ប្រជុំ​សម្រេច​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ម៉ោង ១០ ព្រឹក ថ្ងៃទី​៨​តុលា

ភ្នំពេញ: ​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ជួបប្រជុំ នា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​សម្រេច​ចុងក្រោយ​លើ​ការកំណត់​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០១៦​។​

​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ដែល​ចរចា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ កាលពី​រសៀល​ថ្ងៃទី​៧​តុលា ដែល​ទើបតែ​បិទ​បញ្ចប់​នៅ​ព្រលប់​នេះ គឺមាន​ការជជែក​យ៉ាង​តឹង​ស​សៃ​ក​ដាក់គ្នា​រវាង​ភាគី​សហជីព​កម្មករ និង​ភាគី​និយោជក​។ ក្នុងនោះ ភាគី​សហជីព​កម្មករ នៅ​រក្សា​ជំហរ​ទាមទារ​ឡើង​ប្រាក់ខែ​កម្មករ​សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៦០ ដុល្លារ​។ រីឯ​ភាគី​ថៅកែ​រោងចក្រ​កាត់ដេរ យល់ព្រម​ឡើង​ត្រឹមតែ ១៣៣ ដុល្លារ​។ ដោយឡែក ភាគី​រដ្ឋាភិបាល តំណាង​ដោយ​ក្រសួង​ការងារ បានស្នើ​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ ឡើងដល់ ១៣៥ ដុល្លារ​។​

​ចុងក្រោយ ក្រុមការងារ​បច្ចេកទេស​ត្រីភាគី បាន​បោះឆ្នោត​សម្រេច នៅ​ម៉ោង​ប្រមាណ ៧ យប់​នេះ  ដោយ​ជ្រើស​រើសយក​តួលេខ​ចំនួន​ពីរ ដើម្បី​បញ្ជូន ទៅកាន់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែលជា​យន្តការ​ត្រីភាគី ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រជុំ​សម្រេច ចុងក្រោយ​។ នោះ​គឺ តួលេខ ១៣៣ ដុល្លារ និង​តួលេខ​មួយទៀត គឺ ១៣៥ ដុល្លារ​។​
 
​ក្នុងពេល​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី ប្រជុំ​បោះឆ្នោត​នោះ គឺមាន​សហជីព​កម្មក​រ ចំនួន ៤ រូប គឺ​សហជីព​របស់លោក​អាត់​ធន់ លោក​ប៉ាវ​ស៊ីណា សហជីព​លោកស្រី យ៉ាង​សុ​ភ័​ណ្ឌ និង​សហជីព​កម្មករ​របស់​លោកស្រី ម៉ម ញឹម បានធ្វើ​ពហិការ ដើរ​ចេញពី​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​នោះ​។

​យ៉ាងណាក៏ដោយ លោក​ប៉ាវ​ស៊ីណា មេដឹកនាំ​សហជីព​កម្មករ ដែល​បានធ្វើ​ពហិការ​ដែរនោះ មិនទាន់​បញ្ជាក់​ពី​គម្រោង​តវ៉ា​អ្វី​ទេ ដោយ​លោក​អះអាងថា សហជីព​របស់លោក រង់ចាំ​លទ្ធផល​នៃ​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែល​នឹង​ប្រជុំ​សម្រេច នា​ព្រឹក​ថ្ងៃទី​៨​តុលា​៕​