បុរស​វៀតណាម​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​ភ្លុក​ដំរី​និង​ក្រញ៉ាំ​ខ្លា

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ថ្ងៃ​អង្គារ បុរស​វៀតណាម​ម្នាក់​ទទួល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់ពន្ធ​សំណាក​សត្វ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ជាមួយ​នឹង​ភ្លុកដំរី​​ទម្ងន់​៤៣​គីឡូក្រាម​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប កាលពី​យប់​ថ្ងៃ​អាទិត្យ។

លោក គង់ សុខផល្លាគុណ ប្រធាន​ការិយាល័យ​គយ​អាកាស​យានដ្ឋាន បាន​និយាយ​ថា មន្ត្រី​របស់​លោក​បាន​ចាប់​ខ្លួន វូ ឡេ ធុយ អាយុ​៤៣​ឆ្នាំ នៅ​ម៉ោង​ប្រហែល​១១​និង​១៥​នាទី​យប់ បន្ទាប់ពី​បាន​រក​ឃើញ​ទំនិញ​រត់ពន្ធ ដែល​មាន​សរីរាង្គ​ដំរី​និង​ខ្លា។ លោក​បាន​និយាយ​ថា បុរស​នោះ​ត្រូវ​បាន​គេ​ឃាត់​ទុក​ដោយ​ឡែក ដោយសារតែ​ផ្លូវ​ធ្វើ​ដំណើរ​គួរ​ឲ្យ​សង្ស័យ​របស់​គាត់ ដែល​ចាប់​ផ្តើម​នៅ​ប្រទេស​អង់ហ្គោឡា ហើយ​បាន​បន្ត​ទៅ​ប្រទេស​អេចូពី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង មុន​មក​ដល់​ប្រទេស​កម្ពុជា។

លោក​បាន​និយាយ​ថា “នៅ​ពេល​បុរស​នោះ​មក​ដល់​អាកាស​យានដ្ឋាន មន្ត្រី​របស់​យើង​សង្ស័យ និង​ហៅ​គាត់​មក​សាក​សួរ ហើយ​បន្ទាប់មក​ឆែក​វ៉ាលិស​របស់​គាត់ ហើយ​ក៏​បាន​រក​ឃើញ​សរីរាង្គ​សត្វ​មួយ​ចំនួន”។

លោក សុខផល្លាគុណ បាន​និយាយ​ថា មន្ត្រី​របស់​លោក​យល់​ថា វា​ចម្លែក​ដែល​គាត់​បាន​ជ្រើសរើស​ឈប់​សំចត​នៅ​ប្រទេស​កម្ពុជា តែ​ម្នាក់​ឯង មុន​បន្ត​ដំណើរ​ទៅ​ស្រុក​កំណើត​ប្រទេស​វៀតណាម។

លោក​បាន​និយាយ​ថា “យើង​សង្ស័យ​គាត់ ពីព្រោះ​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដ៏​ឆ្ងាយ ប៉ុន្តែ​គាត់​មិន​ជិះ​ត្រង់​ផ្ទាល់​ទៅ​គោលដៅ​ចុង​ក្រោយ​របស់​គាត់។ យើង​សង្ស័យ​គាត់​ដោយសារតែ​យើង​មាន​បទ​ពិសោធន៍”។

លោក​បាន​និយាយ​ថា គេ​បាន​រក​ឃើញ​ភ្លុក​ដំរី​១៥​កំណាត់​ទម្ងន់៤៣​គីឡូ​ក្រាម កន្ទុយ​ដំរី​ក្រៀម​១១​ទម្ងន់១,៩​គីឡូក្រាម និង​ក្រញ៉ាំ​និង​ចង្កូម​ខ្លា​ទម្ងន់០,២​គីឡូក្រាម។

មន្ត្រី​គយ​បាន​និយាយ​ថា នៅ​ពេល​ចាប់​ខ្លួន​គាត់ ជន​សង្ស័យ​បាន​សារភាព​ថា​បាន​ទិញ​សរីរាង្គ​សត្វ​ទាំង​នោះ​នៅ​ប្រទេស​អង់ហ្គោឡា ដើម្បី​លក់​នៅ​ប្រទេស​វៀតណាម។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​បាន​រៀបចំ​បណ្តឹង​និង​បញ្ជូន​ជន​សង្ស័យ​និង​ភ័ស្តុតាង​ទៅ​តុលាការ ដើម្បី​បន្ត​នីតិ​វិធី​នៅ​ព្រឹក​នេះ”។

លោក រាម ច័ន្ទ​មុនី ព្រះ​រាជអាជ្ញា​រង​តុលាការ​ខេត្ត​សៀមរាប បាន​និយាយ​ថា លោក​បាន​បញ្ចប់​ការ​សាកសួរ​ជន​សង្ស័យ​កាលពី​ថ្ងៃ​អង្គារ និង​បាន​ចោទ​គាត់​តាម​មាត្រា​៩៧​នៃ​ច្បាប់​ព្រៃ​ឈើ។

លោក​បាន​និយាយ​ថា “គាត់​ត្រូវ​ជាប់​ចោទ​ពី​បទ​រត់​ពន្ធ​​សំណាក​សត្វ ហើយ​បើ​ជាប់​ពិរុទ្ធ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ដល់​១០​ឆ្នាំ។ ឥឡូវ​នេះ គាត់​ត្រូវ​គេ​បញ្ជូន​ទៅ​ពន្ធនាគារ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន”។

កាលពី​ខែ​ឧសភា​ឆ្នាំ​មុន មន្ត្រី​គយ​នៅ​ខេត្ត​ព្រះ​សីហនុ រឹប​អូស​បាន​ភ្លុក​ដំរី​ជាង​បី​តោន ដែល​មក​ពី​ប្រទេស​កេនយ៉ា ដែល​ជា​ការ​ចាប់​បាន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពីមុន​មក​នៅ​ប្រទេស​កម្ពុជា៕ និត

 

The post បុរស​វៀតណាម​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រត់​ពន្ធ​ភ្លុក​ដំរី​និង​ក្រញ៉ាំ​ខ្លា appeared first on ខេមបូឌា ដេលី.