តារា​សម្តែង​ជើងចាស់ គន្ធ តារា​វណ្ណ ពី​អ្នកធាក់ស៊ីក្លូ ក្លាយជា​ឧ​ត្ត​ម​សេនីយ៍​ទោ​

Sanofi

ក្នុងចំណោម​អ្នកសិល្បៈ និង មន្ត្រី​យោធា​មួយ ចំនួន​តែងតែបាន​ស្គាល់​លោក គន្ធ តារា​វណ្ណ ថា​ជា​តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ​ម្នាក់ និង ជា​នាយទាហាន​មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​អប់រំ​ចិត្តសាស្ត្រ​ថ្នាក់​ក្រសួងការពារជាតិ ប៉ុន្តែ​ជីវិត​អតីតកាល​របស់​លោកមា​ន​ប្រវត្តិ​ជូរចត់​យ៉ាងណា​នោះ ប្រហែលជា​មិនទាន់មាន​អ្នកណា​បានដឹង​ច្បាស់​នៅឡើយ​ទេ ទើបតែ​នៅពេលនេះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ គន្ធ តារា​វណ្ណ បាន​ស្ម័គ្រចិត្ត​បង្ហើប​ប្រាប់​ប្រវត្តិ​អតីតកាល​របស់ខ្លួន​ថា ដើមឡើយ​លោក​គឺជា​កម្មករសំណង់​ជា​អ្នកធាក់ស៊ីក្លូ និង ធ្វើជា​ព្រួ​ឡាន​ឡំ​ប្រ៊ឺ​តា ដើម្បី​រកប្រាក់​ទិញ​សម្លៀកបំពាក់ និង សម្ភារ​សិក្សា​ធ្វើឱ្យ​លោក​ស្គាល់​ការលំបាក​ភ្លក់​គ្រប់​រសជាតិ​ជូរចត់​រាប់មិនអស់ ។​

​មនុស្ស​ម្នាក់ៗ​កើតមក​តែងតែមាន​ជីវិត និងជីវភាព​រស់នៅ​ខុសៗ​គ្នា​អ្នកខ្លះ​កើតមក​ក្នុង​ត្រកូល​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ហើយ​អ្នក​ខ្លះទៀត​កើតមក​ក្នុង​ត្រកូល​អ្នកក្រីក្រ​មាន​ជីវភាព​ក្រលំបាក ហើយ​ហែល​ឆ្លងកាត់​បទពិសោធ​ជូរចត់​រាប់មិនអស់ ។ យ៉ាងណាមិញ​ដូចជា​តារា​សម្តែង​ជើងចាស់​ល្បីឈ្មោះ និង ជា​នាយទាហាន​មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម សេនីយ៍​ទោ ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​អប់រំ​ចិត្តសាស្ត្រ​ថ្នាក់​ក្រសួងការពារជាតិ ឯកឧត្តម គន្ធ តារា​វណ្ណ បានផ្តល់​បទ​សម្ភាស​ប្រាប់​ពី​ប្រវត្តិ​ជូរចត់​របស់លោក​តាម​រយៈ​«​ប្រជាប្រិយ​» ថា លោក​កើត​នៅ​ឆ្នាំ ១៩៥៧ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់​(​ស្រី​ម្នាក់​) ឪពុក​ជា​នាយទាហាន ម្តាយ​ជា​មេផ្ទះ គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ មាន​ទីលំនៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

លោក​បន្តថា ព្រោះតែ​ជីវភាព​គ្រួសារ​ជួប​បញ្ហា​ខ្វះខាត​ខ្លាំង កាលពី​មាន​អាយុ​ជាង​ដប់ឆ្នាំ នៅពេលដែល​កំពុង​រៀន​វិទ្យាល័យ​ក្បាលថ្នល់​(​វិទ្យាល័យ​បឹងត្របែក​)​នៅពេល​ទំនេរ​ពី​ម៉ោង​សិក្សា​លោក​បាន​ស្វះស្វែង​ជួយ​រកប្រាក់​ចំណូល​ដោយ​ធ្វើជា​កម្មករសំណង់ ជា​អ្នកធាក់ស៊ីក្លូ និង ធ្វើ​ព្រូឡាន​ឡំ​ប្រ៊ឺ​តា និង ការងារ​ប្រើ​កម្លាំង​ជាច្រើន​ទៀត​ឲ្យ​តែ​ជា​ការងារ​ត្រឹមត្រូវ​ដើម្បី​យកប្រាក់​មក​ទិញ​សម្ភារ​សិក្សា និង ម្ហូបអាហារ​គឺ​លោក​ធ្វើ​ទាំងអស់​មិន​ប្រកាន់​ឡើយ ។​ ឯកឧត្តម គន្ធ តារា​វណ្ណ បាន​រៀបរាប់​បន្តទៀតថា ការងារ​ជា​កម្មករសំណង់ អ្នកធាក់ស៊ីក្លូ និង ធ្វើជា​ព្រូឡាន​ឡំ​ប្រ៊ឺ​តា​នាពេលនោះ ក្នុង​មួយថ្ងៃ​លោក​រកប្រាក់​បានត្រឹមតែ​ពី ១៥ ទៅ ១៨ រៀល​ប៉ុណ្ណោះ ហើយ​អាជីព​នេះ​លោក​បានធ្វើ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រហូត​រៀន​ចប់​ថ្នាក់បាក់ឌុប ។

