ដំណាំ​ពុទ្រា​ហុច​ផ្កា​ផ្លែ​ល្អ កសិករ​មាន​ជីវភាព​ធូរធារ​

Sanofi

ប្រជាកសិករ​នៅ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ខា្ន​ច​ខាងត្បូង និង ភូមិ​ថ្នល់​បត់ នៃ​ខេត្ត កំពង់ស្ពឺ និង ខេត្ត​ដែលមាន​ព្រំប្រទល់​ជិតគ្នា ក្រៅពី​របរ​ធ្វើស្រែ​ពួកគេ​កំពុង​ពេញនិយម​ដាំ​ពុទ្រា​គីឡូ​ប្រភេទ​ផ្លែ​ធំ​ទុក​សម្រាប់​លក់​។ កសិករ អោម រឿន អ្នក​ដាំ​ពុទ្រា​ម្នាក់​ដ៏​លេចធ្លោ​ជាងគេ​ប្រចាំ​ភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​ភូមិ​របស់គាត់​មាន​ប្រជាកសិករ​ដាំ​ពុទ្រា​ចំនួន ១៨ គ្រួសារ ហើយ​ពួកគេ​ទើបតែ​ផ្អើល​នាំគ្នា​ដាំ​បន្ថែម​មុខរបរ​នេះ​បាន​ចំនួន ៥ ឆ្នាំ​មកហើយ ។ មុនដំបូង​មាន​ដាំ​តែ​បី​ទៅ​បួន​គ្រួសារ​ប៉ុណ្ណោះ ព្រោះតែ​បាន​ជោគជ័យ រកប្រាក់​បាន​ច្រើន ធ្វើ​ឲ្យ​ជីវភាព​គ្រួ​សារបាន​ធូរធារ ក្រោយមក​ក៏​នាំគ្នា​ដាំ​ច្រើន​គ្រួសារ ហើយ​សុទ្ធតែ​បានទទួល​ផល​ល្អ​ដូចៗ​គ្នា ។ តាមពិត​ពួកគេ​មិនមាន​ដី​ធំៗ​នោះឡើយ ហើយ​ដាំ​នៅតាម​ជុំវិញ​ផ្ទះ​ប៉ុណ្ណោះ ក្នុង​មួយ​គ្រួសារ​មាន​ដើម​ពុទ្រា​ប្រមាណ​ជា​ពី ១០០ ដើម​ទៅ ១៥០ ដើម​ប៉ុណ្ណោះ តែ​វា​ផ្តល់ប្រាក់​ចំណូល​ច្រើន​ហួស​ពី​ការ​ស្មាន ។

ដោយឡែក​សម្រាប់​គាត់​វិញ​ដាំ​បាន​ពីរ​ចម្ការ​ដែរ ដោយ​ចម្ការ​មួយ​នៅ​ជិត​ផ្ទះ​មួយទៀត​នៅ​ឆ្ងាយ​ពី​ផ្ទះ​សរុប​ទាំងពីរ​ចម្ការ​មាន​ដើម​ពុទ្រា ចំនួន ១២០ ដើម ។ ចម្ការ​ពុទ្រា​ពីរ​កន្លែង​នេះ​គាត់​ដាំ​មុន​ក្រោយ​គ្នា ហើយ​មាន​ពុទ្រា​ពីរ​ប្រភេទ​គឺ ពុទ្រា​ផ្អែម និង ពុទ្រា​ជូរ ។ ប្រជាកសិករ​អ្នក​ដាំ​នៅ​ម្តុំ​នេះ​សុទ្ធតែ​ទិញ​ពូជ​ពុទ្រា​ពី​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដូចៗ​គ្នា មួយ​កូនដើម​ពុទ្រា​មានតម្លៃ ២ ០០០ រៀល សម្រាប់​ពុទ្រា​ផ្អែម ឯ​ពុទ្រា​ជូរ​មួយ​ដើម​តម្លៃ ៤ ០០០ រៀល ។ បានន័យថា ពួកគេ​មាន​បច្ចេកទេស​ដាំ​យកតែ​ផ្លែ​លក់​ប៉ុណ្ណោះ ឯ​ការផលិត​ពូជ​វិញ​ពួកគេ​មិន​ជំនាញ​ឡើយ គឺ​ត្រូវ​ទិញ​ពី​គេ ហើយ​មួយទៀត​ពុទ្រា​មិនសូវ​ជា​ចំណាយ​ដើមទុន​ច្រើន​ប៉ុន្មាន​នោះទេ ។​ ​កសិករ អោម រឿន បាន​រៀបរាប់​បន្តទៀតថា តាមពិត​ដំណាំ​ពុទ្រា​មិន​ពិបាក​ដាំ និង ថែទាំ​ឡើយ តែ​ទោះបីជា​យ៉ាងណា​ក៏មាន​បច្ចេកទេស​ក្នុង​ការដាំ​ខុសគ្នា​ដែរ អាស្រ័យទៅលើ​ការនឹកឃើញ ហើយ​បាន​ផល​ដូចគ្នា ។

