មន្ត្រី​ខេត្ត​ឧត្តរមានជ័យ​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​វត្ត​ក្នុង​ក្រុង​សំរោង

ទាញ​យក​កម្មវីធី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​គណៈប្រតិភូ​នៃ​គណបក្ស​របស់​លោក​មួយ​ក្រុម ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឧត្តរមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា ក្នុង​បំណង​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក​គាំទ្រ​ជិត ១​ពាន់​នាក់។ ក៏ប៉ុន្តែ​ដំណើរ​របស់ លោក សម រង្ស៊ី និង​សហការី​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ នោះ ក្រៅ​តែ​ពី​មាន​ប្រជាពលរដ្ឋ​ជិះ​លើ​គោយន្ត​ប្រហែល ២០​គ្រឿង លើក​គ្នា​មក​ប្រឆាំង ក៏​មាន​មន្ត្រី​រាជការ​ខ្លះ​បាន​យក​រថយន្ត​ទៅ​ដាក់​ពាំង​ផ្លូវ មិន​ឲ្យ​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ និង​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​ខ្មែរ នៅ​ក្នុង​វត្ត​ប្រាសាទ​រាជា​សំរោង បាន​ទៀត​ផង។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​ប្រជាពលរដ្ឋ ដែល​លើក​គ្នា​មក​ប្រឆាំង​នឹង លោក សម រង្ស៊ី ព្រម​ទាំង​ចាត់​មនុស្ស​ឲ្យ​រារាំង​ក្រុម​គណៈប្រតិភូ​នៃ​គណបក្ស​ប្រឆាំង មិន​ឲ្យ​ចូល​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​ក្នុង​វត្ត​សំរោង បាន​ទៀត​ផង។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រី​អះអាង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា គឺ​អ្នកស្រី​បាន​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​សហការី​ជាច្រើន​ទៀត​ទៅ​កាន់​ខេត្ត​ឧត្តរមានជ័យ។ នៅ​ពេល​ដែល លោក សម រង្ស៊ី ទៅ​ដល់​ក្រុង​សំរោង កាល​ពី​ម៉ោង​ជាង ៩​ព្រឹក ក្រៅ​តែ​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ ដែល​ជិះ​លើ​គោយន្ត​ជាច្រើន​គ្រឿង លើក​គ្នា​មក​ប្រឆាំង គឺ​មាន​មន្ត្រី​ខ្លះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ក៏​បាន​យក​រថយន្ត​ទៅ​ចត​ពាំង​ផ្លូវ​មិន​ឲ្យ លោក សម រង្ស៊ី និង​សមាជិក​សមាជិកា​ជាច្រើន​ទៀត អាច​ចូល​ទៅ​ក្នុង​វត្ត​ប្រាសាទ​រាជា​សំរោង ដើម្បី​ថ្វាយ​បង្គំ​ព្រះសង្ឃ និង​ធ្វើ​បុណ្យ​បាន​ទេ។ អ្នកស្រី កែ សុវណ្ណរតន៍ យល់​ថា ការ​រៀបចំ​សកម្មភាព​រារាំង​ដំណើរ​បែប​នេះ គឺ​ជា​ចេតនា​របស់​អាជ្ញាធរ​ឧត្តរមានជ័យ ដែល​ឈរ​នៅ​ពី​ក្រោយ​ខ្នង៖ «យើង​មាន​ការ​សោកស្ដាយ ដោយសារ​ថា សាសនា​ជា​របស់​យើង​ទាំងអស់​គ្នា ដល់​តែ​ពេល​ទៅ​រារាំង​រហូត​ដល់​ក្នុង​វត្ត​ទៅ​ទៀត វា​ហួស​ហេតុ​ពេក​ណាស់»

