តួលេខ​បឋម​ប្រាក់​ឈ្នួល​អប្ប​បរមា​របស់​កម្មករ​ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ពិភាក្សា​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៥​ម៉ោង​ស្តី​ពី​ប្រាក់​ឈ្នួល​អប្ប​បរមា​របស់​កម្មករ​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ តុលា ២០១៥ នេះ ជា​លទ្ធផល​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​បាន​សម្រេច​ធ្វើការ​បោះ​ឆ្នោត​យក​មតិ​ភាគច្រើន​ដើម្បី​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ហៅ​កាត់​ថា LAC ​ដើម្បី​ពិភាក្សា​អនុម័ត​នៅ​ថ្ងៃស្អែក ។

ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ដែល​មានការ​ចូលរួម​ពី តំណាង​រាជរដ្ឋាភិបាល​១៦​រូប តំណាង​សហជីព​១៦ និង​តំណាង​និយោជក​១៦​រូប ​បាន​ធ្វើ​ការ​បោះ​ឆ្នោត​សម្រេច​ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​២០១៦ ដែល តំណាង​រាជរដ្ឋាភិបាល ដាក់​តួលេខ​១៣៥​ដុល្លារ ទទួល​បានការ​គាំទ្រ​ចំនួន​១៥​សំឡេង លើ​៤៤​សំឡេង​, តំណាង​សហជីព ដាក់​តួលេខ​១៦០​ដុល្លារ ទទួល​បានការ​គាំទ្រ​ចំនួន​១៣​សំឡេងលើ​៤៤​សំឡេង និង​តំណាង​និយោជក ដាក់​តួលេខ១៣៣​ដុល្លារ ទទួល​បានការ​គាំទ្រ១៦​សំឡេងលើ​៤៤​សំឡេង ។ ដែល​ក្នុង​នោះ​តំណាង​សហជីព​៤​រូប​បាន​ធ្វើ​ពហិកា​មិន​ចូលរួម​បោះ​ឆ្នោត ។

ជា​ចុងបញ្ចប់​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​នឹង​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ទៅ​ដាក់​ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​ធ្វើការ​ពិភាក្សា​អនុម័ត​នៅ​ថ្ងៃស្អែក ៕