប្រកាន់​បក្ខពួកនិយម គ្រួសារនិយម ដើម្បី​ឈានទៅ​បង្រួបបង្រួម​គ្នា​អ្នករាជានិយម នៅក្នុង​ក្របខណ្ឌ នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថែរក្សា​កេរ្តិ៍ដំណែល​សម្តេចឪ សម្តេច​តា គឺ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ត​ទៅមុខទៀត នេះ​គឺ​សូម​អំពាវនាវ​។ ហើយ​យើងខ្ញុំ​ដែលជា​អតីត​កូនចៅ ដែលជា​ចំណែក​មួយ​ដ៏​ធំ គឺ​អ្នក​ដែល​តស៊ូ ដែល​សម្តេចឪ សម្តេច​តា ប្តេជ្ញាចិត្ត​ជាដាច់ខាត​ត្រូវតែ​ការពារ​ថែរក្សា​នូវ​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច នេះ​ឲ្យ​បាន​គង់វង្ស​ជានិច្ច ទោះ​មាន​អាសនៈ​នៅ​សភា ទោះ​មិនមាន​អាសនៈ​នៅ​សភា ប៉ុន្តែ​ត្រូវ​ថែរក្សា​ជា​កេរ្តិ៍ដំណែល​តរៀង​ទៅមុខទៀត​”​។​

​ជាមួយគ្នានេះ លោក​ញឹក ប៊ុនឆៃ ក៏បាន​សូម​អំពាវនាវ​ឲ្យ​មានការ​រួបរួមសាមគ្គី​គ្នា នៅក្នុង​រង្វង់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ថែរក្សា​ការពារ និង​ស្តារ​កិ​ត្តិយស​កិត្តិនាម និង​ស្តារ​ប្រជាប្រិយភាព ក្នុង​ការទទួល​បានកា​រ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើងវិញ​ផងដែរ​៕​

លោក​ញឹក ប៊ុនឆៃ​៖ ការបង្រួបបង្រួម​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​មិនទាន់​មានដំណើរ​ការល្អ​