ពីថ្ងៃ​នេះ​ទៅ​សហភាព​អឺរ៉ុប បើក​ប្រតិបត្តិ​យោធា​ចាប់ខ្លួន​និង​កម្ទេច​ទូក​ដឹក​ជនភៀសខ្លួន​ខុសច្បាប់

ជនភៀសខ្លួន​រាប់ម៉ឺន​នាក់ បាន​បន្ត​ធ្វើដំណើរ​ផ្សងព្រេង​តាម​ទូក​ដើម្បី​មកកាន់​តំបន់​អឺរ៉ុប។ ជនភៀសខ្លួន​មួយចំនួន បាន​បាត់​បង់ជីវិត និង មួយចំនួនទៀត ត្រូវបាន​មេខ្យល់ បោកប្រាស់​យកទៅ​ចោល​នៅក្នុង​កណ្តាល​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ។ បញ្ហា​នេះ បាន​ក្លាយជា​វិបត្តិ​មួយ​ដ៏​ចម្រូងចម្រាស​ដែល​កំពុងតែ​ធ្វើ​ឲ្យ​សមាជិក​សភាព​អឺរ៉ុប​មើលមុខ​គ្នា​មិន​ចំ។ ហើយ ចុងក្រោយ​នេះ សហភាព​អឺរ៉ុប ចាប់ផ្តើម​ប្រតិបត្តិការ​កម្ចាត់​ក្រុម​អ្នកជួញដូរ​ជនភៀសខ្លួន​ខុសច្បាប់​ដោយ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ទប់ស្កាត់​ជនភៀសខ្លួន។

សូមស្ដាប់ព័ត៌មានលម្អិត៖

គិត​ចាប់ពី​ថ្ងៃទី០៧ខែតុលា​នេះ​តទៅ Operation Sophia ជា​គម្រោង​នៃ​ការប្រតិបត្តិ​ការ​កម្ចាត់​អ្នកជួញដូរ និង មេខ្យល់​នាំ​ជនភៀសខ្លួន​តាម​ទូក​ខុសច្បាប់​មកកាន់​តំបន់​អឺរ៉ុប នៅក្នុង​មហាសមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ នឹងមាន​អនុភាព​ហើយ។ ប្រតិបត្តិការ​នេះ នឹង​អាចជួយ​ទប់ស្កាត់​នូវ​លំហូរ​នៃ​ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​មកកាន់​តំបន់ អឺរ៉ុប​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ចម្រូងចម្រាស​ក្នុងចំណោម​សមាជិក​សហភាព​អឺរ៉ុប។

១. តើ​អ្វី​ជា​ប្រតិបត្តិការ Sophia ?
Sophia គឺ​ឈ្មោះ​របស់​ក្មេងស្រី​ម្នាក់​ដែល​ត្រូវបាន​គេ​សង្គ្រោះ​នៅលើ​ទូក​នៅ​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​ដែល​ធ្វើដំណើរ​មកកាន់​តំបន់​អឺរ៉ុប។ ឈ្មោះ​នេះ ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​ហ​ភាព​អឺរ៉ុប សម្រេច​ដាក់​ជា​ឈ្មោះ​ប្រតិបត្តិ​កម្ចាត់​ក្រុម​អ្នក​នាំ​ជនភៀសខ្លួន​ខុសច្បាប់​មកកាន់​អឺរ៉ុប​ដែលជា​យន្តការ​ទី១ក្នុង​ដំណាក់​ទី២នៃ​ការទប់ស្កាត់​ជន​ភៀស​មកកាន់​អឺរ៉ុប។ ប្រតិបត្តិការ Sophia ផ្តល់​លទ្ធភាព​ឲ្យ​យោធា អាច​តាម​ចាប់​អ្នកជួញដូរ​ជនភៀសខ្លួន​ខុសច្បាប់ រឹបអូស​ទូក​ដឹក​ជនភៀសខ្លួន និង កម្ទេច​ទូក​ទាំងនោះ​ផងដែរ។ ហើយ​ប្រតិបត្តិការ​នេះ ផ្តោតទៅលើ​តំបន់​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ។

