តុលាការ​លើក​ពេល​សវនាការ​សំណុំ​រឿង​លោក ហុង សុខហួរ ដោយ​មិន​កំណត់​ពេល

ទាញ​យក​កម្មវីធី

សវនាការ​លើក​ទី​ពីរ​ក្នុង​សំណុំ​រឿង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រឆាំង ត្រូវ​លើក​ពេល​ជា​បន្ត​ទៀត។ ការ​លើក​ពេល​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ មិន​ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ កំណត់​ពេល​ថា​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ពេល​ណា​ឲ្យ​បាន​ពិត​ប្រាកដ​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ដែល​ឃ្លាំ​មើល​សវនាការ​ដោយ​ផ្ទាល់​ចាត់​ទុក​ថា ការ​លើក​ពេល​ដោយ​គ្មាន​កាល​កំណត់​សម្រាប់​ការ​ជំនុំ​ជម្រះ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​ជន​សង្ស័យ ក្នុង​សំណុំ​រឿង​ដែល​ចោទ​ថា ប្រើប្រាស់​ឯកសារ​ក្លែង​ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នេះ។

ការ​បើក​សវនាការ​លើក​ទី​ពីរ​ប្រឆាំង​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ នេះ គឺ​នៅ​ក្នុង​បន្ទប់​សវនាការ​មាន​ភាព​តានតឹង ក្រោយ​ពី​មាន​ឯកសារ​ដោះ​បន្ទុក​ថ្មី​ទៀត​របស់​មេធាវី​ការពារ​ក្ដី លើក​បង្ហាញ​អង្គ​ជំនុំ​ជម្រះ​ក្នុង​ការ​ដោះ​បន្ទុក លោក ហុង សុខហួរ បើ​ប្រៀបធៀប​ទៅ​នឹង​សវនាការ​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ទី​២ ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

ដោយឡែក​សវនាការ​លើក​នេះ​វិញ គឺ​នៅ​ក្នុង​បន្ទប់​នៃ​អង្គ​ជំនុំ​ជម្រះ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ លោក ហុង សុខហួរ ជាពិសេស លោក ជូង ជូងី បាន​ស្នើ​ឲ្យ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ ថា​គួរ​ប្រើ​តួនាទី​ដោយ​ឯករាជ្យ ស្រប​ពេល​ដែល​មាន​ការ​ជំទាស់​ម្ដង​ជា​ពីរ​ដង​ដោយ​តំណាង​អយ្យការ លោក សៀង សុខ។

ក្នុង​ពេល​ដំណើរ​ក្ដី​មិន​ទាន់​ទាំង​បាន​ប៉ុន្មាន​នាទី​ផង ខណៈ​ពេល​ដែល លោក សៀង សុខ ជា​តំណាង​អយ្យការ​ព្យាយាម​សួរ លោក ហុង សុខហួរ ដើម្បី​ដាក់​បន្ទុក​បន្ថែម​នោះ ភ្លាមៗ​ដល់​វេន លោក ជូង ជូងី វិញ​ម្ដង។ មេធាវី​ការពារ​ក្ដី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង ៤​រូប​របស់​សមាជិក​ព្រឹទ្ធសភា គឺ​លោក ជូង ជូងី បាន​បង្ហាញ​ឯកសារ​ដែល​លោក​រក​ឃើញ​នៅ​លើ​អ៊ីនធឺណិត ដូច​ដែល លោក ហុង សុខហួរ បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នោះ។

ប៉ុន្តែ​ដោយ​មាន​ការ​ជំទាស់ និង​ស្នើសុំ​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​អង្គ​សវនាការ​របស់​តំណាង​អយ្យការ លោក សៀង សុខ ថា​ឲ្យ​មាន​ចាត់​របៀប​ដើម្បី​ស៊ើប​អង្កេត​ជា​មុន​សិន​ទៅ​លើ​ឯកសារ​នោះ។ ចំណែក​ក្រុម​មេធាវី​ការពារ​ក្ដី​របស់ លោក ហុង សុខហួរ វិញ បាន​ពន្យល់​អង្គ​ជំនុំ​ជម្រះ​ថា មិន​ចាំបាច់​ចាត់​របៀប​ដើម្បី​ស្រាវជ្រាវ​អ្វី​នោះ​ទេ គឺ​ងាយ​បំផុត ដោយ​ប្រើ​ពេល​ត្រឹម ២ ឬ ៣​នាទី​ប៉ុណ្ណោះ អាច​រក​ឃើញ​ហើយ។