ចំពោះ​គាត់​វិញ​គ្រាន់តែ​កាប់​រណ្តៅ​បួន​ជ្រុង​ទំហំ ៣ តឹក ចំណែក​ជម្រៅ​វិញ ៣ តឹក​ដូចគ្នា ប្រើ​ជី​អាចម៍គោ និង ដីដំបូក​ទ្រាប់​បាត ឬ ថែម​ជីគីមី​ទៀត​ក៏បាន រួច​ទើប​ដាំ​កូន​ពុទ្រា​ដែល​ទិញ​ពី​គេ​មក​នោះ ដោយ​ឃ្លាត​ពីគ្នា​ប្រហែល​ពីរ​ម៉ែត្រ​កន្លះ ។ ក្រោយពី​ដាំ​ហើយ​រយៈពេល​ប្រហែល​មួយខែ ទើប​គាត់​ភ្ជួរ​ហែក​ដី​កាត់​លើក​ធ្វើជា​រង ហើយ​មាន​ជីក​ជា​ជ្រលង​សម្រាប់​ដាក់​ទឹក​ឲ្យ​ត្រជាក់​គល់​ផងដែរ​នៅតាម​ចន្លោះ​រង​នីមួយៗ ។ ក្រោយពី​ដាំ​បានតែ ៣ ខែ​ប៉ុណ្ណោះ ពុទ្រា​នឹង​ចេញ​ផ្កា​ផ្លែ​ធំ​ថ្លោស​ប៉ុនៗ​មេជើង​ប្រកបដោយ​រសជាតិ​ស្រួយ​ឆ្ងាញ់​ទៅតាម​ប្រភេទ​របស់​វា ។ រាល់ពេល​កំពុង​ផ្កា​ផ្លែ​យើង​មាន​វិធី​ថែទាំ ដើម្បី​ការពារ​កុំឱ្យ​សត្វ​ដង្កូវ​បំផ្លាញ ដោយ​ការបាញ់​ថ្នាំ ។ មួយ​សប្តាហ៍​ក្រោយមក​ជាតិ​ថ្នាំ​ក៏ត្រូវ​សាប​អស់ ហើយ​ស្របពេល​ផ្លែ​ពុទ្រាធំៗ​ល្អ​ផង​នោះ យើង​អាច​បេះ​ប្រមូល​ផល​យកទៅ​លក់បាន ។ ជា​រៀងរាល់​សប្តាហ៍​គាត់​ប្រមូល​ផល​ផ្លែ​ពុទ្រា​ចំនួន ៣ ថ្ងៃ ជា​អចិន្ត្រៃយ៍​គឺ​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង ថ្ងៃអាទិត្យ ហើយ​ទទួលបាន​ផ្លែ​ទម្ងន់ ២៥០ គីឡូក្រាម ។

ទោះបីជា​យើង​បេះ​យ៉ាងណាក៏ដោយ​ក៏​មិនចេះ​អស់​ដែរ ព្រោះ​នៅមាន​ផ្កា​ផ្លែ​ច្រើន​ស្អេកស្កះ​ជា​បន្តបន្ទាប់​គ្រប់​រដូវ​កាល ហើយ​មួយ​ដើមៗ​បេះ​ម្តង​បាន​ចំនួន ៤ គីឡូក្រាម តែ​លុះដល់​ខែមករា​យើង​ត្រូវ​កាប់​មែក​ចោល​ជានិច្ច ទុក​តែ​គល់ ហើយ​ត្រូវ​លាប​កំបោរ​ស​ត្រង់​កន្លែង​កាប់​នោះ ដើ​ម្ប​ឱ្យ​ឆាប់​ដុះ​មែក​ថ្មី​វិញ​ក្នុង​រយៈពេល​តែ​កន្លះ​ខែ វា​នឹង​ដុះ​មកវិញ ។ក្នុង​មួយ​ដើមៗ បើ​ដុះ​បែកមែក​ច្រើន​យើង​ត្រូវ​កាប់​មែក​ចោល​ខ្លះ​ទុក​តែ​បី​ទៅ​បួន​មែក​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​ពុទ្រា​ឆាប់​ផ្លែ ។​ ​ពុទ្រា​ជា​រុក្ខជាតិ​ធន់​នឹង​អាកាសធាតុ​ណាស់​មិន​ងាយ​ងាប់​ឡើយ តែបើ​យើង​ដាំ​ចោល​មិន​ថែរក្សា​ទេ ក៏​វា​មិនសូវ​បាន​ផល​ដែរ វា​ធ្វើ​ឲ្យ​ផ្លែ​តូចៗ​ល្អិត​មិនសូវ​ធំ​ថ្លោស ទោះបីជា​យ៉ាងណា​ខែ​ដែល​គ្មាន​ភ្លៀង​ធ្លាក់​យើង​ត្រូវ​ប្រើ​ម៉ាស៊ីនបូមទឹក​ដាក់​តាម​គល់ ចំណែក​ខែ​មាន​ភ្លៀង​វិញ​យើង​មិនបាច់​ហត់នឿយ​ឡើយ ។​ ​

