សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​មុខ​មិន​រួច​ដេក​ក្បែរ​គល់ឈើ ផ្អើល​សមត្ថកិច្ច

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ដោះ​អាវ​បាន​ដេក​សន្លប់​នៅ​ក្បែរ​គល់ឈើ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧ ស្ថិត​នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ម៉ូតូ DH កញ្ចាស់​១​គ្រឿង មិន​មាន​ស្លាក​លេខ ដួល​នៅ​ក្បែរ​ខ្លួន ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៧ តុលា ២០១៥ បន្ទាប់​ពី​ងើប​ពី​សន្លប់​វិញ​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ។

តាម​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​មាន​ជាង​ជួសជុល​រថយន្ត​ជា​ច្រើន​នាក់​បានឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​ដេក​នៅ​ចិញ្ចើម​ផ្លូវ ដោយ​បាន​លើកដៃ​ជើង​ខ្វៃ​ៗ​ក្នុង​បំណង​ហៅ​ឱ្យ​អ្នក​ដទៃ​ជួយ ពេល​ដែល​អ្នក​ភូមិ​សួរនាំ​ដោយ​គ្រាន់តែ​ប្រាប់​ថា ជន​នោះ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ទៀត​ថា មួ​យស​ន្ធុះ​ក្រោយមក​ក៏​និយាយ​លែង​ចេញ ហើយ​អ្នក​ភូមិ​ក៏​ប្រញាប់​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោង​កាង ដើម្បី​ឲ្យ​ចុះ​មក​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ហើយ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក​ជា​បន្ទាន់ ។ នៅ​នឹង​ខ្លួនប្រាណ​បុរស​នេះ​មិន​មាន​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ទៅ​នឹង​ក្រុម​សាច់ញាតិ​នោះ​ទេ កត្តា​នេះ​បាន​បង្ក​ឱ្យ​មាន​ផលវិបាក​ដល់​សមត្ថកិច្ច តែ​ត្រូវ​បាន​ជំនាញ​កំពុង​តែ​ទាក់ទង​កម្លាំង​នគរបាល​ស្រុក​មេមត់​ឱ្យ​ជួយ​សួរនាំ ក្រែង​មាន​អ្នក​ណា​ម្នាក់​ដែល​បាន​បាត់បង់​សមាជិកគ្រួសារ​មាន​ភិនភាគ​ដូច​ខាងលើ សូម​ទំនាក់ទំនង​មក​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កោង​កាង​នឹង​បានដឹង​ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត ។ នៅ​លើ​ខ្លួនប្រាណ​អ្នក​រង​គ្រោះ​មិនឃើញ​មាន​ស្លាកស្នាម​ហូរ​ឈាម​នោះ​ទេ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា បុរស​រូប​នោះ​ទំនងជា​ស្រវឹងស្រា​ខ្លាំង​ជិះ​ម៉ូតូ​ទៅ​មុខ​មិន​រួច ក៏​បាន​ប្រះ​ខ្លួន​ដេក​នៅ​ក្បែរ​គល់ឈើ​ចិញ្ចើមថ្នល់​បែប​នេះ​តែ​ម្តង លុះ​ពេល​ដែល​រាង​ស្វាង​បន្តិច​ទើប​ប្រឹង​ងើប តែ​មិន​រួច ៕