ជនភៀសខ្លួន​ចា​រ៉ា​យ​ម៉ុង​តា​ញ៉ា​ចំនួន ២៤ នាក់​ស្ម័គ្រចិត្ត​វិល​ទៅ​វៀតណាម​វិញ

រតនគិរី: ជនភៀសខ្លួន​ចា​រ៉ា​យ​ម៉ុង​តា​ញ៉ា​ចំនួន ២៤ នាក់ ក្នុង​ចំំ​ណោម​ជិត ២០០ នាក់​ដែល​រត់​ពី​ប្រទេស​វៀតណាម ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​រាជធានី​ភ្នំពេញ បាន​ស្ម័គ្រចិត្ត​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក លោក​ឆាយ ធី ប្រធាន​អង្គការ​អាដហុក​ប្រចាំខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា នៅ​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃទី​៧ តុលា ២០១៥ ជនភៀសខ្លួន​ចា​រ៉ា​យ​ម៉ុង​តា​ញ៉ា ដែល​បានរ​ត់ទៅ​ភ្នំពេញ​ជិត ២០០ នាក់ សុំ​សិទ្ធិ​ជ្រកកោន ក្នុងឋានៈ​ជា​ជនភៀសខ្លួន​នាពេល​កន្លងមក​។ ពេលនេះ​ជនភៀសខ្លួន ២៤ នាក់​បាន​ស្ម័គ្រចិត្ត សុំ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប្រទេស​វៀតណាម​។​

​ក្បួន​រថយន្ត​ចំនួន ៤ គ្រឿង អមដោយ​ឡាន​សា​រ៉េ​ន របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​ប៉ូលិស​ចរាចរណ៍ ធ្វើ​ចរាចរណ៍​អម​សងខាង​ផ្លូវ ចូល​ក្រុង​បាន​លុង​ផងដែរ​។ ជនភៀសខ្លួន​ទាំងនេះ នឹង​បញ្ជូនទៅ​វៀតណាម​នៅ​ព្រឹកស្អែក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​៕