បក្សសំបុកឃ្មុំផ្តើម​បែកបាក់ផ្ទៃក្នុងកាន់តែធំ​ ​ខណៈអនុប្រធាន​ម្នាក់​ដាក់ពាក្យប្តឹងសុំរំលាយគណបក្ស

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីតុលាការបានឲ្យដឹងថា​ អនុប្រធានគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ ​លោក ហ៊ាង រិទ្ឋី ​បានដាក់ពាក្យបណ្តឹង​ចូលសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីសុំឲ្យបិទ​និងរំលាយ​គណបក្សចេញពីបញ្ជីឈ្មោះក្រសួងមហាផ្ទៃ ​និងស្នើឲ្យតុលាការបើកការ​ស៊ើបអង្កេតអំពីការ​ចាយវាយថវិកាពីសំណាក់លោក  ម៉ម សូណង់ដូ​ ជាប្រធានគណបក្ស។

កោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ និងឆ្លើយតបបានទេពីលោក​នាយកវិទ្យុសំបុកឃ្មុំ ម៉ម​ សូណង់ដូ ​នៅល្ងាចថ្ងៃទី០៧តុលានេះ ។

នៅពេលនេះ ​គណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យត្រូវបាន​គេមើលឃើញថាកំពុងបែក​បាក់ផ្ទៃក្នុងកាន់តែធំ ​ក្រោយអនុប្រធាន​គណបក្សនេះម្នាក់​ទៀតគឺលោក ហារី សំអាត ​បានត្រូវបណ្តេញចេញ​ពីបក្សកាលពីពេលថ្មីៗនេះ ​និង លោក ហ៊ាង រិទ្ឋី ​ដាក់ពាក្យបណ្តឹងខាងលើ ។

គួរបញ្ជាក់ថា ​កាលពីថ្ងៃទី០៩កញ្ញាកន្លង​ទៅគណបក្សសំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​បានធ្វើ​សមាជ​លើកទី១​របស់ខ្លួន​ ​​ដើម្បីជ្រើសតំាងប្រធាន​ អនុប្រធាន ​និង​ក្បាល​ម៉ាស៊ីន​ដឹកនំា​គណបក្សមួយចំនួនទៀត ​ប៉ុន្តែមិនបាន​ប៉ុន្មានផងផ្ទៃក្នុង​គណបក្សកំពុងតែបែកបាក់ ៕