កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​នៅ​ភ្នំពេញ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ

ទាញ​យក​កម្មវីធី

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​រោងចក្រ​កាត់​ដេរ​ស្បែក​ជើង​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ថ្ងៃ​ទី​៧ តុលា។

ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ លោក ពុធ សុវណ្ណ ថ្លែង​ថា ការ​ធ្វើ​យុទ្ធនាការ​នេះ​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​រដ្ឋាភិបាល សមាគម​កាត់​ដេរ​កម្ពុជា និង​អ្នក​បញ្ជា​ទិញ​ទាំងឡាយ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ដឹង​ថា ការ​ចង់​បាន​របស់​កម្មករ គឺ​ការ​រស់នៅ​សមរម្យ និង​ថ្លៃថ្នូរ​ក្នុង​ឋានៈ​ជា​មនុស្ស៖ «គោល​បំណង​ដែល​យើង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​នេះ គឺ​ដោយសារ​យើង​យល់​ឃើញ​ថា ការ​រស់នៅ​របស់​កម្មករ​នៅ​ស្រុក​ខ្មែរ គឺ​មិន​ទាន់​បាន​សមរម្យ​នៅ​ឡើយ​ទេ ហើយ​ដោយឡែក​មួយ​ទៀត ការ​ចរចា​ប្រាក់​ឈ្នួល​របស់​យើង​ក្នុង​ឆ្នាំ​នេះ គឺ​មាន​ស្ថានភាព​តឹង​តែង​មែន​ទែន ដោយ​ខាង​និយោជក​គាត់​ពុំ​មាន​ជំហរ​ចរចា​ដោយ​ភាព​ស្មោះ​ត្រង់»

ការ​ជួបជុំ​របស់​កម្មករ​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ពេល​នេះ ពុំ​មាន​ទ្រង់ទ្រាយ​ធំ​ដែល​មាន​កម្មករ​ចូលរួម​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ដូច​ពេល​មុនៗ​នោះ​ទេ គឺ​ពួក​គេ​ឈរ​លើក​បដា​ទាមទារ​នៅ​ខាង​មុខ​រោងចក្រ​របស់​ពួក​គេ​ក្នុង​ម៉ោង​សម្រាក ដោយ​កន្លែង​ខ្លះ​មាន​គ្នា​ពី ២០​នាក់ ទៅ ៣០​នាក់ ហើយ​កន្លែង​ខ្លះ​មាន​គ្នា​ប្រមាណ ១០០​នាក់។

មេ​ដឹក​នាំ​សហជីព​ខ្លះ​ពោល​ថា ក្រុម​កម្មករ​អាច​មាន​ការ​ខ្លាច​រអា​មិន​សូវ​ហ៊ាន​ចូលរួម​តវ៉ា​ដូច​សព្វ​មួយ​ដង ព្រោះ​ផ្លូវ​វ៉េងស្រេង ជា​តំបន់​ដែល​ធ្លាប់​មាន​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​លើ​កម្មករ ដែល​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ដល់ ១៦០​ដុល្លារ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ហើយ​ដែល​កម្មករ ៥​នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។