បារាំងបញ្ជួន អ្នកជំនាញការផ្នែក IT មកធ្វើការជាមួយ គ.ជ.ប

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ បានបញ្ជួនលោក ហាមីឌី អ្នក ជំនាញការ ផ្នែកព័ត៌មានវិទ្យា (IT) មកធ្វើការជាមួយក្រុមការងាររបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេលមួយសប្តាហ៍។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប បានឲ្យដឹងថា គោលដៅសំខាន់ ក្នុងការចុះឈ្មោះបោះឆ្នោត តាម ប្រព័ន្ធកុំព្យូទ័រ ដើម្បីទប់ស្កាត់ការចុះឈ្មោះឲ្យអ្នកចុះឈ្មោះ ដែលមិនមានសិទ្ធិបោះឆ្នោត ទប់ស្កាត់ការ ចុះឈ្មោះស្ទួន ធានាឲ្យអ្នកមានសិទ្ធបោះឆ្នោត មានលទ្ធភាពចុះឈ្មោះបោះឆ្នោត។

ចំពោះបញ្ជីឈ្មោះបោះឆ្នោត ត្រូវមានតម្លាភាព មានគុណភាព និងមានសុវត្ថិភាពនៃទិន្នន័យអ្នកបោះ ឆ្នោត ។ ចំណុចទាំងអស់នេះ គឺទាក់ទងទៅនឹងបច្ចេកទេសកុំព្យូទ័រ ដែលត្រូវរៀបចំប្រព័ន្ធគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ។

ប្រភពដដែលបន្តថា « ស្ថានទូតបារាំងបញ្ជូនលោក ហាមីឌី មកធ្វើការជាមួយ គ.ជ.ប ក្នុងខែនេះ មានរយៈពេល មួយសប្តាហ៍ បន្ទាប់មកបេសកកម្មលើកទី២ របស់លោកនឹងធ្វើការនៅ គ.ជ.ប រយៈពេលមួយខែ គឺនៅខែវិច្ឆិកា»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា សហភាពអឺរ៉ុប នឹងបញ្ជួនអ្នកជំនាញការរបស់ខ្លួន មកធ្វើការជាមួយ គ.ជ.ប រយៈពេល ៩សប្តាហ៍។ មកទល់ពេលនេះ គ.ជ.ប បានទទួលអ្នកជំនាញការបរទេស សម្រាប់ជួយកែ ទម្រង់ ការបោះឆ្នោតមានចំនួន ៣ រូបហើយ ដែលមានអ្នកជំនាញមកពី ជប៉ុន ២រូប និងបារាំង១រូប ៕