ទោះ​យ៉ាង​ណា មន្ត្រី​ខេត្ត​ឧត្តរមានជ័យ បដិសេធ​ថា សកម្មភាព​ដែល​ប្រជាពលរដ្ឋ​លើក​គ្នា​មក​ប្រឆាំង លោក សម រង្ស៊ី ព្រម​ទាំង​មិន​អាច​ចូល​ទៅ​ក្នុង​ទី​វត្ត​បាន​នោះ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​របស់​អាជ្ញាធរ​ទេ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី បាន​ច្រាន​ចោល​ថា អាជ្ញាធរ​មិន​ដែល​រារាំង​ចំពោះ​សកម្មភាព​របស់​គណបក្ស​នយោបាយ​ណា​មួយ ដែល​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ។ ចំណែក​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ដាក់​រថយន្ត​ពាំង​ផ្លូវ​មិន​ឲ្យ លោក សម រង្ស៊ី ចូល​ទៅ​ក្នុង​វត្ត​ដើម្បី​ធ្វើ​បុណ្យ ក៏​មិន​ពិត​ដែរ គឺ​គ្រាន់​តែ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ច្រើន​ពេក មាន​សភាព​ចង្អៀត​ចូល​មិន​ចុះ​ប៉ុណ្ណោះ។ លោក ស ថាវី អះអាង​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ ១​ក្រុម​ដែល​ជិះ​លើ​គោយន្ត​ជាង ២០​គ្រឿង​លើក​គ្នា​មក​ប្រឆាំង​ដំណើរ​របស់ លោក សម រង្ស៊ី នោះ ក៏​មិន​មាន​អាជ្ញាធរ​ណា​រៀបចំ​ដែរ គឺ​មនុស្ស​ទាំង​នោះ​សុទ្ធតែ​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ជាមួយ លោក សម រង្ស៊ី៖ «ពាក់ព័ន្ធ​នឹង​ដំណើរ​នេះ ក៏​អាជ្ញាធរ​មិន​បាន​ទៅ​រារាំង​អី​ដែរ អាជ្ញាធរ​អត់​មាន​លូកលាន់​ការ​រៀបចំ​ក្បួន​អី​ទាំងអស់។ នេះ គឺ​ជា​រឿង​គ្រួសារ​របស់​គាត់ គាត់​ឈ្លោះ​គ្នា​ក្នុង​គ្រួសារ»

ចំណែក​អ្នក​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ដែល​តាម​ឃ្លាំ​មើល​ដំណើរ​របស់ លោក សម រង្ស៊ី ឲ្យ​ដឹង​ថា អ្នក​ដែល​យក​រថយន្ត​ទៅ​ចត​ពាំង​ផ្លូវ​មិន​ឲ្យ​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ក្នុង​វត្ត​ប្រាសាទ​រាជា​សំរោង បាន​នោះ គឺ​ឈ្មោះ តា​តឿ ជា​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧត្តរមានជ័យ។ លោក ស្រី ណារ៉េន យល់​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ពេល​ដែល​មាន​មន្ត្រី​រាជការ​ចេញ​មុខ​ធ្វើ​បែប​នេះ ចង់​ឬ​មិន​ចង់ ក៏​គេ​គិត​ថា វា​គឺ​ជា​ចេតនា​អាក្រក់​មួយ​ទៅ​ក្រុម​គណបក្ស​ប្រឆាំង​ដែរ។

ពេញ​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​សកម្មជន និង​អ្នក​គាំទ្រ​នៅ​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្តរមានជ័យ និង​តំបន់​ខ្លះ​ទៀត​នៃ​ស្រុក​អន្លង់វែង។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ អាជ្ញាធរ​ស្រុក​អន្លង់វែង ធ្លាប់​បាន​រារាំង​មិន​ឲ្យ​មាន​ការ​សង់​រោង​នៅ​ភូមិ​គគីរលើ នៃ​ឃុំ​លំអង ដើម្បី​ចាំ​ទទួល​ដំណើរ​របស់ លោក សម រង្ស៊ី ម្ដង​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។