ស្ត្រី​ស្រវឹងស្រា​នោម​ដាក់​ខោ ជេរប្រមាថ​មន្ត្រីនគរបាល ចាប់ខ្លួនបាន​ហើយ​

​ខេត្តបាត់ដំបង : ស្ត្រី​ដែល​ស្រវឹង​ជោក​ហើយ​នោម​ដាក់​ខោ និង​ជេរប្រមាថ​មន្ត្រីនគរបាល​នៅ​ស្រុក​សំពៅ​លូន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នា​រសៀល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​នេះ នៅ​ចំណុច ភូមិ​វាលវង់ ឃុំ​តា​ស្តារ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​សមត្ថកិច្ច​បាន​រៀបរាប់ថា ដំបូង​គេ​ឃើញ​មាន​រថយន្ត មួយគ្រឿង​ម៉ាក Audi Q7 ស៊េរី​ទំនើប ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-7576 បាន​បើកបរ​យ៉ាង​លឿន​ដោយ​ស្ត្រី​ម្នាក់​មានឈ្មោះ សូ ដា​ម៉ុ​ន  អាយុ​៤២​ឆ្នាំ ដែលជា​ស្ត្រី​មេម៉ាយ រស់នៅក្នុង​ស្រុក​សំពៅ​លូន​ដោយមាន​មុខរបរ​ជា​សំអាងការ​ផង និង​រកស៊ី​ផង ក្នុងទិសដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ដោយមាន​សភាព​រេ​ពេញ​ផ្លូវ​។ លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​នេះ​បាន​រេ​ចង្កូត ទៅបុក​អ្នកជិះ​កង់​ម្នាក់ ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។ ដោយឡែក​រថយន្ត​បង្កហេតុ បាន​ព្យាយាម​បើក​រត់​គេចចេញ ពី​ចំណុចកើតហេតុ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច មូលដ្ឋាន​តាម​ប្រមាញ់ និង​ឃាត់​បាន​ភ្លាមៗ​តែម្តង​។

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា ស្ត្រី​រូបនោះ​កំពុង​ត្រូវបាន​កម្លាំង​របស់លោក បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ស្ត្រី​ស្រវឹងស្រា​នោម​ដាក់​ខោ ជេរប្រមាថ​មន្ត្រីនគរបាល ចាប់ខ្លួនបាន​ហើយ​