២. រដ្ឋ​ណាខ្លះ​បានចាប់ផ្តើម​ប្រតិបត្តិ​យន្តការ​នេះ?
មក​ពេលនេះ មាន​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​ប្រាំ​ហើយ បានចាប់ផ្តើម​អនុវត្ត​យន្តការ​នៃ​ការប្រតិបត្តិ​ការ Sophia។ ក្នុងនោះ​អ៊ីតាលី (បញ្ជូន​យន្តហោះ​ដឹក​អ្នកដំណើរ) បារាំង(បញ្ជូន​នាវាចម្បាំង) អង់គ្លេស (នាវា​មួយគ្រឿង) អេ​ស្ប៉ា​ញ(នាវា​មួយគ្រឿង) និង អាល្លឺម៉ង់(នាវា​ពីរ​គ្រឿង)។ ជុំវិញ​ប្រតិបត្តិការ​នេះដែរ មិនទាន់​ទទួលរង​ការអនុញ្ញាត​ពី​អង្គការសហប្រជាជាតិ និង រដ្ឋាភិបាល​លី​ប៊ី​នោះ។ហើយ មតិ​រិះគន់​មួយចំនួន បានលើកឡើង សកម្មភាព​នេះ គឺ​បំពាន​ទៅនឹង​ដែន​អធិបតេយ្យ​របស់​លី​ប៊ី​ផងដែរ ។

៣. ការវិវត្ត​ចុងក្រោយ​នៃ​វិបត្តិ​ជនភៀសខ្លួន​របស់​សហ​ភាព​អឺរ៉ុប
ជុំវិញ​នៃ​បញ្ហា​ជនភៀសខ្លួន គេ​សង្កេត​ថា​ចុង​ក្រោយនេះ រដ្ឋមន្ត្រី​មហាផ្ទៃ​សហភាព​អឺរ៉ុប បានអនុម័ត​កំណត់​កូតា​ទទួលយក​ជនភៀសខ្លួន​ប្រមាណ​ជាង​ដប់​ម៉ឺន​នាក់​ដើម្បី​មក​រស់នៅក្នុង​តំបន់​អឺរ៉ុប។ ក៏ប៉ុន្តែ ការទទួលយក​នេះ បានធ្វើ​ឲ្យ​មាន​ចម្រូងចម្រាស​ក្នុងចំណោម​សមាជិក​សហភាព​អឺរ៉ុប ដ្បិត​មិនមាន​ការ គាំទ្រ​ជា​ឯក​ច្ឆ័​ន ហើយ​កំពុងតែ​ធ្វើ​ឲ្យ​សមាជិក​មើលមុខ​គ្នា​មិន​ចំ។ អ្វីដែល​ធ្ងន់ធ្ងរ​នោះ ហុង​គ្រី បាន​បង្កើត​ច្បាប់​តឹងរឹង អនុញ្ញាត​ឲ្យ​យោធា​អាច​ទប់ស្កាត់​ជនភៀសខ្លួន និង ដាក់​របងលួស​នៅតាម​ព្រំដែន ដែល​បាន​បើក​ដោយ​សេរី២ទសវត្សរ៍​មិន​ជនភៀសខ្លួន​ចូលទៅ​កាន់​តំបន់​អឺរ៉ុប​ទៀតផង។

ទោះ​ចង់​ឬ​មិន​ចង់ អឺរ៉ុប ត្រូវអនុវត្ត​វិធានការ​ក្តៅ​តាមរយៈ​ប្រតិបត្តិការ​យោធា​ដើម្បី​កម្ចាត់​នូវ​ប្រភពដើម​ដែល​នាំ​ជនភៀសខ្លួន​មកកាន់​អឺរ៉ុប។

សូម​រម្លឹក​ផងដែរ​ក្នុង​ឆ្នាំ២០១៥នេះ មាន​ជនភៀសខ្លួន​ដែល​ចេញពី​តំបន់​អាហ្វ្រិក​ខាងជើង​មកកាន់​អឺរ៉ុប ប្រមាណ​ជាង​ដប់​ម៉ឺន​នាក់។ ក្នុងនោះ មាន​ជនភៀសខ្លួន​ប្រមាណ​ជាង​ពីរពាន់​នាក់ បាន​ស្លាប់ ដោយសារ​លិច​ទូក និង ចាញ់បោក​មេខ្យល់​នៅ​កណ្តាល​សមុទ្រ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?