យានអវកាសណាសា ទទួលបានរូបភាពជាក់ស្តែង នៃកន្លែងកើតហេតុមួយចំនួន ដូចក្នុងខ្សែភាពយន្ត The Martian

អវកាស៖ កាលពីពេលថ្មីៗនេះ យានអវកាសណាសា ទទួលបានរូបភាពថ្មីៗ ជាច្រើននៅ ភពក្រហម ដោយបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តដឹងថា ទិដ្ឋភាពសំខាន់របស់ភពអង្គារ ដែល ត្រូវបានបង្ហាញតាមរយៈខ្សែភាពយន្តបែបវិទ្យាសាស្រ្ត "The Martian" ពិតជាមានប្រាកដមែន។ នេះបើយោងតាមភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ ២០១៥។

យានអវកាសរុករកភពអង្គារ (MRO) ឬ Mars Reconnaissance បានថតយករូបភាពផ្ទៃទំនាប ដែលមានឈ្មោះថា Acidalia Planitia និងរណ្តៅភ្នំភ្លើង Schiaparelli ខាងត្បូងឈៀងខាងលិច នៃភពអង្គារ ដែលមានផ្ទៃមុខសកាត់ ៤៦០គីឡូម៉ែត្រ ដោយនេះគឺជាកន្លែងចុះចត យានសម្រាប់បបេសកកម្ម Ares 3 និង Ares 4 នៅក្នុងខ្សែភាពយន្ត The Martian។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តបែបវិទ្យាសាស្រ្ត The Martian ដែលត្រូវបានផលិតដោយ ក្រុមហ៊ុនផលិតខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ ព្រមទាំងសហការជាមួយនឹង ភ្នាក់ងារ អវកាសណាសា ត្រូវបានចាក់បញ្ចាំងនៅតាមរោងខ្សែភាពយន្តនានាទូទាំង ពិភពលោក ជាផ្លូវការ កាលពីថ្ងៃទី ២ ខែតុលា កន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះដែរ ខ្សែភាពយន្តបែបផ្សងព្រេងវិទ្យាសាស្រ្ត លាយឡំជាមួយនឹងឆុតឆាក កប្លែង ផងនេះ ត្រូវបានចូលរួមសម្តែងដោយ តារាសម្តែងហូលីវូដដ៏ល្បីល្បាញ លោក Matt Damon បានដើរតួរជា អាកាសយានិករបស់ណាសាម្នាក់ឈ្មោះ Mark Watney ដែលលោកត្រូវ បានជាប់នៅលើភពអង្គារបន្ទាប់ពី ព្យុះខ្សាច់ដ៏កាចសាហាវមួយ។

ដើម្បីរស់នៅលើភពគ្មានមនុស្ស និងគ្មានសូម្បីតែទឹកប្រើប្រាស់ លោក Watney ត្រូវស្វែងរក គ្រប់វិធី ក្នុងការស្វែងរកជំនួយ និង ផលិតអាហារសម្រាប់ទទួលទានដើម្បីជៀសផុត ពីសេចក្តីស្លាប់នៅលើភពរហោឋានមួយនេះ៕

យានអវកាសណាសា ទទួលបានរូបភាពជាក់ស្តែង នៃកន្លែងកើតហេតុមួយចំនួន ដូចក្នុងខ្សែភាពយន្ត The Martian