បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះដឹង មើលងាយ​សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ គឺជា​ការមើលស្រាល​ដល់​ការខិតខំ​សិក្សា​របស់​សិស្ស​

ភ្នំពេញ: សម្តេច​តេ​ជោ សែន បាន​មានប្រសាសន៍​បញ្ជាក់ថា បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្លាំង​មួយចំនួន​ថា “​សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​” គឺជា​ការមើលស្រាល​ដល់​ការខិតខំ​សិក្សា​របស់​សិស្សានុសិស្ស ពីព្រោះ​អ្វីៗ​ដែលមាន​សព្វថ្ងៃនេះ ដែល​ចាប់ផ្តើម​ពី​ចំណុចសូន្យ​នោះ គ្រឹះស្ថាន​អប់រំ​ជាតិ និង​ឯកជន ត្រូវបាន​ប​ងើ្ក​ត​ឡើង​ដើម្បី​ពង្រឹងគុណភាព​អប់រំ​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​យុវជន ដោយ​មិនត្រូវ​រង់ចាំ​កំពូល​អ្នកចេះដឹង​សន្យា​ខ្យល់​ពី​ណា​មក​ឡើយ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការខិតខំ​ប្រឹងប្រែង​អប់រំ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឲ្យ​បាន​រៀនសូត្រ​ចេះដឹង​មកទល់ពេលនេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់​ប្រទេសជាតិ នៅក្រោយពេល​រំដោះប្រទេស​បាន​ពី​របប​ខ្មែរក្រហម កាលពី​ជាង​៣០​ឆ្នាំមុន ដែលមាន​គ្រូបង្រៀន​
​និង​អ្នកចេះដឹង តែ​បួនដប់​នាក់​ប៉ុណ្ណោះ​។ សព្វថ្ងៃនេះ យើង​មាន​សាលារៀន​គ្រប់​កម្រិត រួមទាំង​សាលា​ភាសាបរទេស ដើម្បី​ផ្តល់ជូន​សិស្ស​និស្សិត​ទៅតាម​កម្មវិធីសិក្សា​តាមបែប​ប្រទេស​ជឿនលឿន​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏បាន​សហ​
​ការ​ជាមួយ​បណ្តា​ស្ថានទូត​នានា ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​បាន​ទៅ​បន្ត​ការសិក្សា​នៅឯ​បរទេស​ទៀតផង​។ កន្លងមកនេះ យើង​ក៏បាន​រៀបចំ​និង​អនុវត្តន៍​កំណែទម្រង់​នៅក្នុង​ក្រសួងអប់រំជាតិ ដើម្បី​ពង្រឹងគុណភាព​អប់រំ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​

​ចំពោះ​ការនិយាយ​បែប​វាយប្រហារ​កេងចំណេញ​នយោបាយ ដោយ​បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះដឹង​ខ្លាំង​មួយចំនួន​ថា “​សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ​” គឺជា​ការមើលស្រាល​ដល់​ការខិតខំ​សិក្សា​របស់​សិស្សានុសិស្ស និង​កាន់តែ​
​ជំរុញ​ឲ្យ​យុវជន​មិន​ខំប្រឹងប្រែង ព្រោះថា​តើ​ខំ​សិក្សា​ធ្វើ​អ្វី បើ​សញ្ញាបត្រ​គ្មាន​តម្លៃ នេះ​គឺ​កាន់តែ​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ធ្លាក់​ទឹកចិត្ត​មិន​ខំប្រឹង​សិក្សា ហើយ​គុណភាព​សិក្សា​ផ្ទាល់​របស់​សិស្ស​និស្សិត​ក៏​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​ថែមទៀត​។ ឬមួយ​ក៏​ពួកគេ​ចង់​ឲ្យ​យុវជន សិស្ស​និស្សិត​កុំ​រៀន ហើយ​រង់ចាំ​ទាល់តែ​ក្រុម​ខ្លួន​បាន​ជាប់ឆ្នោត​សិន ទើប​សញ្ញាបត្រ​មានតម្លៃ​?​។ តើ​នេះ​ជាការ​ចូលរួម​សហការ​លើក​ម្ព​ស់​ជំរុញ​វិស័យ​អប់រំ ឬ​ជាការ​កេងចំណេញ​នយោបាយ​?

​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព រាជរដ្ឋាភិបាល​និង​ក្រសួង​អប់រំ​មានឱកាស​ច្រើន ក្នុងការ​រៀបចំ​កំណែទម្រង់​ពង្រឹង​វិស័យ​អប់រំ ឲ្យ​កាន់​តែមាន​គុណភាព និង​ទទួលស្គាល់​ទូលំទូលាយ​។ នេះ​គឺជា​ទិសដៅ​អាទិភាព​ចាំបាច់​របស់​​យើង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ កម្ពុជា​បាន​ខិតខំ​ជំរុញ​វិស័យ​អប់រំ​នេះ តាំងពី​ក្រោម​សូន្យ រហូតដល់​ប្រទេស​យើង​មាន​អ្នកចេះដឹង​កាន់តែ​ច្រើនឡើងៗ​មកទល់​សព្វថ្ងៃ​។ ទាំង​គ្រឹះស្ថាន​អប់រំ​ជាតិ និង​ឯកជន គឺ​យើង​ត្រូវ​បន្ត​សហការ​ពង្រឹងគុណភាព​អប់រំ​ឲ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​យុវជន ដោយ​មិនត្រូវ​រង់ចាំ​កំពូល​អ្នកចេះដឹង​សន្យា​ខ្យល់​ពី​ណា​មក​ឡើយ​៕​

បុគ្គល​ដែល​តាំងខ្លួន​ជា​អ្នកចេះដឹង មើលងាយ​សញ្ញាបត្រ​ស្រុក​ខ្មែរ​គ្មាន​តម្លៃ គឺជា​ការមើលស្រាល​ដល់​ការខិតខំ​សិក្សា​របស់​សិស្ស​