សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការ​និយាយ​ថា សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ គឺជា​ការ​មើល​ស្រាល​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃ​ទី​៧ តុលា ២០១៥ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​លោក សម រ​ង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​រិះគន់ និង​ចោទប្រកាន់​ថា ប្រព័ន្ធ​អប់រំ​នៅ​ស្រុក​ខ្មែរ​នៅ​ខ្សោយ សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា «​ការ​ខិតខំ​ប្រឹងប្រែង​អប់រំ​បណ្តុះបណ្តាល​កូន​ខ្មែរ​អោយ​បាន​រៀនសូត្រ​ចេះ​ដឹង មក​ទល់​ពេល​នេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់​ប្រទេស​ជាតិ នៅ​ក្រោយ​ពេល​រំដោះប្រទេស​បាន​ពី​របប​ខ្មែរក្រហម​កាលពី​ជាង​៣០​ឆ្នាំ​មុន ដែល​មាន​គ្រូបង្រៀន និង​អ្នកចេះ​ដឹង​តែ​បួនដប់​នាក់​ប៉ុណ្ណោះ​។ សព្វ​ថ្ងៃនេះ​យើង​មាន​សាលារៀន​គ្រប់​កម្រិត រួម​ទាំង​សាលា​ភាសាបរទេស ដើម្បី​ផ្តល់​ជូន​សិស្ស​និស្សិត​ទៅ​តាម​កម្មវិធី​សិក្សា​តាម​បែប​ប្រទេស​ជឿនលឿន​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​សហការ​ជាមួយ​បណ្តា​ស្ថានទូត​នានា ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ឯ​បរទេស​ទៀត​ផង ។ កន្លង​មកនេះ យើង​ក៏​បាន​រៀបចំ និង​អនុវត្តន៍​កំណែទម្រង់​នៅ​ក្នុង​ក្រសួងអប់រំជាតិ ដើម្បី​ពង្រឹងគុណភាព​អប់រំ​អោយ​កាន់តែ​ល្អ​ប្រសើរ​» ។

«​ចំពោះ​ការ​និយាយ​បែប​វាយប្រហារ​កេង​ចំណេញ​នយោបាយ ដោយ​បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះ​ដឹង​ខ្លាំង​មួយ​ចំនួន​ថា “​សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​” គឺជា​ការ​មើល​ស្រាល​ដល់​ការ​ខិតខំ​សិក្សា​របស់​សិស្សានុសិស្ស និង​កាន់តែ​ជំរុញ​អោយ​យុវជន​មិន​ខំប្រឹង​ប្រែង ព្រោះថា តើ​ខំ​សិក្សា​ធ្វើ​អ្វី បើ​សញ្ញាបត្រ​គ្មាន​តម្លៃ​… នេះ​គឺ​កាន់តែ​ធ្វើ​អោយ​សិស្ស​និស្សិត​ធ្លាក់​ទឹកចិត្ត មិន​ខំប្រឹង​សិក្សា ហើយ​គុណភាព​សិក្សា​ផ្ទាល់​របស់​សិស្ស​និស្សិត​ក៏​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ថែម​ទៀត ។ ឬ​មួយ​ក៏​ពួក​គេ​ចង់អោយ​យុវជន សិស្ស​និស្សិត​កុំ​រៀន ហើយ​រង់ចាំ​ទាល់តែ​ក្រុម​ខ្លួន​បាន​ជាប់​ឆ្នោត​សិន​ទើប​សញ្ញាបត្រ​មាន​តម្លៃ? ។ តើ​នេះ​ជា​ការ​ចូលរួម​សហការ​លើ​កម្ពស់​ជំរុញ​វិស័យ​អប់រំ ឬ​ជា​ការ​កេង​ចំណេញ​នយោបាយ?

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ទៀត​ថា «​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​មាន​ឱកាស​ច្រើន​ក្នុង​ការ​រៀបចំ​កំណែទម្រង់​ពង្រឹង​វិស័យ​អប់រំ​អោយ​កាន់តែ​មានគុណ​ភាព និង​ទទួលស្គាល់​ទូលំទូលាយ ។ នេះ​គឺជា​ទិស​ដៅ​អាទិភាព​ចាំបាច់​របស់​យើង​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។ កម្ពុជា​បាន​ខិតខំ​ជំរុញ​វិស័យ​អប់រំ​នេះ​តាំងពី​ក្រោម​សូន្យ រហូត​ដល់​ប្រទេស​យើង​មាន​អ្នកចេះ​ដឹង​កាន់តែ​ច្រើន​ឡើង​ៗ​មក​ទល់​សព្វថ្ងៃ ។ ទាំង​គ្រឹះស្ថាន​អប់រំ​ជាតិ និង​ឯកជន គឺ​យើង​ត្រូវ​បន្ត​សហការ​ពង្រឹងគុណភាព​អប់រំ​អោយ​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​យុវជន ដោយ​មិន​ត្រូវ​រង់ចាំ​កំពូល​អ្នកចេះ​ដឹង​សន្យា​ខ្យល់​ពី​ណា​មក​ឡើយ» ៕