អ្នក​មីង សាំង ហៀ​ង ជា​អ្នកលក់​ពុទ្រា​នៅតាម​ផ្លូវជាតិ​លេខ ៣ ជិត​ផ្សារ​ថ្នល់​បត់ មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា គាត់​រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។​គាត់​បាន​និយាយថា ខាងលិច​ផ្លូវ​ជា​ទឹកដី​ខេត្តកំពង់ស្ពឺ ចំណែក​ខាងកើត​ផ្លូវ​វិញ​ជា​ទឹកដី​ខេត្តតាកែវ ដែល​ពុះ​ចែក​ដោយ​ផ្លូវជាតិ ។ គាត់​លក់​ផ្លែ​ពុទ្រា​នៅទីនេះ​ជិត ៥ ឆ្នាំ​មកហើយ ភាគច្រើន​គាត់​ដាំ​ខ្លួនឯង ហើយ​និង​ទទួល​ទិញ​ពី​គេ​យកមក​លក់​ខ្លះ ។ ផ្លែ​ពុទ្រា​ដែល​គាត់​យក​ពី​គេ​មក​លក់​នេះ​គឺ មួយ​គីឡូក្រាម​ថ្លៃ ៤ ៥០០ រៀល សម្រាប់​ផ្លែ​ពុទ្រា​ដែលមាន​រសជាតិ​ផ្អែម ។ ចំណែក​ផ្លែ​ពុទ្រា​ដែលមាន​រសជាតិ​ជូរ​វិញ មានតម្លៃ​ថ្លៃ​ជាងគេ​គឺ ៥ ៥០០ រៀល ក្នុង​មួយ​គីឡូក្រាម ។ ពេល​លក់​ទៅវិញ គាត់​អាច​លក់បាន​តម្លៃ​មួយ​គីឡូក្រាម ៥ ០០០ រៀល សម្រាប់​ពុទ្រា​ផ្អែម ហើយ​សម្រាប់​ពុទ្រា​ជូរ​វិញ​អាច​លក់បាន ៦ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម ទាំង​ផ្លែ​ពុទ្រា​យកមក​ពី​គេ និង ពុទ្រា​របស់​ខ្លួនឯង ។

ភាគច្រើន​ពុទ្រា​ជូរ​លក់ដាច់​ច្រើនជាងគេ ហើយ​បានទទួល​អតិថិជន​ច្រើនតែ​ថ្ងៃ​ចុង​សប្តាហ៍​គឺ​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ដោយ​ក្នុង​មួយថ្ងៃ​អាច​លក់បាន​ប្រាក់​ចំនួន ១០០​ដុល្លារ ថ្ងៃ​ក្រៅពីនោះ​អាច​លក់បាន​ប្រាក់​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ ។ ពុទ្រា​លក់​នៅទីនេះ​មាន​គ្រប់​រដូវ​កាល​មិនដែល​សល់​ចោល​ឡើយ​គឺ​លក់ដាច់​អស់រលីងៗ ហើយ​អតិថិជន​ភាគច្រើន​ជា​អ្នកដំណើរ​ជិត ឆ្ងាយ ដែល​ធ្វើដំណើរ​តាម​យានយន្ត​តាមផ្លូវ​ជាតិ​លេខ ៣ នេះ ។ ចាប់តាំងពី​ប្រក​បរបរ​ដាំ​ពុទ្រា​គីឡូ​នេះ​លក់​ពេលណា​មក ធ្វើឱ្យ ជីវភាព​គ្រួសារ​របស់គាត់​ក៏​ដូច​អ្នក​ដាំ​ឯទៀត​ដែរមាន​ជីវភាព​ធូរធារ​ឡើងជា​លំដាប់គឺ​មិនចាំបាច់​ចេញទៅ​រកប្រាក់​នៅ​ស្រុក​ឆ្ងាយ​ឡើយ៕










Related