រុស្ស៊ីអះអាងថា ការហោះច្រឡំ ចូលដែនអាកាស តួកគី ក៏ព្រោះបញ្ហា អាកាសធាតុ

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការចោទប្រកាន់ របស់តួកគីនោះថា ការហោះច្រឡំចូលដែនអាកាស ពីសំណាក់យន្តហោះចម្បាំង របស់ខ្លួន នោះ គឺជារឿងលំបាកមួយ ដោយសារតែ ពេលនោះ គឺបានកើតមាននូវ អាកាសធាតុអាក្រក់ នៅតាមព្រំដែនរវាង ស៊ីរី ជាមួយនឹងតួកគី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ ដោយឡើងនូវសេចក្តី ថ្លែងការណ៍ ខាងលើទៀតថា “ឧប្បត្តិហេតុខាងលើនេះ គឺបណ្តាលមក ពីស្ថានភាពអាកាសធាតុ ដែលមិនអំណោយ ផលនៅក្នុងតំបន់។ មិនគួរនរណាម្នាក់ យកបញ្ហា នេះទៅពាក់ព័ន្ធនឹងគម្រោងការ ឬ គំនិតក្បត់អ្វីនោះឡើយ។”
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពី រដ្ឋាភិបាល តួកី តាមរយៈក្រសួងការបរទេស បានសម្តែងការតវ៉ាយ៉ាងខ្លាំង ទៅកាន់ ស្ថានទូតរុស្ស៊ី ស្ថិតនៅទីក្រុង អង់ការ៉ា។

តួកគី បានគម្រាមរុស្ស៊ីថាប្រសិនបើ មានការរំលោភ បំពានបែបនេះម្តងទៀត ខ្លួនមិនហ៊ានទេធានាថា នឹងមានរឿង អ្វីកើតឡើងនោះ។

ក្រៅពីការតវ៉ា និង ព្រមានចំពោះរុស្ស៊ីនោះលោករដ្ឋមន្ត្រីការបរទេសតួកគី ហ្វឺរីដាន់ ស៊ីណឺលី អូគ្លូ បានទូរស័ព្ទ ទៅកាន់ សមភាគី អាមេរិក បារាំង អ៊ីតាលី និង ចក្រភពអង់គ្លេស ដើម្បីប្រាប់ ពីអ្វីដែលបានកើតឡើង ជាពិសេស ខ្លួនក៏បានជម្រាបបញ្ហានេះ ទៅកាន់ប្រធាន អង្គការណាតូ លោក ហ្សង់ ស្តូលធិនប៊ឺក និង រដ្ឋមន្ត្រីការបរទេស របស់ សហព័ន្ធអាល្លឺម៉ង់ ថែមទៀត៕

រុស្ស៊ីអះអាងថា ការហោះច្រឡំ ចូលដែនអាកាស តួកគី ក៏ព្រោះបញ្ហា អាកាសធាតុ