ជិះ​ម៉ូតូឌុប​គ្នា​រវល់​តែ​ងាក​ក្រោយ​បុក​ស្លាក​គណបក្ស របួសធ្ងន់​-​ស្រាល​៣​នាក់

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់​ម្រាម​ដៃស្តាំ​ចំនួន​២ រយះ​ជើង​ស្តាំ សន្លប់​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​របួសស្រាល ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ឃើញ​ស្គាល់​ក៏​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្តាយ​ឱ្យ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២០​នាទីរសៀល​ ថ្ងៃ​ទី​៦​ តុលា ២០១៥ កន្លង​ទៅ នៅ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខណៈ​ជន​រង​គ្រោះ​ស្រវឹង​ស្រឿង​ៗ​ជិះ​ម៉ូតូឌុប​គ្នា​រវល់​តែ​និយាយ​ងាក​ក្រោយ ក៏​ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​ស្លាក​គណបក្ស​មួយ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ លី សុខុម ភេទ​ប្រុស អាយុ​២០​ឆ្នាំ របួស​បាក់​ម្រាម​ដៃស្តាំ​២ និង​រយះ​ជើង​ស្តាំ (​សន្លប់​) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ គង់ ដា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រង​របួសស្រាល រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​៣-​ឈ្មោះ ប៉ោ សេង​ហួត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួសស្រាល រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៕