បន្ទាប់ពី​តស៊ូ​រកប្រាក់​រៀនសូត្រ​ដោយ​ខ្លួនឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ នៅ​ឆ្នាំ ១៩៧៥ លោក​ក៏បាន​ចូលរៀន​នៅ​សាលា​កងទ័ព ៧២ ក នៅ​ខេត្តកំពង់ឆ្នាំង ធ្វើជា​កងទ័ព ហើយ​រហូតដល់​ឆ្នាំ ១៩៧៩ លោក​ក៏បាន​ធ្វើជា​កម្មាភិបាល​នៅ​ក្រសួង​ឃោសនាការ​វប្បធម៌ និង ព័ត៌មាន ដល់​ឆ្នាំ ១៩៨៣ ក៏បាន​មក​ចូល​កងទ័ព​នៅក្នុង​ក្រសួងការពារជាតិ មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ រហូតដល់​ពេលបច្ចុប្បន្ន​លោក​មាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ និង ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​អប់រំ​ចិត្តសាស្ត្រ​ថ្នាក់​ក្រសួងការពារជាតិ ។ ​ព្រោះតែ​ការស្រឡាញ់​ការសិក្សា ទោះបីជា​លោក​មាន​អាយុ​ច្រើន និង មាន​ការងារ​ច្រើនក្តី លោក​ក៏​មិន​បោះបង់​ការសិក្សា​នេះ​ចោល​ដែរ ដោយនៅ​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៦ លោក​ក៏បាន​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។

ក្រោយពី​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ច្បាប់​នៅ​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៨ លោក​បាន​បន្ត​រៀន​ថ្នាក់អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា ។ រហូតដល់​ឆ្នាំ ២០១១ លោក​បានបញ្ចប់​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ផងដែរ ។​

​*ប្រវត្តិ​អាជីព​សិល្បៈ​
​តារា​សម្តែង​វ័យ ៥៨ ឆ្នាំ​លោក គន្ធ តារា​វណ្ណ បាន​បន្ត​ប្រាប់​ពី​ការឈាន​ជើង​ចូលប្រឡូក​អាជីព​សិល្បៈ​ដែរ​ថា សម្រាប់​អាជីព​សិល្បៈ​ដែល​លោក​បាន​ប្រឡូក​មកដល់​ពេល​សព្វថ្ងៃនេះ លោក​មិន​ធ្លាប់​ឆ្លងកាត់​ការប្រឡងប្រជែង​នៅក្នុង​កម្មវិធី​អ្វី​ទេ ពោលគឺ​លោក​បាន​ចូល​ដោយ​ភាព​ចៃដន្យ​នៅ​ឆ្នាំ​១៩៨៦ គឺ​ឆេ​កូ បាន​ចុះមក​ថត​ខ្សែភាពយន្ត «​នរក​ប្រាំបួន​ជាន់​» នៅ​ស្រុក​ខ្មែរ​គេ​ក៏​ជ្រើសរើស​តួ​សម្តែង​ពេលនោះ ។ ដោយ​លោក​មាន​និស្ស័យ​ស្រឡាញ់​អាជីព​សិល្បៈ​តាំងពីក្មេងៗ​ផង លោក​ក៏បាន​ដាក់ពាក្យ ហើយក៏​ត្រូវគេ​ជ្រើស​យក​លោក​ឱ្យ​សម្តែង​ជា​តួរង​នៅក្នុង​រឿង «​នរក​ប្រាំបួន​ជាន់​» នោះ​តែម្តង​។

