ប្តីរត់គេចខ្លួនយ៉ាងអាថ៌កំបាំង ក្រោយពេលដែលប្រពន្ធធ្លាក់ពីលើផ្ទះ ពាក់ព័ន្ធករណីសាហាយស្មន់

​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់ ត្រូវបាន​ញាតិ​ជិតខាង​អះអាងថា បាន​ដាច់ចិត្ត​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​ពី ជាន់​ទី​ពីរ​ព្រោះតែ ខឹង​ប្តី​ចោទ​មាន​សហាយ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​៦ ខែតុលា​ឆ្នាំ ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​១២១ ជាន់​ទី​ពីរ ផ្លូវ​១៩២Z ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ញាតិ​ជិតខាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​លោត​ពីលើផ្ទះ​សម្លាប់ខ្លួន​នោះ​មានឈ្មោះ ឃិន រដ្ឋា ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ផែស្ងួត​តេង​ឡាយ និង​ស្នាក់នៅ​ផ្ទះជួល​នៅ​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្លូវ​ពោធិ៍​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិសាត់ ចំណែក​ប្តី​របស់​ស្ត្រី​រងគ្រោះ​មានឈ្មោះ ផានី អាយុ​៣០​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​បន្ទាប់ពី​ប្រពន្ធ​លោត​សម្លាប់ខ្លួន​នោះ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា មុន​កើតហេតុ​គឺ​ជនរងគ្រោះ និង​ប្តី បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង​តាំងពី​ម៉ោង​១៩​យប់ ថ្ងៃ​ដដែល​នោះ ដោយ​ប្តី​ជនរងគ្រោះ​បាន​ចោទថា ប្រពន្ធ​លួច​មាន​ប្រុស​ថ្មី​ក្បត់​ខ្លួន​តែ​ជនរងគ្រោះ​បានប្រកែក​ថា មិនបាន​ក្បត់​ដូច​ពាក្យ​ប្តី​ចោទ​នោះទេ ហើយ​ការឈ្លោះប្រកែក​គ្នា នោះ​កាន់តែខ្លាំង​ឡើងៗ រហូតដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ជនរងគ្រោះ​បាន​លោត​ពីលើផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​បន្ទាប់ពី​ឃើញ​ប្រពន្ធ​របស់​ខ្លូន បាន​លោត​សម្លាប់ខ្លួន​ហើយ ប្តី​រូប​នោះបាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ផដែរ​។​

​បន្ទាប់ពី​លោត​សម្លាប់ខ្លួន​ហើយ សព​ត្រូវបាន​ដឹក​ទៅ​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ប្តីរត់គេចខ្លួនយ៉ាងអាថ៌កំបាំង ក្រោយពេលដែលប្រពន្ធធ្លាក់ពីលើផ្ទះ ពាក់ព័ន្ធករណីសាហាយស្មន់