នៅ​ពេល​ស្ថានភាព​កាន់​តែ​តានតឹង​ទៅៗ​នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ ស្រប​ពេល​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​វិញ សំឡេង​អ្នក​គាំទ្រ​ស្រែក​ឲ្យ​ដោះ​លែង លោក ហុង សុខហួរ ប្រមាណ ១០០​នាក់​ផង​នោះ លោក រស់ ពិសិដ្ឋ បាន​លើក​ពេល​ប្រកាស​សាលក្រម ដោយ​មិន​កំណត់​ពេល បន្ទាប់​ពី​ដក​ឃ្លា​ទៅ​ពិចារណា​លើ​ការ​កំណត់​ដែល​ថា សុំ​ពេល​ត្រឹម ៥​នាទី​នោះ។

ក្រោយ​ចេញ​ពី​បន្ទប់​វិញ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក រស់ ពិសិដ្ឋ សម្រេច​ឲ្យ​ក្រុម​មេធាវី​ប្រគល់​ឯកសារ​ឲ្យ​តុលាការ។ ឯកសារ​ដែល​ប្រគល់​ឲ្យ​តុលាការ​នោះ ត្រូវ​មាន​កាល​បរិច្ឆេទ​ត្រឹមត្រូវ និង​ដាក់​បញ្ចូល​នៃ​ការ​ចាត់​របៀប​ស៊ើប​អង្កេត​បន្ថែម ទៅ​លើ​ឯកសារ​ដោះ​បន្ទុក​ថែម​ទៀត​ផង។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (LICADHO) ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ តុលា ថា របៀប​ដែល​តុលាការ​ធ្វើ​ការ​នេះ គឺ​ជា​ការ​អូស​បន្លាយ​ពេលវេលា​សម្បើម​ណាស់ ជាពិសេស​ការ​ពន្យារ​ពេល​នេះ​ទៀត​សោត នឹង​រឹត​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​ទៅ​លើ​សិទ្ធិ​ជន​សង្ស័យ ដែល​ធានា​ដោយ​ច្បាប់៖ «»។

មាត្រា​២០៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា គោលការណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ជា​គោលការណ៍​ជន​ត្រូវ​ចោទ ត្រូវ​តែ​មាន​សេរីភាព។ ក្នុង​ករណី​ពិសេស ជន​ត្រូវ​ចោទ​អាច​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ទៅ​បាន តែ​ក្នុង​ករណី​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ និង​បទ​មជ្ឈិម ដែល​ច្បាប់​កំណត់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្មើ ឬ​លើស​ពី ១​ឆ្នាំ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ លោក ហុង សុខហួរ យល់​ឃើញ​ថា ឯកសារ​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​នោះ បើ​សិន​តុលាការ​សម្រេច​ក្ដី​ដោយ​ឯករាជ្យ លោក​មាន​ជំនឿ​ថា កូន​ក្ដី​របស់​ខ្លួន​អាច​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។ លោក​បន្ត​ថា ដោយសារ​នៅ​ក្នុង​ឯកសារ​នោះ​ពុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ធាតុ​ផ្សំ​ដែល​អាច​ឈាន​ទៅ​រក​បទល្មើស​ដើម្បី​ដាក់​បន្ទុក​បាន​ទេ៖ «»។

លោក ហុង សុខហួរ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ លោក កៅ វណ្ឌី សម្រេច​ចោទ​ប្រកាន់ ៣​បទ​ល្មើស បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា រួច។ បទ​ចោទ​ទាំង ៣​ករណី​នោះ គឺ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះញង់​នាំ​ឲ្យ​មាន​ភាព​វឹកវរ និង​អសន្តិសុខ​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។