ឯកឧត្តម គន្ធ តារា​វណ្ណ បាន​បន្តទៀតថា នៅពេលដែល​រឿង «​នរក​ប្រាំបួន​ជាន់​» ចេញ​បញ្ចាំង​ធ្វើឱ្យ​ផលិតកម្ម​ជាច្រើន​បាន​ស្គាល់ និង ឃើញ​សមត្ថភាព​សម្តែង​របស់​លោក​ក៏​ត្រូវបាន​អ្នកដឹកនាំ​រឿង​ជាច្រើន​បាន​ហៅ​លោក​ឱ្យ​សម្តែង​ជា​តួឯក និង ជា​តួ​ស្តេច សេដ្ឋី អ្នកមាន​ជា​បន្តបន្ទាប់​ទាំង​ខ្សែភាពយន្ត​ភាគ និង រឿង​ដុំ ។ ចាប់តាំងពី​លោក​សម្តែង​ខ្សែភាពយន្ត លោក​បាន​សម្តែង ២៦០ រឿង ហើយ​ក្នុងចំណោម​ខ្សែភាពយន្ត​ទាំងនោះ រឿង​ដែល​លោក​ទទួលបាន​កេរ្តិ៍ឈ្មោះ​ខ្លាំងជាងគេ​មានដូចជា​រឿង «​ផ្កា​រាំ​រុះ​រោយ​» «​សំណល់​ចុងក្រោយ​» «​រសជាតិ​ជីវិត​» «​ធនញ្ជ័យ​» «​ព្រះ​សុ​ធន់ នាង​កែវ​មនោ​រា​» ជាដើម ។​

​តារា​សម្តែង​មាន​ងារ​ព្រះករុណា​ក្នុង​ខ្សែភាពយន្ត លោក គន្ធ តារា​វណ្ណ ក៏បាន​បន្ត​ប្រាប់ទៀតថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​មិនសូវ​ទទួល​ថត​ខ្សែភាពយន្ត​ទេ ព្រោះ​ពេលនេះ​លោក​ក៏មាន​អាយុ​កាន់តែច្រើន ម្យ៉ាងទៀត​តម្លៃ​ខ្លួន​សម្តែង​ខ្សែភាពយន្ត​ក្នុងស្រុក​យើង​បានតែ​រួចខ្លួន ដូច្នេះហើយ​លោក​ក៏​ទុក​ឱកាស​នេះ​ឱ្យ​ប្អូន​ជំនាន់​ក្រោយ​វិញ​ម្តង ពោលគឺ​លោក​នៅតែ​ទទួល​ថត​ការងារ​ពាក់ព័ន្ធ​នឹង​សង្គម រដ្ឋាភិបាល និង ស្ប៉ត​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ព្រោះ​ពេលនេះ ក្រៅពី​រវល់​នឹង​ការងារ​ក្រសួង​លោក​ក៏​ជាប់រវល់​គ្រប់គ្រង​ការសាងសង់​រមណីយដ្ឋាន​ភ្នំ​ខ្ពស់​នៅ​ខេត្តមណ្ឌលគិរី​របស់​ឯក​ឧ​ត្ត​ម វឿ​ង​ប្រយុទ្ធ​ផងដែរ ។

*​ប្រវត្តិ​គ្រួសារ​
​និយាយ​ពី​ប្រវត្តិ​គ្រួសារ​តារា​សម្តែង​ជើងចាស់ ឯកឧត្តម គន្ធ តារា​វណ្ណ បាន​ប្រាប់ថា លោក​មាន​ប្រពន្ធ​បួន​នាក់ ដោយ​ប្រពន្ធ​ទី ១ ជា​បុគ្គលិក​ពេទ្យ មានកូន​ម្នាក់ ប្រពន្ធ​ទី ២ ជា​អ្នករកស៊ី មានកូន​បីនាក់ ប្រពន្ធ​ទី​៣ មេផ្ទះ មានកូន​៤​នាក់ និង ប្រពន្ធ​ទី ៤ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន មានកូន ២ នាក់​។ ប៉ុន្តែ​ប្រពន្ធ​ទី​១ និង ទី ២ បាន​បែក​គ្នាច្រើន​ឆ្នាំ​មកហើយ នៅពេលនេះ​ប្រពន្ធ​លោក​មានតែ​ពីរ​នាក់ និង នៅផ្ទះ​ផ្សេង​ពីគ្នា គឺ​ម្នាក់​នៅផ្ទះ​ផ្សារ​អូរឫស្សី ម្នាក់ទៀត​នៅផ្ទះ​ដេ​អិន ប៉ុន្តែ​ប្រពន្ធ​លោក​ទាំងពីរ​មិន​ដែលមាន​បញ្ហា​នឹង​គ្នា​ទេ ពោលគឺ​ពេល​ទៅណា​មក​ណា លោក​ក៏​តែង​នាំ​ពួកគាត់​ទៅ​ជាមួយគ្នា​ផងដែរ ៕​ ​ចន្ថា​






Related