អ៊ីរ៉ាក់៖ ៥១ នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែក និង៧០នាក់ទៀត ត្រូវប្រហារជីវិត ដោយក្រុម IS

បាកដាដ ៖ មនុស្សសរុបចំនួន ៥១នាក់ បានស្លាប់ និង៩២នាក់ផ្សេងទៀត ទទួលរងរបួស កាលពីថ្ងៃចន្ទ ទី០៥ ខែតុលា ម្សិលមិញ បន្ទាប់ពីកើតមានការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែង នៅភាគកណ្តាល និងខាងត្បូង នៃប្រទេស អ៊ីរ៉ាក់ ស្របពេលដែលក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម បានធ្វើការប្រហារជីវិតបុរសចំនួន ៧០នាក់ មកពីក្រុមចលនា ប្រឆាំងពួក ស៊ុននី IS ស្ថិតនៅខេត្តអាន់បា និងឌីយ៉ាឡា ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ នេះដោយឡើងពីសម្តីរបស់ប៉ូលិស អ៊ីរ៉ាក់ ថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ត្រូវបានចាត់ទុក ជាថ្ងៃដ៏អាក្រក់មួយ ដែលអ៊ីរ៉ាក់ ទទួលរងការវាយប្រហារ ដែលវាជាទង្វើរបស់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលអាមេរិក និងសម្ព័ន្ធមិត្ត កំពុងតែធ្វើការវាយកម្ចាត់ចេញពីប្រទេសនេះ យ៉ាងសស្រាក់ សស្រាំ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការវាយប្រហារ ដោយទ័ពអាកាសរបស់រុស្ស៊ី ប្រឆំាងនឹងក្រុម IS នៅប្រទេស ស៊ីរី មិនបានជះឥទ្ធិពលអ្វី ចំពោះពួក IS នៅប្រទេសអ៊ីរ៉ាក់ នោះឡើយ ។  ហេតុដូច្នេះពួក IS នៅតែបន្តវាយ ដណ្តើមយកតំបន់កាន់កាប់នានា នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីពង្រឹងកម្លាំងរបស់ខ្លួន ទប់ទល់នឹងទ័ពអាមេរិក និង រដ្ឋាភិបាលអ៊ីរ៉ាក់ ៕

អ៊ីរ៉ាក់៖ ៥១ នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែក និង៧០នាក់ទៀត ត្រូវប្រហារជីវិត ដោយក្រុម IS