កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់​បាន​ម្នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ស្ទាក់​ចាប់​​បាន​មុខសញ្ញា​ចោរឆក់​ម្នាក់​ ខណៈ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង បន្ទាប់​មក​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ចៃដន្យ​ត្រូវ​វ​បាន​កម្លាំង​ប៉េ​អឹ​ម​ល្បាត​ប្រទះ​ឃើញ​ទាន់​ក៏​បាន​ធ្វើការ​ចាប់ខ្លួន និង​នាំ​យក​ទៅ​សាកសួរ​នៅ​ទីបញ្ជាការ​ប៉េ​អឹ​ម​ខណ្ឌ ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ តុលា ២០១៥ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ជិត​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ អៀវ ជី​អ៊ូ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កា​ណា​ឌី​យ៉ា ព្រមទាំង​ដកហូត​បាន​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-7159 តែ​​កែ​ស្លាក​លេខ​មក ​ភ្នំពេញ 1AA-7459 វិញ​ដោយ​យក​ស្កុ​ត​ពណ៌​ខៀវ​បិត​ពីលើ​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ អឿ​ន ស៊ុំ​ស្រី អាយុ​៤០​ឆ្នាំ ជា​អជីវ​ករ ដែល​​នៅ​ក្នុង​កាបូប​មាន​ប្រាក់​ចំនួន​១២២,២០០​រៀល​, ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ខ្សែ​ក​ប្លា​ក​ទី​ន​មួយ​ខ្សែ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ក្នុង​បំណង​រក​ទិញ​អី​ហូប ខណៈ​ពេល​កំពុង​ដើរ​ក៏​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​ធ្វី​សកម្ម​ឆក់​យក​កាបូប ហើយ​ជិះ​គេចខ្លួន ។ ពេល​នោះ​កម្លាំង​ប៉េ​អឹ​ម​ល្បាត​ប្រទះ​ឃើញ​ក៏​បាន​ដេញ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ៕